Saturday, November 23, 2024
Homeព័ត៌មានជាតិពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន រៀបចំនៅខេត្តសៀមរាប ថ្ងៃ២៦-២៧ តុលា

ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន រៀបចំនៅខេត្តសៀមរាប ថ្ងៃ២៦-២៧ តុលា

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណឆាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

សេចក្តីជូនដំណឹងក្រសួងទេសចរណ៍ ស្តីពីការរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានខ្លឹសារទាំងស្រុងថា «ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជ្រាបថា ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូប អាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដែលមានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជា និងចិន ចំនួនប្រមាណ១០០ស្តង់។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏នឹងរៀបចំសិក្ខាសាលាម្ហូបអាហារ (Gastronomy Conference) ក្រោមប្រធានបទ “Good Food for All” ដែលមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធស្តីពីម្ហូប អាហារកម្ពុជា និងចិន។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យទេសចរណ៍ រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ព្រមទាំងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” សំដៅទាក់ទាញទេសចរនិងវិនិយោគិនចិន ឱ្យមកទស្សនានិងវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយអំពីពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) ខាងលើនេះ ឱ្យបានទូលំទូលាយ សំដៅទាក់ទាញការចូលរួមឱ្យបានច្រើនកុះករ ព្រមទាំងបង្កើនចំណាប់អារម្មណ៍ភ្ញៀវទេសចរនិងវិនិយោគិនចិន ឱ្យមកទស្សនានិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនថែមទៀត។

សូមទំនាក់ទំនងចុះឈ្មោះចូលរួមពិព័រណ៍ខាងលើ តាមរយៈទូរស័ព្ទលេខ ០៩៣ ៩៣៣ ៩៨២ (WeChat) ឬអ៊ីម៉ែល lycheaeng@yahoo.com»៕ ខៀវទុំ

RELATED ARTICLES