អាមេរិក៖ អតីតមន្ត្រីក្រសួងយុត្តិធម៌ម្នាក់ដែលបម្រើការក្នុងអាណត្តិរដ្ឋបាលរបស់លោកអូបាម៉ា បានថ្លែងថាបណ្តាប្រទេសសហគមអឺរ៉ុបត្រូវតែស្ម័គ្រចិត្តឆ្លើយតបដោយប្រើអំណាចទៅនឹងកិច្ចខិតខំប្រឹងពីសំណាក់រុស្ស៊ីឬអ្នកមួយចំនួនទៀតដែលប្រើការវាយប្រហារតាមប្រព័ន្ធអ៊ីនធើរណេតជ្រៀតជ្រែកក្នុងការបោះឆ្នោត។
អតីតជំនួយការមេធាវីលោក John Carlin ដែលបម្រើការផ្នែកសន្តិសុខជាតិនៅក្រសួងយុត្តិធម៌និងជាអ្នកមើលការខុសត្រូវលើការតាមដានបទល្មើសឧក្រិដ្ឋកម្មអ៊ីនធើរណេតបានថ្លែងថាសហរដ្ឋអាមេរិកមិនទាន់បានធ្វើឲ្យអ្វីដែលគ្រប់គ្រាន់នឹងឲ្យក្រុមជនខិលខូចញញើតឬរារែកចិត្តក្នុងការ Hack និងជ្រៀតចូលអ៊ីម៉ែលរបស់គណៈបក្សប្រជាធិបតេយ្យក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦នោះឡើយ ។
លោក Carlin បានថ្លែងនៅក្នុងកិច្ចពិភាក្សាក្របខ័ណ្ឌគណៈវិនិច្ឆ័យស្តីអំពីការ Hack ការបោះឆ្នោតនៅក្នុងសន្និសិទ RSA cybersecurity ថាអ្វីដែលយើងបានធ្វើនោះគឺយឺតពេលហើយ ។ យើងមិនបាននាំមកនូវការធ្វើឲ្យឧក្រិដ្ឋជនមានការរុញរាអំពីការជ្រៀតចូលវាយប្រហារបណ្តាញអ៊ីនធើរណេតនោះឡើយ ។
សហគមស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានថ្លែងថាការវាយប្រហារចូលបណ្តាញអ៊ីនធើរណេតដែលពាក់ព័ន្ធនិងការបោះឆ្នោតនេះត្រូវបានធ្វើឡើងដោយរុស្ស៊ីដើម្បីនឹងរំខានដល់ការបោះឆ្នោតក៏ដូចជាជួយដល់លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនមកពីបក្សសាធារណរដ្ឋឈ្នះឆ្នោត ។ តាមដែលគេដឹងមកថារុស្ស៊ីបានបដិសេធចំពោះការចោទប្រកាន់នេះ។
ជាមួយគ្នានោះដែរអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលមកពីបក្សប្រជាធិបតេយ្យបានប្រកាសកាលពីចុងខែធ្នូថាលោកបាននិងកំពុងបង្គាប់ឲ្យបណ្តេញចេញនូវជនជាតិរុស្ស៊ីចំនួន៣៥នាក់ដែលជាប់សង្ស័យថាជាអ្នកស៊ើបការណ៍ហើយថែមទាំងបានដាក់ទណ្ឌកម្មលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីពីរទៀតផង ។ វិធានការណ៍នេះបានកើតឡើងជិតពីរខែប៉ុណ្ណោះក្រោយការបោះឆ្នោតដែលជាលទ្ធផលឃើញថាលោកត្រាំ ជាអ្នកឈ្នះឆ្នោតលើបក្សប្រជាធិបតេយ្យរបស់លោកស្រី Hillary Clinton ។
អ្វីដែលជាការកត់សម្គាល់នោះគឺលោក Carlin បានថ្លែងថាមុនការបោះឆ្នោតវាគឺជារឿងសំខាន់ដែលមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេវាថែមទាំងដៃគូដទៃទៀតដូចជាអាល្លឺម៉ង់ បារាំងក៏ចាំបាច់ត្រូវច្បាស់អំពីអ្វីដែលស្ថិតនៅក្នុងខ្សែបន្ទាត់ក្រហមនេះ ជាក់ស្តែងក្នុងឆ្នាំ២០១៧បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបដូចយ៉ាងបារាំង អាល្លឺម៉ង់ និងហូឡង់បានកំណត់កាលបរិច្ឆេទប្រារព្ធការបោះឆ្នោតរួចទៅហើយ ។
គួររំលឹកថាលោក John Carlin បានលាឈប់ពីតំណាងនៅក្រសួងយុត្តិធម៌កាលពីខែតុលាឆ្នាំ២០១៦ ហើយថ្មីៗនេះបម្រើការងារជាអ្នកគ្រប់គ្រងវិបត្តិនិងហានិភ័យក្របខ័ណ្ឌពិភពលោកនៅក្រុមហ៊ុនច្បាប់ Morrison & Foerter LLP ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា