Friday, November 22, 2024
Homeព័ត៌មានជាតិបក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី ប្រកាសបង្កើតចលនាតស៊ូ ផ្តួលរំលំរបបត្រកូលហ៊ុន

បក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី ប្រកាសបង្កើតចលនាតស៊ូ ផ្តួលរំលំរបបត្រកូលហ៊ុន

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបានប្រកាសបង្កើតចលនាតស៊ូ ផ្ដួលរំលំរបបត្រកូលហ៊ុន ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ថា ការចង់ផ្ដួលរំលំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យ ជាង៨០% នេះ វាហួសសម័យទៅហើយ គឺការគិតរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយម សម រង្ស៊ី វាគ្រាន់តែការយល់សប្ដិប៉ុណ្ណោះ មិនអាចក្លាយទៅជាការពិតទេ ហើយការបង្កើតរបស់ដែលហៅថា ចលនាតស៊ូណាមួយ មិនមែនទើបតែបង្កើតនៅពេលនេះទេ គឺបង្កើតច្រើនដងហើយ ចាប់តាំងពីឆ្នាំ២០១៣ មក រហូតដល់ចង់បង្កើតរដ្ឋាភិបាលស្រមោល ទៀតផង ។ ដូច្នេះក្នុងការប្រឆាំងតាមរូបភាពណាក៏ដោយ តាមអង្គការចាត់តាំងណាក៏ដោយ ដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់ទាំងអស់ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការចង់ផ្ដួលរំលំរាជរដ្ឋាភិបាល គណបក្សប្រជាជន ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យ ជាង៨០% នេះ វាហួសសម័យទៅហើយ ។ ដូច្នេះហើយការគិតរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយមនេះ វាគ្រាន់តែការយល់សប្ដិប៉ុណ្ណោះ មិនអាចក្លាយទៅជាការពិតទេ ហើយចំពោះការអនុវត្តកិច្ចព្រមព្រៀងនេះ គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ហើយដោយសារការអនុវត្តនេះហើយ បានយើងរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជន ហើយការកសាង អភិវឌ្ឍប្រទេសមានការរីកចម្រើន បើសិនណាជាគ្មានការអនុវត្តកិច្ចព្រមព្រៀងឲ្យរលូនទេ គឺថាយើងមិនអាចទទួលបានសមិទ្ធផលសង្គមជាតិ យ៉ាងដូច្នេះទេ ។ ហើយចំពោះគាត់ប្រើពាក្យអំពាវនាវឲ្យប្រជាពលរដ្ឋងើបឡើងធ្វើចលនាតស៊ូហ្នឹង យើងអាចនិយាយថា អ្នកនៅក្រៅស្រុក ដែលមិនយល់ពីសភាពការណ៍ពិតនៅកម្ពុជា គឺថាអាចដើរតាមការញុះញង់របស់មេឧទ្ទាមក្រៅច្បាប់នេះ ក៏ប៉ុន្តែសម្រាប់ប្រជាជននៅក្នុងប្រទេស ដែលមានជាង ១៧លាននាក់នេះ គឺថាមិនទៅតាមមេឧទ្ទាមក្រៅច្បាប់នោះទេ ។ ដូច្នេះដាច់ខាត មិនមានក្ដីសង្ឃឹមណាដូចការចង់បានរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នោះទេ ។ ឥឡូវចំពោះបទល្មើសហ្នឹង តុលាការកាត់ទោសឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ ជាប់គុក ជាង១៥០ឆ្នាំទៅហើយ ។ ដូច្នេះយើងមិនបាច់គិតអាហ្នឹងទៀតទេ ព្រោះឥឡូវទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ អាយុ៧៦ឆ្នាំហើយ ដូច្នេះមាននៅប៉ុន្មានទៀត?” ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះថា ការបោះឆ្នោតមិនសេរី មិនយុត្តិធម៌ ត្រឹមត្រូវ ដូច្នេះចង់បង្កើតឲ្យមានចលនាតស៊ូមួយ ដែលមិនត្រូវការឲ្យមានការបោះឆ្នោតលេងសើចនោះ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវបានវ៉ៃតម្លៃតាមរយៈអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ រាប់សែននាក់ ដែលបានចូលមកសង្កេតការណ៍ផ្ទាល់ ដល់ដំណើរការបោះឆ្នោត ចាប់តាំងពីការចុះឈ្មោះបោះឆ្នោត រហូតទៅដល់ដំណើរការបោះឆ្នោត និងបូកសរុបលទ្ធផលបោះឆ្នោត ។ ដូច្នេះហើយវាហួសសម័យហើយ ក្នុងការទាមទារឲ្យមានការបោះឆ្នោតណាមួយដែលថា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ។ ដូច្នេះសរុបមកវិញ គឺការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ មិនមែនស្ថិតនៅលើមាត់របស់មេឧទ្ទាមក្រៅច្បាប់ ជាទណ្ឌិតរត់ចោលស្រុកនោះទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “និយាយទៅ ចំពោះពាក្យដែលគាត់ថា បើរបបហ៊ុន សែន នេះ មិនយល់ព្រមរៀបចំការបោះឆ្នោត ដូចកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ នោះទេ ជនជាតិខ្មែរ ដែលស្រលាញ់សេរីភាពនិងយុត្តិធម៌ ត្រូវតែចូលរួមក្នុងចលនាតស៊ូ ដែលត្រូវបង្កើតនេះ ដើម្បីផ្តួលរំលំរបបផ្តាច់ការ ពុករលួយ និងក្បត់ជាតិ ដឹកនាំដោយត្រកូលហ៊ុន សែន ហើយដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ខ្ញុំចង់សង្កត់ធ្ងន់ទៅវិញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដើម្បីជ្រើសរើសមេដឹកនាំរបស់ប្រទេសកម្ពុជា នេះ ត្រូវបានប្រារព្ធធ្វើឡើង ៧លើករួចមកហើយ ។ ដូច្នេះហើយក្នុងការដែលដំណើរការបោះឆ្នោតទាំង៧លើក សុទ្ធតែមានការសង្កេតការណ៍ ត្រួតពិនិត្យពីអន្តរជាតិ ពីជាតិ គ្រប់មជ្ឈដ្ឋានទាំងអស់ ហើយទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត រាល់នីតិកាលនីមួយៗ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា «ដូច្នេះគឺការដែលចោទថា ការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ វាជាការហួសសម័យហើយ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហ្នឹង មិនអាចប្រែក្លាយការស្រមើស្រមៃរបស់ខ្លួន ទៅជាការពិតជាក់ស្ដែងនោះទេ ។ ដូច្នេះហើយការបង្កើតរបស់ដែលហៅថា ចលនាណាមួយ មិនមែនទើបតែបង្កើតនៅពេលនេះទេ គឺបង្កើតច្រើនដងហើយ ជាពិសេសចាប់តាំងពីឆ្នាំ២០១៣ មក គឺថាកើតតាំងពីសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ តាំងពីរហូតដល់ចង់បង្កើតរដ្ឋាភិបាលស្រមោល ឯណាទៀត គឺថាឥឡូវវាអត់មានទៅកើតរួចទេ ស្អីក៏ដោយ រូបភាពណាក៏ដោយ ក្នុងការប្រឆាំងតាមរូបភាពណាក៏ដោយ តាមអង្គការចាត់តាំងណាក៏ដោយ ដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់ទាំងអស់ ។ ដូច្នេះមិនអាចទៅរួចទេ គ្មានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅក្នុងប្រទេស គឺថាគេអត់មានការយកចិត្តទុកដាក់ចំពោះឧបាយកលទុច្ចរិតរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នោះទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមទៀតថា “ប៉ុន្តែបើមាននៅក្នុងប្រទេស គឺថា វាចាំបាច់ហើយ គឺថារាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺលោកថែរក្សាបានយ៉ាងគត់មត់នូវសន្តិភាព ស្ថិរភាពនយោបាយដែលរកបានដោយកម្រ ទៅតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហ្នឹងរួចហើយ ។ ដូច្នេះហើយ ប្រជាជន គ្មានអ្នកណាងាកទៅដើរតាមគន្លងប្រវត្តិសាស្រ្តដ៏ជូរចត់កន្លងទៅទេ ដែលកើតសង្រ្គាមតាំងពីឆ្នាំ១៩៧០ មក ។ ដូច្នេះហើយ ប្រជាជនបានឆ្លងកាត់នូវទុក្ខសោកនាដកម្មគ្រប់បែបយ៉ាងទាំងអស់ហើយ ចាប់តាំងពីឆ្នា១៩៧០ ។ ដូច្នេះហើយគឺថា មិនអាចប្រជាជនងាកទៅរកសង្រ្គាមបានទេ គឺថាគេទាំងអស់គ្នា អ្នកណាក៏ចង់បានសុខសន្តិភាពដែរ ។ ដូច្នេះហើយគឺថាការលើករបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិនេះ វាកាន់តែដើរផ្ទុយអំពីឆន្ទៈរបស់ប្រជាពលរដ្ឋ ។ ដូច្នេះមិនអាចចេញជាសាច់ការបានទេ“ ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេលលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងរស់និរទេសខ្លួននៅក្រៅប្រទេស បានប្រកាសថា ជនជាតិខ្មែរ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ ត្រូវតែចូលរួមក្នុងចលនាតស៊ូ ដែលត្រូវបង្កើតឡើង ដើម្បីផ្តួលរំលំរបបផ្តាច់ការ ពុករលួយ និងក្បត់ជាតិ ដឹកនាំដោយត្រកូលហ៊ុន (សម្តេចហ៊ុន សែន) ហើយដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ថា “ថ្ងៃ ២៣ តុលា ២០២៤ នេះ គឺជាខួបទី៣៣ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលបានចុះហត្ថលេខា ថ្ងៃ ២៣ តុលា ១៩៩១។

ជនជាតិខ្មែរគ្រប់គ្នា ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ ត្រូវយល់ថា របបហ៊ុន សែន ជាពិសេសត្រកូលហ៊ុន សែន មិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះទេ ពីព្រោះសន្ធិសញ្ញាអន្តរជាតិនេះ តម្រូវឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ត្រកូលហ៊ុន សែន ដឹងខ្លួនច្បាស់ថា បើមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌មែននោះ ពួកគេមិនអាចក្តោបក្តាប់អំណាចតទៅទៀតបានទេ ហើយនឹងធ្លាក់ពីតំណែងមួយរំពេច ក្រោយពីការបោះឆ្នោត ដែលតម្រូវដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ»។

លោកសម រង្ស៊ី សរសេរបន្តថា «ដូច្នេះយើងមិនត្រូវរង់ចាំការបោះឆ្នោត រៀបចំដោយរដ្ឋអំណាចសព្វថ្ងៃនេះទេ ពីព្រោះរាល់ការបោះឆ្នោត រៀបចំដោយរបបហ៊ុន សែន នេះ គឺជាការបោះឆ្នោតក្លែងបន្លំ ដើម្បីបំភ្លៃ និងរំលោភឆន្ទៈប្រជារាស្រ្តខ្មែរ ជារៀងរហូត។ យើងត្រូវតែរៀបចំឲ្យមានចលនាតស៊ូមួយ ដែលមិនត្រូវការឲ្យមានការបោះឆ្នោតលេងសើចទៀតទេ។ ចលនាតស៊ូនេះ ត្រូវបង្ខំឲ្យរបបហ៊ុន សែន រៀបចំការបោះឆ្នោតពិតប្រាកដ ត្រឹមត្រូវ ដោយមានការឃ្លាំមើល ពីសហគមន៍អន្តរជាតិ តាមរយៈអង្គការសហប្រជាជាតិ។ បើរបបហ៊ុន សែន នេះ មិនយល់ព្រមរៀបចំការបោះឆ្នោត ដូចកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ នោះទេ ជនជាតិខ្មែរ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ ត្រូវតែចូលរួមក្នុងចលនាតស៊ូ ដែលត្រូវបង្កើតនេះ ដើម្បីផ្តួលរំលំរបបផ្តាច់ការ ពុករលួយ និងក្បត់ជាតិ ដឹកនាំដោយត្រកូលហ៊ុន សែន ហើយដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា“ ៕ កុលបុត្រ

RELATED ARTICLES