Saturday, November 23, 2024
Homeព័ត៌មានជាតិតុលាការដោះលែងអ្នកកាសែត ម៉ិច ដារ៉ា ក្រោយសុំទោសនាយករដ្ឋមន្រ្តី

តុលាការដោះលែងអ្នកកាសែត ម៉ិច ដារ៉ា ក្រោយសុំទោសនាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ លោក ម៉ិច ដារ៉ា អ្នកសារព័ត៌មានឯករាជ្យ ដែលត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានតុលាការ សម្រេចដោះលែងឱ្យនៅក្រៅឃុំ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោយពេលអ្នកសារព័ត៌មានរូបនេះ សរសេរលិខិត និងចេញវីដេអូសុំទោសសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរំលឹកថា លោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅក្នុងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានបង្ហោះនូវរូបថត និងដាក់ខ្លឹមសារថា «ការអភិវឌ្ឍដ៏អស្ចារ្យ» ដែលភ្ជាប់ជាមួយរូបថតកាយភ្នំមួយកន្លែង ដែលលោក ម៉ិច ដារ៉ា អះអាងថា មានទីតាំងនៅរមណីយដ្ឋានបាភ្នំ ក្នុងខេត្តព្រៃវែង ប៉ុន្តែភ្លាមៗនោះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ  បានចេញមកបំភ្លឺ និងចាត់ទុកការបង្ហោះរបស់លោក ម៉ិច ដារ៉ា ជាព័ត៌មានក្លែងក្លាយ។ ក្រោយការឃាត់ខ្លួន  តុលាការបានចោទប្រកាន់លោកម៉ិច ដារ៉ា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកណ្ដាល។

ក្រោយការជាប់ឃុំអស់ ៥៣ថ្ងៃ មកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក ម៉ិច ដារ៉ា បានសរសេរលិខិតនិងចេញវីដេអូសុំទោសចំពោះសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានសារភាពទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានបង្ហោះព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គម ហ្វេសប៊ុក ចំនួន៥លើក អំឡុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានសាកសួរបន្ថែមលើលោក ម៉ិច ដារ៉ា ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានរបស់គាត់ ក្នុងបណ្តាញសង្គម កន្លងមក ដែលតុលាការបានចោទពីបទញុះញង់។

នៅវេលាម៉ោង ១២និង២២នាទីរសៀល នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោក ម៉ិច ដារ៉ា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ចេញពីពន្ធនាគារខេត្តកណ្តាល បន្ទាប់ពីការសុំទោសរបស់លោក កាលពីយប់ថ្ងៃទី២៣ ខែតុលា ចំពោះសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោកម៉ិច ដារ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មានដែលចាំនៅខាងក្រៅពន្ធនាគារខេត្តកណ្តាល ថាលោកសប្បាយចិត្តដែលបាននៅក្រៅឃុំបណ្តោះអាសន្ន ហើយក៏សូមអរគុណដល់បងប្អូន មិត្តភក្តិ អង្គការជាតិនិងអន្តរជាតិ ព្រមទាំងប្រមុខថ្នាក់ដឹកនាំ ដែលបានជ្រោមជ្រែងដល់លោក ឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ន។

គួរបញ្ជាក់ថា នៅក្នុងលិខិត្តសុំទោស ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដែលសរសេរដោយផ្ទាល់ដៃ លោកម៉ិច ដារ៉ា បានបញ្ជាក់ថា “ខ្ញុំបាទឈ្មោះម៉ិច ដារ៉ា សុំធ្វើការសុំទោសចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការបង្ហោះរបស់ខ្ញុំបាទ ៖

-លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានចំណងជើងថា “ការរីកចម្រើន និងការអភិវឌ្ឍខ្លាំង ដែលមិនអាចប្រកែកបាន សូមជួយមើលអ្នកក្រផង“ ដោយភ្ជាប់ជាមួយរូបភាពឡាន ។

-លើកទី២ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានចំណងជើងថា “នៅស្រុកយើងអាចនៅបន្តដើរសេរី” ដោយភ្ជាប់ជាមួយរូបថតជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអូស្រ្តាលី ។

-លើកទី៣ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានចំណងជើងថា “មន្រ្តីស្រុករំដួលខ្លះចូលចិត្តបដិសេធនិងការពារអ្នកខុស ទាំងមិនទាន់ស៊ើបអង្កេត ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿ” និង “ ស្រុកគេវិញ គេនឹងធ្វើការស៊ើបអង្កេតចៅក្រមនិងតុលាការ ដែលបានសម្រេចរឿងក្ដីនេះ ដរាបទឹកលុយអាចបិទភ្នែកមនុស្ស យុត្តិធម៌ពិបាកនឹងទទួលបាន” ។

-លើកទី៤ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានចំណងជើងថា “ទោះសេដ្ឋកិច្ចធ្លាក់ចុះ និងប្រជាជនជួបការលំបាកយ៉ាងណាក្ដី កុំខ្វល់ ដោយសារប្រទេសយើងសម្បូរទៅដោយឡានទំនើប ជួយលើកមុខមាត់ប្រទេស” ដោយភ្ជាប់ជាមួយរូបថតឡានទំនើបក្នុងខេត្តសៀមរាប ។

-លើកទី៥ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានចំណងជើងថា “ការអភិវឌ្ឍដ៏អស្ចារ្យ” ដោយមានភ្ជាប់រូបថតរមណីយដ្ឋានបាភ្នំ ដែលបានវាយកម្ទេច ។

រាល់ការបង្ហោះទាំង៥ ខាងលើ គឺជាការបង្ហោះនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់សន្ដិសុខសង្គម និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ។

ខ្ញុំសូមសន្យាថា ឈប់បង្ហោះសារដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ដែលនាំឲ្យអាប់ឱនដល់កិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា“ ។

ចំណែកនៅក្នុងវីដេអូ រយៈពេលប្រមាណ១នាទី ស្ថិតក្នុងសម្លៀកបំពាក់អ្នកទោស លោកម៉ិច ដារ៉ា បានលើកម្រាមដៃ ១០ សំពះ និយាយសូមទោសមកកាន់ថ្នាក់ដឹកនាំយ៉ាងដូច្នេះថា «ខ្ញុំបាទសូមធ្វើការសុំទោសដល់ប្រមុខថ្នាក់ដឹកនាំទាំងពីររូប រួមមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសារដែលខ្ញុំបាទបានបង្ហោះកាលពីថ្ងៃទី២០ ថ្ងៃទី២៣ ថ្ងៃទី២៦ ថ្ងៃទី២៨ ថ្ងៃទី២៩ ។ រាល់សារដែលខ្ញុំបានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស ខ្ញុំបាទសូមធ្វើការសូមទោស និងសោកស្តាយចំពោះនូវកំហុសឆ្គងដែលរូបខ្ញុំបាទបានបង្ហោះ ហើយខ្ញុំបាទសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ» ៕ កុលបុត្រ

RELATED ARTICLES