Wednesday, October 30, 2024
Homeព័ត៌មានជាតិសម រង្ស៊ី ថានឹងបង្កើតឆាប់ៗនេះ ចលនាតស៊ូខ្មែរ ធ្វើដូចបង់ក្លាដែស

សម រង្ស៊ី ថានឹងបង្កើតឆាប់ៗនេះ ចលនាតស៊ូខ្មែរ ធ្វើដូចបង់ក្លាដែស

ភ្នំពេញៈ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានអះអាងថា ចលនាតស៊ូជាតិខ្មែរ នឹងបង្កើតឆាប់ៗនេះ ដោយធ្វើដូចបង់ក្លាដែស គឺនឹងរៀបចំយុទ្ធសាស្ត្រដូចប្រជារាស្ត្រប្រទេសបង់ក្លាដែស ដែលបានបោះបោរទម្លាក់នាយករដ្ឋមន្ត្រី បានជោគជ័យកាលពីខែសីហា កន្លងទៅនេះ គឺត្រូវការដកត្រកូលហ៊ុន សែន ចេញពីតំណែងឲ្យបាន។ ប៉ុន្តែបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មនឹងអតីតមេបក្សប្រឆាំងនេះ ដោយបានព្រមានថា មិនអាចឲ្យកើតមានឡើងជាដាច់ខាត ចាំបាច់ត្រូវតែបង្រ្កាប ងើបមួយ វ៉ៃមួយ ងើបពីរ វ៉ៃពីរ ព្រោះយុទ្ធសាស្រ្តផ្ដួលរំលំ ជាការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។

លោកសម រង្ស៊ី ដែលថ្មីៗនេះបានដឹកនាំបាតុកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ថា “ចលនាជាតិខ្មែរតស៊ូ (បង្កើតឆាប់ៗខាងមុខនេះ) នឹងរៀបចំយុទ្ធសាស្ត្រដូចប្រជារាស្ត្រប្រទេសបង់ក្លាដែស ដែលបានតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យ ប្រកបដោយជោគជ័យ ក្នុងខែសីហា ឆ្នាំ២០២៤ នេះ។ ប្រជារាស្ត្រខ្មែរ ត្រូវការដកត្រកូលក្បត់ជាតិ ហ៊ុន សែន ចេញពីតំណែង កុំឲ្យពួកវាបំផ្លាញជាតិ និងធ្វើបាបរាស្ត្រទៀត“ ។

ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថា ចលនាតស៊ូជាតិខ្មែរ នឹងកើតឡើងក្នុងពេលឆាប់ៗនេះ ដើម្បីឈានទៅផ្ដួលរំលំរដ្ឋាភិបាលផ្ដាច់ការ ត្រកូលហ៊ុន ដូចនៅបង់ក្លាដែស ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ត្រូវហើយ ប្រជាពលរដ្ឋខ្មែរ ត្រូវតែដកត្រកូលហ៊ុន ក្បត់ជាតិចេញ ដើម្បីការពារទឹកដីកុំឲ្យបាត់បង់ ហើយនិងកុំឲ្យបំផ្លិចបំផ្លាញប្រទេសជាតិ ហើយនិងធ្វើបាបប្រជាពលរដ្ឋតទៅទៀត ។ បើមិនអ៊ីចឹងទេ គឺខ្មែរវេទនាហើយ បាត់បង់ទឹកដីហើយ ថែមទាំងឥឡូវនេះ ការបង្ខាំងមនុស្សឲ្យឆបោកតាមឡាន ការចាប់ជំរិតហ្នឹង គឺមានពេញប្រទេសហើយ សូម្បីតែប្រទេសឥណ្ឌា ប្រទេសកូរ៉េខាងត្បូងអី គេមិនឲ្យជនជាតិគេមកស្រុកខ្មែរផង ទូរទស្សន៍ ហើយនិងកាសែតកូរ៉េ អីបានផ្សាយទូទាំងប្រទេសកូរ៉េ ពីការចាប់ជំរិត ពីការឆបោកនៅស្រុកខ្មែរហ្នឹង ។ ដូច្នេះបើខ្មែរ មិនភ្ញាក់ខ្លួនទេ ប្រាកដជាអស់ទឹកដីហើយ ប្រទេសកាន់តែផ្ដាច់ការទៅ ហើយនិងប្រជាពលរដ្ឋ កាន់តែក្រីក្រទៅៗ ដោយសារតែបទឧក្រិដ្ឋនៃការបង្ខាំងមនុស្ស ឲ្យឆបោកតាមអនឡាញ អត់មានភ្ញៀវទេសចរ អត់មានអ្នកវិនិយោគទុនអីអ៊ីចឹង ។ ហើយមួយទៀត ដូចយួន ចូលពេញស្រុកហើយ អ៊ីចឹងបើមិនដូរត្រកូលហ៊ុន ចេញទេ ប្រាកដជាកម្ពុជា ក្លាយទៅជាកម្ពុជាក្រោមទី២ ហើយ នៅពេលអនាគត ហើយខេត្តទាំង៤ហ្នឹង នឹងបាត់ទៅប្រទេសវៀតណាម ក្នុងពេលឆាប់ៗហើយ ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ហ្នឹង» ។

លោកអ៊ុំ សំអាន បន្តថា «ដូច្នេះចលនាតស៊ូជាតិខ្មែរហ្នឹង នឹងកើតឡើងក្នុងពេលឆាប់ៗនេះ ដើម្បីឈានទៅផ្ដួលរំលំរដ្ឋាភិបាលផ្ដាច់ការ ត្រកូលហ៊ុន ចេញ ដូចនៅបង់ក្លាដែស ដើម្បីស្ដារប្រទេសជាតិ សង្រ្គោះប្រទេសជាតិយើង កុំឲ្យបាត់បង់ដូចកម្ពុជាក្រោម ហើយនិងកុំឲ្យប្រទេសយើងកាន់តែផ្ដាច់ការទៅៗ ហើយនិងមួយទៀតកុំឲ្យប្រជាពលរដ្ឋកាន់តែក្រីក្រ ជំពាក់លុយធនាគារវ័ណ្ឌក ចាញ់បោកឧកញ៉ាច្រើនដូចសព្វថ្ងៃទៀត ហើយឥឡូវនេះ គឺយុវជនខ្មែរ នៅក្រៅប្រទេសហ្នឹង កំពុងតែធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការទម្លាក់ត្រកូលហ៊ុន ពីអំណាច ស្ដារប្រទេសជាតិ“ ។

ទោះបីជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថា ចលនាតស៊ូជាតិខ្មែរ របស់ទណ្ឌិត សម រង្ស៊ី និងក្រុមឧទ្ទាមក្រៅច្បាប់ គ្រាន់តែជាការស្រែកនៅក្រៅប្រទេសតែប៉ុណ្ណោះ មិនអាចមានឥទ្ធិពលអីមកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសបានទេ តែបើចង់ងើបឡើងនៅក្នុងប្រទេស ក៏មិនអាចឲ្យងើបបានទេ គឺគោលការណ៍របស់រាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋ ងើបមួយ វ៉ៃមួយ ងើបពីរ វ៉ៃពីរ អត់មានឲ្យប្រមូលផ្ដុំជាភ្នក់ភ្លើង ឬមួយក៏ជាអគ្គិភ័យបានទេ ហើយក្រុមទណ្ឌិត សម រង្ស៊ី នេះចេះប្រើពាក្យថា រាជរដ្ឋាភិបាល ជារបស់ត្រកូលហ៊ុន ក្នុងន័យវាយប្រហារទៅលើត្រកូលហ៊ុន តែការពិតជាក់ស្ដែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត និងជាអ្នកដឹកនាំប្រទេស មិនមែនត្រកូលហ៊ុន នោះទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នេះ និយាយប្រៀបធៀបកម្ពុជា ទៅនឹងបង់ក្លាដែស នេះវាអត់ត្រូវគ្នាទាល់តែសោះ ។ ការផ្ដួលរំលំរដ្ឋាភិបាលបង់ក្លាដែស ហ្នឹងមិនមែនពីបរទេសទេ មិនមែនពួកសកម្មជនហ្នឹង មកពីបារាំង មកពីអាមេរិក មកឥណ្ឌា ឬមួយក៏មកពីជប៉ុន ពីកូរ៉េខាងត្បូងទេ គឺជានៅខាងក្នុងហ្នឹង វាផ្ទុះឡើងនៅខាងក្នុង ដោយសារគេក្ដៅក្រហាយនៅក្នុងការគ្រប់គ្រងដឹកនាំប្រទេសហ្នឹង វាមិនស្របទៅតាមសំណូមពរ ក៏ដូចជាឆន្ទៈរបស់ប្រជាជនបង់ក្លាដែស ហ្នឹងឯង ។ ក៏ប៉ុន្តែសួរថា អស់លោកមេឧទ្ទាមក្រៅច្បាប់ នៅប្រទេសបារាំង ហើយបីបួនប្រាំនាក់ នៅអាមេរិក បីបួនប្រាំនាក់ នៅអូស្រ្តាលី ហើយបួនដប់នាក់ នៅកូរ៉េខាងត្បូង ហើយបួនដប់នាក់ នៅជប៉ុន ហ្នឹង សួរថាគាត់ធ្វើអីកើតចំពោះរដ្ឋអំណាចដែលកំពុងដឹកនាំប្រទេសជាតិកម្ពុជា ក្រោមដំបូលសន្តិភាពនេះ? វាអត់មាន ។ សកម្មភាពពួកហ្នឹង ធ្វើតែនៅក្រៅតើ ហើយបង់ក្លាដែស វាផ្ទុះចេញពីក្នុងផ្ទៃក្នុងបង់ក្លាដែស សួរថា កម្ពុជា អាចផ្ទុះចេញពីក្នុងផ្ទៃក្នុងកម្ពុជា បានទេ? វាអត់ទេ បើអស់លោកនៅស្រែកតែកូរ៉េខាងត្បូង ស្រែកពីជប៉ុន មក ស្រែកពីអូស្រ្តាលី មក ស្រែកទាល់ងាប់ខ្លួនទៀត ក៏អត់បានការអីដែរ វាផ្ទុយគ្នាអំពីសភាពការណ៍បង់ក្លាដែស ហើយកុំយកបង់ក្លាដែស មកប្រៀបធៀបជាមួយកម្ពុជា ឬមួយកុំយកកម្ពុជា ទៅប្រៀបធៀបជាមួយបង់ក្លាដែស ។ ហើយបើទណ្ឌិតសម រង្ស៊ី នៅតែស្រែកស្រុកបារាំង ទេ សួរថាអ្នកណាមកផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំនៅប្រទេសកម្ពុជា? វាអត់មានទេ ។ បានន័យថា ជាការពិតហើយ អាហ្នឹងគាត់ស្រែកទៅ ស្រែកមួយជីវិតទៅ សម រង្ស៊ី ឥឡូវ៧៦ឆ្នាំហើយ ស្រែកបានប៉ុន្មានឆ្នាំទៀត? គ្មានឈឺក្បាលដល់រាជរដ្ឋាភិបាល កំពុងដឹកនាំប្រទេស កសាងអភិវឌ្ឍប្រទេសលើគ្រប់វិស័យនោះទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ប៉ុន្តែយ៉ាងណា បើចលនាតស៊ូជាតិខ្មែរ របស់គាត់ ដែលស្រែកថា នឹងបង្កើតឆាប់ៗនេះ មានរចនាសម្ព័ន្ធនៅក្នុងប្រទេស អូ! អាហ្នឹងអត់ងើបកើតទេអាហ្នឹង គឺថាគោលការណ៍របស់រាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋ ងើបមួយ វ៉ៃមួយ ងើបពីរ វ៉ៃពីរ អត់មានឲ្យប្រមូលផ្ដុំជាភ្នក់ភ្លើង ឬមួយក៏ជាអគ្គិភ័យបានទេ ។ ដូច្នេះបង្កើតអីបង្កើតទៅ យើងមិនអាចទប់ស្កាត់គេបានទេ ដូចយាយហួរ បង្កើតអីគេហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យអី យាយឯងស្រែកម៉េចស្រែកទៅ ហើយប៉ុន្មានថ្ងៃនេះ ទៅស្រែកដើម្បីទាមទារឲ្យអង្គការសហប្រជាជាតិ ព្យួរអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិនេះ ។ ខ្លួនឯងជាឧទ្ទាមនេះ ខ្លួនឯងមកស្រែកឲ្យព្យួរអាសនៈកម្ពុជា ដែលមានរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីឆន្ទៈប្រជាពលរដ្ឋ កំពុងដឹកនាំប្រទេសពេញលេញលក្ខណៈច្បាប់ត្រឹមត្រូវ ខ្លួនឯងជាឧទ្ទាម ខ្លួនឯងមកឲ្យស្រែកឲ្យដូរគេនៅអាសនៈអង្គការសហប្រជាជាតិ ។ អាហ្នឹងគាត់ស្រែកបាន យាយហួរ ឥឡូវហ្នឹង បើថាយាយឯងមិនព្រមទៅនៅវត្តទេ យាយឯងគឺថាងាប់ជាមួយនឹងទណ្ឌិតក្បត់ជាតិហ្នឹងឯង វាគ្មានអីទៅណារួចទេ ហើយទៅស្រែកទៅ ស្រែកនៅឡុងប៊ិច ស្រែកនៅឡូវ៉ែល ស្រែកនៅម៉ាសសាឈូសេត អីហ្នឹង ស្រែកមួយទំហឹងទៅ គ្មានអ្នកណាទប់ស្កាត់គាត់ ឬមួយក៏គ្មានអ្នកណារំខានគាត់ទេ ឲ្យគាត់ស្រែកទៅ សួរថាមានប្រសិទ្ធភាពទេ ស្រែកហ្នឹង? ឥឡូវធ្វើបាតុកម្មដើម្បីទាមទារឲ្យរាជរដ្ឋាភិបាល អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង សួរថាមានប្រសិទ្ធភាពអី? បើគ្រាន់តែធ្វើបាតុកម្មនៅកូរ៉េ ធ្វើបាតុកម្មនៅជប៉ុន ឥឡូវហ្នឹងគឺថា បាតុកម្មលើកទី២នេះ គឺវាចង់បាត់ហើយ វាអត់មានមនុស្សចូលរួមផងហ្នឹង ហើយបានអីផ្ដួលរំលំរាជរដ្ឋាភិបាលនៅកម្ពុជា បាន? វាអត់ទេ អ្នកឯងគ្រាន់តែដើរមកជិតព្រំដែនហ្នឹង ក៏អត់បានដែរ កុំថាតែអ្នកឯងមកផ្ដួលរំលំរាជរដ្ឋាភិបាល នៅក្នុងប្រទេស អាហ្នឹងវាអ៊ីចឹង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “និយាយទៅ យើងមិនព្រួយបារម្ភថាចលនាដែលប្រកាសបង្កើតដោយសម រង្ស៊ី នោះ អាចជា្របមកដល់ក្នុងប្រទេសកម្ពុជា ទេ គឺអត់មានទេ ។ អ៊ីចឹងទេបានជាពួកនេះរកស៊ីរបៀបញុះញង់ ។ ញុះញង់ឲ្យប្រជាជនស្អប់គណបក្សប្រជាជន ញុះញង់ឲ្យប្រជាជនស្អប់ដល់រាជរដ្ឋាភិបាល ក៏ប៉ុន្តែស្អប់ម៉េច បើរាជរដ្ឋាភិបាលកំពុងធ្វើបាននូវសមិទ្ធផលជាក់ស្ដែង ដើម្បីបម្រើផលប្រយោជន៍ប្រជាជន សួរថាទៅញុះញង់ម៉េចកើត? ហើយអ្នកញុះញង់ហ្នឹង ខ្លាចងាប់ទៅទៀត ខ្លួនឯងមិនហ៊ានមកជិតផង ខ្លាចងាប់ តែមកញុះញង់ឲ្យអ្នកក្នុងប្រទេសហ្នឹង ទៅងាប់ជំនួសខ្លួនឯងហ្នឹង អាហ្នឹងសួរថា អ្នកណាគេសុខចិត្តងាប់ជំនួសខ្លួន ក្រុមឧទ្ទាមក្រៅច្បាប់នោះ? វាអត់មានទេ ហើយអ្វីដែលគាត់ប្រើពាក្យថា ប្រជារាស្ត្រខ្មែរ ត្រូវការដកត្រកូលក្បត់ជាតិ ហ៊ុន សែន ចេញពីតំណែង កុំឲ្យបំផ្លាញជាតិ និងធ្វើបាបរាស្ត្រទៀត អាហ្នឹងជាការញុះញង់ហ្នឹងហើយ ខ្លួនឯងមិនហ៊ានទេ ខ្លួនឯងប្រើអ្នកផ្សេង ដើម្បីមកដណ្ដើមអំណាច យកឲ្យខ្លួន សួរថាអ្នកណាភ្លើ? ប្រជាជនកម្ពុជា ឥឡូវគេមិនភ្លើទេ មិនមែនចេះតែបោកបញ្ឆោតបានទេ ។ អ៊ីចឹងបានយើងចាប់អារម្មណ៍ណាស់ ឥឡូវនេះ រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត