Friday, November 22, 2024
Homeព័ត៌មានជាតិសមាគមឧកញ៉ា ប្រតិកម្មនឹងយុវតីប្រឆាំង ថាឧកញ៉ាស្រុកខ្មែរ មិនស្មើរោមមាន់

សមាគមឧកញ៉ា ប្រតិកម្មនឹងយុវតីប្រឆាំង ថាឧកញ៉ាស្រុកខ្មែរ មិនស្មើរោមមាន់

ភ្នំពេញ ៖ សមាគមឧកញ៉ាកម្ពុជា បានប្រតិកម្មនឹងយុវតីប្រឆាំង នៅប្រទេសជប៉ុន ដែលជាប្រធានបណ្ដាញយុវជនកម្ពុជាសកល ប្រចាំប្រទេសជប៉ុន និងជាអតីតសហការីលោកហៃ វណ្ណា អតីតប្រធានចលនាយុវជនសង្គ្រោះជាតិ ប្រចាំប្រទេសជប៉ុន ដែលបានប្រមាថឧកញ៉ាស្រុកខ្មែរ ថាមិនស្មើរោមមាន់ គ្រាន់តែពលរដ្ឋឮឈ្មោះឧកញ៉ា គេស្អប់ដូចអាចម៍។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាអ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ថា ការលើកឡើងរបស់យុវតីប្រឆាំង ខាងលើនេះ គឺជាការសម្ដែងមតិរបស់នាង ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ប៉ុន្តែការដែលថា ឧកញ៉ាស្រុកខ្មែរ មិនស្មើរោមមាន់ និងមិនស្មើរោមជើងអ្នកប្រឆាំងនោះ គឺជាការសម្ដែងមតិមិនត្រឹមត្រូវនោះទេ គឺគួរតែសំដៅលើរូបវន្តបុគ្គល ឬឧកញ៉ាមួយណា មិនមែនទូទៅទាំងអស់បែបនេះនោះទេ ។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍ថា “នេះប្រហែលជាជ្រុងមួយនៃការសម្ដែងមតិ តែធាតុពិតវាមិនមែនអ៊ីចឹងទេ ។ សម្រាប់ខ្ញុំ សម្រាប់គោរមងារឧកញ៉ា តាមដែលទទួលបានព្រះរាជទានពីព្រះមហាក្សត្រមក គឺមានន័យថា ឧកញ៉ា ជាងារមួយ ដែលប្រទានទៅដល់រូបវន្តបុគ្គល ដែលគាត់បានចូលរួមចំណែកក្នុងការជួយដល់សង្គម តាមរយៈការបរិច្ចាគថវិកា លះបង់ទ្រព្យសម្បត្តិរបស់ខ្លួនអីអ៊ីចឹង ដោយមានតម្លៃ ដូចបានចេញដោយអនុក្រឹត្យ បូកសរុបទៅ ស្មើនឹង៥០ម៉ឺនដុល្លារ ហើយមានមុខរបររកស៊ីត្រឹមត្រូវ ជួយបង្កើតការងារធ្វើអីជាដើម ហើយត្រូវបានរាជរដ្ឋាភិបាល តាមរយៈនាយករដ្ឋមន្រ្តី ហ្នឹងដាក់ស្នើទៅព្រះមហាក្សត្រ ដើម្បីសុំប្រទានគោរមងារឧកញ៉ាហ្នឹង ហើយនៅពេលដែលបានហ្នឹង ឧកញ៉ានោះ គាត់នៅតែបន្តការងារដូចខ្ញុំបានលើកឡើងអ៊ីចឹង ជួយសង្គមអីជាដើម ហើយដោយឡែក បើសិនជាថា គាត់ (យុវតីប្រឆាំង) ធៀបទៅនឹងបញ្ហាដូចបានលើកឡើងអីអ៊ីចឹងៗ (ឧកញ៉ាស្រុកខ្មែរ មិនស្មើរោមមាន់ និងមិនស្មើរោមជើងអ្នកប្រឆាំង) តើមិនដឹងថាគាត់ធៀបអ្នកណា? បើនិយាយជាទូទៅ មិនត្រូវទេ ព្រោះឧកញ៉ា មានច្រើន ហើយឧកញ៉ា ធ្វើអំពើល្អ ចូលរួមចំណែកក្នុងការអភិវឌ្ឍ ក៏ដូចជាការពារសង្គមហ្នឹងច្រើន តែបើនិយាយអ៊ីចឹង ខ្ញុំនៅគិតថា ជាជ្រុងមួយនៃការយល់ឃើញរបស់គាត់ទេ ហើយនិយាយរួមទៅ ដូចជាមិនត្រឹមត្រូវទេ“ ។

អ្នកឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍បន្តថា “បើយើងមើលទៅលើអ្វីដែលមានចែងនៅក្នុងអនុក្រឹត្យ គឺបានបញ្ជាក់ច្បាស់ណាស់ គឺជារូបវន្តបុគ្គលដែលបានចូលរួមចំណែក ។ និយាយរួមគឺជាអ្វីដែលខិតខំកសាង ហើយនិងរួមចំណែកហ្នឹង គឺជាអ្វីដែលល្អ ហើយបើយើងនិយាយថា ជាស្អីដែលមិនល្អ គឺភាពច្បាប់ គឺមិននិយាយអ៊ីចឹងទេ ហើយដោយឡែក បើថា មានបញ្ហាអីកើតឡើងដល់រូបវន្តបុគ្គលមួយណាផ្សេង ឈ្មោះអី អ៊ីចឹងយើងលើកឲ្យចំទៅ អាហ្នឹងត្រូវ តែបើសិនជាថាវ៉ៃមូល ហើយឲ្យតែឧកញ៉ា អាហ្នឹងដូចជាមិនត្រឹមត្រូវទេ ។ និយាយជារួម នៅកម្ពុជា មានឧកញ៉ាចំនួនច្រើនដែរ ហើយសិនជាយើងមើលឃើញថា មានឧកញ៉ាណាមួយមិនត្រឹមត្រូវ ឬក៏មានបញ្ហា អាហ្នឹងសំដៅទៅលើតើឧកញ៉ាហ្នឹងគាត់ឈ្មោះអី? គាត់បានធ្វើអំពើអីមិនត្រឹមត្រូវខ្លះ? តែនិយាយជារួម ឥឡូវ រាជរដ្ឋាភិបាល ក៏មិនគាំទ្រទៅដល់ជនខិលខូច ដែលគាត់ទទួលបានងារជាឧកញ៉ា គាត់ទៅធ្វើផ្ដេសផ្ដាស ក៏មិនគាំទ្រដែរ ហើយសមាគមឧកញ៉ា ក៏មិនគាំទ្រដែរ ។ អ៊ីចឹងគឺនឹងឈានទៅដល់ការស៊ើបអង្កេតរកមើលថា ពិតជាអ៊ីចឹងមែនអត់? ហើយបើពិតទេ យើងស្នើសុំបញ្ចប់គោរមងារឧកញ៉ាហ្នឹងឯង អាហ្នឹងអ៊ីចឹង តែចំពោះការសន្និដ្ឋានរបស់ប្រជាពលរដ្ឋ ដែលគាត់យល់ឃើញថា មិនល្អ មិនអីហ្នឹង គឺគួរតែសំដៅទៅលើរូបវន្តបុគ្គលដែលមានងារជាឧកញ៉ាមួយណាឲ្យច្បាស់ទៅ អាហ្នឹងនិយាយអ៊ីចឹងទៅ បានជាយើងវាមានសីលធម៌ មានប្រពៃណី ទំនៀមទម្លាប់ល្អអ៊ីចឹង“ ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីយុវតី វ៉ាន់ លក្ខិណា ប្រធានបណ្ដាញយុវជនកម្ពុជាសកល ប្រចាំប្រទេសជប៉ុន ដែលជាយុវតីប្រឆាំងខ្លាំងក្លា និងជាអតីតសហការីលោកហៃ វណ្ណា ដែលកំពុងរស់នៅប្រទេសជប៉ុន បានទម្លាយថា មានលោកធំបោះនុយឲ្យនាងចុះចូល នឹងបានងារជាឧកញ៉ា តែនាងមិនចាប់អារម្មណ៍ឡើយ ព្រោះនាងមិនល្ងង់ដល់ថ្នាក់ធ្វើជាសេកក្នុងទ្រុងមាសនោះទេ ហើយនាងមិនចង់បានងារឧកញ៉ាអីទេ ព្រោះឧកញ៉ាស្រុកខ្មែរ មិនស្មើរោមមាន់ផង ហើយពលរដ្ឋខ្មែរ គ្រាន់តែឮឈ្មោះឧកញ៉ា គេស្អប់ដូចអាចម៍។

យុវតី វ៉ាន់ លក្ខិណា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ថា “ផ្ដាំទៅឯកឧត្តមទាំងឡាយ កុំមករវល់ជាមួយខ្ញុំ គិតថាលោកបោះនុយ ជាអ្នកឧកញ៉ា មកឲ្យខ្ញុំ ខ្ញុំនឹងស៊ីនុយនោះ ហើយឆ្លងឆ្លើយជាមួយលោកមែនទេ? បានហើយ តំណែងខ្ញុំរាល់ថ្ងៃនេះ គ្មានដែនកំណតនោះទេ ក្នុងចិត្តមហាជនក៏ពេញចិត្តដូចសព្វថ្ងៃនេះណាស់ មិនត្រូវការឈ្មោះអ្នកឧកញ៉ាស្អីនោះទេ គ្រាន់តែពលរដ្ឋឮថាឈ្មោះឧកញ៉ា គេស្អប់ដូចអាចម៍ ។ … ខ្ញុំអាណិតតែអស់លោកទ្រពងទាំងឡាយ ខំជេរអ្នកប្រឆាំង ជាយូរខែឆ្នាំមកហើយ រកតែឡានកញ្ចាស់ជិះមិនបានផង ខ្លះទៀតរកតែបាយស៊ីគ្មានផង អាខ្លះលិឍពងចង់ងាប់ គុណតម្លៃមិនស្មើរោមជើងអ្នកប្រឆាំងនោះទេ (សេកមាសក្នុងទ្រុង ខ្ញុំមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ)» ។

យុវតី វ៉ាន់ លក្ខិណា បានសរសេរក្នុងខម្មិនបន្ថែម នៅថ្ងៃដដែលនោះថា «ឧញ៉ាស្រុកខ្មែរ មិនស្មើរោមមាន់ផង»៕ កុលបុត្រ

RELATED ARTICLES