Thursday, October 24, 2024
Homeព័ត៌មានជាតិជួយផង! ភ្នំល្ងៀង ជិតរលាយហើយ!

ជួយផង! ភ្នំល្ងៀង ជិតរលាយហើយ!

ខេត្តកំពត ៖ ប្រជាពលរដ្ឋនៅក្នុងឃុំស្ដេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត បានស្រែកសុំលោកអភិបាលខេត្ត ម៉ៅ ធនិន ជួយផង! ភ្នំល្ងៀង ដែលស្ថិតនៅក្នុងឃុំស្ដេចគង់ ជិតរលាយហើយ ដោយសារឈ្មួញ យកគ្រឿងចក្រកាយដីភ្នំ យកអាចម៍ដីទៅលក់យ៉ាងអនាធិបតេយ្យ ហើយមន្ត្រីជំនាញ និងអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់ មិនឃើញមានចំណាត់ការអ្វីសោះ ។

យោងតាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា ភ្នំល្ងៀង ដែលស្ថិតនៅឃុំស្តេចគង់ ស្រុកបន្ទាយមាស ខេត្តកំពត បានរងការកាយយកអាចម៍ដីទៅលក់ យ៉ាងអនាធិបតេយ្យ ដោយអាជ្ញាធរមូលដ្ឋាន មិនអើពើចាត់វិធានការទប់ស្កាត់ ខណៈដែលមន្ត្រីជំនាញ ចាត់ទុកកន្លែងនេះជាឆ្នាំងបាយ បានគប់គិតជាមួយឈ្មួញ បំផ្លាញភ្នំល្ងៀង ឲ្យរលាយ នៅពេលដ៏ឆាប់ខាងមុខ ប្រសិនបើពុំមានការទប់ស្កាត់ទាន់ពេលទេនោះ ។ ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋ សូមស្នើសុំទៅលោកម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជួយចាត់មន្ត្រីជំនាញ ឱ្យចុះពិនិត្យមើលជាក់ស្ដែង និងមានវិធានការទប់ស្កាត់ផង ព្រោះបើបណ្ដោយឲ្យឈ្មួញកាយដឹកអាចម៍ដីដោយខុសច្បាប់បែបនេះតទៅទៀត ភ្នំល្ងៀង នឹងរលាយឆាប់មិនខាន ។ មិនខុសអីពីករណីភ្នំឈើកាច់ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ដែលទោះបីជារាជរដ្ឋាភិបាលគ្រោងកែប្រែតំបន់ភ្នំឈើកាច់ បាភ្នំ ជាទីតាំងបេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ ក៏ភ្នំនេះត្រូវបានគេកាយយកអាចម៍ដីស្ទើរតែរលាយអស់ទៅហើយផងដែរ។

ប្រភពខាងលើ បានបន្តថា សកម្មភាពកាយដីនៅចំណុចភ្នំល្ងៀង នេះ បានកើតឡើងជាយូរមកហើយ ហើយថែមទាំងបើកចំហទៀតផង ដែលអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវ សុទ្ធតែបានឃើញច្បាស់នឹងភ្នែក ហើយអាជ្ញាធរនិងមន្ត្រីជំនាញ ក៏បានឃើញដែរ ប៉ុន្តែបិទភ្នែក បិទត្រចៀក ធ្វើមិនឃើញ មិនឮនឹងការស្រែកតវ៉ារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យថែរក្សាធនធានធម្មជាតិមួយនេះ ឲ្យបានគង់វង្ស  ដែលប្រជាពលរដ្ឋសង្ស័យថា អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ទំនងជាខ្លាចអំណាចថៅកែគ្រឿងចក្រកាយភ្នំនេះ ឬក៏បានសើមមាត់សើមក ពីឈ្មួញទុច្ចរិត យកលុយបាំងភ្នែក ទើបមើលមិនឃើញគ្រឿងចក្រកាយដីភ្នំល្ងៀង និងឡានដឹកដីគគ្រឹកគ្រេង។

ជុំវិញព័ត៌មាន និងសំណូមពររបស់ប្រជាពលរដ្ឋ នៅឃុំស្តេចគង់ ស្រុកបន្ទាយមាស ខាងលើនេះ “ នគរធំ”  បានទាក់ទងទៅលោកនូរ ច័ន្ទដា អភិបាលស្រុកបន្ទាយមាស ដើម្បីសុំការបំភ្លឺ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ហើយត្រូវបានលោកអភិបាលស្រុក បញ្ជាក់ថា ករណីនេះ ជារូបភាពសកម្មភាពកាលពីឆ្នាំមុន ឯមកដល់ពេលនេះ ជារដូវមានភ្លៀង គ្រឿងចក្រមិនអាចកាយកើតទេ ហើយលោកក៏មិនបានអនុញ្ញាតឲ្យដែរ បើទោះបីការកាយនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវក៏ដោយ ។

លោកនូរ ច័ន្ទដា បានមានប្រសាសន៍ថា “រឿងហ្នឹងបើចង់ដឹង អាចចុះមើលបាន ។ អាហ្នឹង (រូបភាព) តាំងពីឆ្នាំមុនម្ល៉េះ ដល់ពេលអ្នកផុសៗបន្តបន្ទាប់ទៀត ឲ្យទៅតាមហ្នឹងចុះ អរគុណណា! ព្រោះអីគេមានច្បាប់ មានទម្លាប់ អ៊ីចឹងអរគុណ ។ និយាយទៅ មកដល់ឥឡូវ ការកាយ អត់មានទៀតទេ ខ្ញុំមិនឲ្យកាយទេ ព្រោះអីខែហ្នឹង ខែវស្សា កាយទៅលក់ឯណាកើត! បើកាលនៅពីប្រាំងមុននោះ បានគេកាយ ឥឡូវគ្មានកាយផង សុទ្ធតែរឿងចាស់ៗទេ អរគុណណា!“ ។

ដោយឡែក ប្រភពមួយទៀត បានបញ្ជាក់ថា ភ្នំល្ងៀង ដែលជាសម្បត្តិរបស់រដ្ឋ នឹងត្រូវរលាយនៅពេលឆាប់ៗខាងមុខនេះ ដោយស្នាដៃលោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ គ្មានវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលា។ ប្រភពដដែលនេះ បន្តថា គ្រឿងចក្ររបស់លោក នាក់ ឌឹម អធិការស្រុកបន្ទាយមាស បានកាយយកថ្មក្រួសសក្រហម ជាច្រើនឆ្នាំមកហើយ មិនឃើញមានអ្នកណាមកហាមឃាត់នោះទេ ទំនងក្រុមមន្រ្តីពាក់ព័ន្ធទាំងនោះ ខ្លាចអំណាច ឬក៏ត្រូវដងត្រូវផ្លែគ្នាផងក៏ថាបាន។

ចំណែកប្រភពពីមន្រ្តីសាលាស្រុកបន្ទាយមាស សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា លោកអធិការនគរបាលស្រុកបន្ទាយមាស នាក់ ឌឹម មិនត្រឹមតែកាយភ្នំល្ងៀង នោះទេ ថែមទាំងប្រពន្ធរបស់លោក មានក្រុមហ៊ុនដេញផ្លូវគម្រោងមូលនិធិឃុំ-សង្កាត់ ឈ្មោះក្រុមហ៊ុនអាន់លីណា ដើរដេញថ្លៃពេញខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជារៀងរាល់ឆ្នាំ។ រាល់ពេលដេញថ្លៃគម្រោងតាមឃុំ-សង្កាត់ម្តងៗ គេតែងតែឃើញលោកអធិការរូបនេះ ជិះរថយន្តអង្គភាព ជូនប្រពន្ធរបស់លោកទៅដេញថ្លៃ ចំណែករថយន្តអង្គភាព តែងតែយកទៅលាក់តាមប៉ុស្ដិ៍រដ្ឋបាលដែលនៅក្បែរៗសាលាឃុំ។ ក្រុមមន្ត្រីដដែល បានឲ្យដឹងទៀតថា បើក្រុមហ៊ុនប្រពន្ធលោកអធិការខាងលើ ដេញថ្លៃបានធ្វើផ្លូវនៅខេត្តកំពត គឺចំណេញកប់ក្ដោង ព្រោះវត្ថធាតុដើម ជាដីក្រហម ជាក្រួសក្រហម និងថ្ម របស់លោកអធិការស្រាប់ នៅលើភ្នំល្ងៀង នេះតែម្ដង មិនចាំបាច់ចំណាយលុយទៅទិញពីការដ្ឋានផ្សេងៗ ដែលគេមានអាជ្ញាបណ្ណ័ត្រឹមត្រូវនោះឡើយ នេះហើយរបៀបធ្វើនំអត់ប្រើម្សៅ គឺកាយភ្នំរដ្ឋ យកទៅធ្វើផ្លូវរដ្ឋ ហើយបើកលុយពីរដ្ឋ ក្លាយជាសេដ្ឋី។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានទេ កាលពីម្សិលមិញ។ ប៉ុន្តែថ្មីៗនេះ លោកអធិការ បានឆ្លើយបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គ្រឿងចក្ររបស់លោក មិនបានកាយភ្នំល្ងៀង នោះទេ គឺកាយដីមានប្លង់ ព្រោះប្រជាពលរដ្ឋលក់ឲ្យ ។

ចំណែកលោកអភិបាលស្រុក នូរ ច័ន្ទដា បានមានប្រសាសន៍បន្ថែមលើករណីនេះថា “ ទេ! អាហ្នឹងគេចេះតែថា ធម្មតាគាត់ (លោកនាក់ ឌឹម) គាត់មានក្រុមហ៊ុនរបស់ប្រពន្ធគាត់ ឬមួយម៉េចអីម៉េច ខ្ញុំអត់ទាន់ដឹងទេ ប៉ុន្តែអត់មានឈ្មោះថា របស់អធិការទេ ប៉ុន្តែវាមានឈ្មោះក្រុមហ៊ុនគេផ្សេងៗ“ ៕ កុលបុត្រ

RELATED ARTICLES