តាមឆន្ទៈប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ក៏ប៉ុន្តែឥឡូវនេះក្រុមឧទ្ទាមក្រៅច្បាប់ គេកំពុងឃោសនាដើម្បីថា រាជរដ្ឋាភិបាលជារបស់ត្រកូលហ៊ុន អាហ្នឹងត្រូវយល់ ហើយការដែលប្រើពាក្យថា រដ្ឋាភិបាលរបស់ត្រកូលហ៊ុន នេះ គឺចង់ដុតកំហឹងប្រជាជន ឲ្យស្អប់ត្រកូលហ៊ុន អាហ្នឹងរឿងតែប៉ុណ្ណឹងទេ ក៏ប៉ុន្តែត្រកូលហ៊ុន ជាចំណែកមួយនៅក្នុងគណបក្សប្រជាជន ។ អ៊ីចឹងទេ រាជរដ្ឋាភិបាល ជារាជរដ្ឋាភិបាលរបស់គណបក្សប្រជាជន ដែលឈ្នះឆ្នោត តាមឆន្ទៈប្រជាពលរដ្ឋ ហើយបោះឆ្នោតលើកទី៧ នេះ គឺថា ៨៣% នៃចំនួនប្រជាជនដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយសួរថា ប្រទេសណាមានដល់ ៨៣%? ដែលប្រទេសមហាអំណាចនោះ មិនដល់ ៦០% ផងទេ ដែលឡើងកាន់ជាប្រធានាធិបតី អាហ្នឹងយើងគិតមើល? អ៊ីចឹងទេ អ្នកឯងកុំស្រមើស្រមៃថាអ្នកឯងផ្ដួលរំលំរាជរដ្ឋាភិបាល ដែលកំពុងកាន់អំណាច បានដោយសារតែចិត្តចង់របស់ខ្លួនឯងនេះ វាអត់មានទេ បោះឆ្នោតលើកទី៨ ក៏ដោយ លើកទី៩ ក៏ដោយ អ្នកឯងអត់មានផ្លូវទេ គ្រាន់តែស្ថិតនៅក្នុងការស្រមៃនៅក្នុងអារម្មណ៍តែប៉ុណ្ណោះទេ ហើយការដែលស្រមៃនៅក្នុងអារម្មណ៍ហ្នឹង សួរថា វាជាលទ្ធផលជាក់ស្ដែងទេ? នៅក្នុងប្រទេសគេកំពុងសម្បូរសប្បាយ ហើយឯងមកបំផុសអី អាហ្នឹងវាផ្ទុយអំពីការពិតជាក់ស្ដែង គ្មានអ្នកណាតាមការញុះញង់របស់គាត់ទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “រាជរដ្ឋាភិបាល ប្ដេជ្ញាគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ការពារឲ្យបានដាច់ខាត នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារឲ្យបាននូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សេដ្ឋកិច្ចទីផ្សារសេរី ការពារឲ្យបាននូវសន្តិភាព និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ មិនអាចឲ្យជនណា ឬជនបរទេសណាមកបំពារបំពានផ្ទុយអំពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត តាមរយៈឆន្ទៈប្រជាពលរដ្ឋ បានជាដាច់ខាត ។ ក្នុងន័យនេះ ខ្ញុំបានថានៅក្នុងភាសាខ្ញុំមិញហើយ ពាក្យសម្ដីខ្ញុំមិញហើយ គឺថាពាក្យថា ប្រើថារដ្ឋាភិបាលរបស់ត្រកូលហ៊ុន អាហ្នឹងវាជាការមួលបង្កាច់របស់ក្រុមឧទ្ទក្រៅច្បាប់ នៅក្រៅប្រទេស ដើម្បីញុះញង់ឲ្យប្រជាជនស្អប់លើប្រជាជនតែប៉ុណ្ណឹងទេ ក៏ប៉ុន្តែតាមការពិតជាក់ស្ដែង តាមគោលការណ៍ច្បាប់ គឺគណបក្សប្រជាជន ជាគណបក្សឈ្នះឆ្នោត ហើយត្រង់ការតែងតាំងមន្រ្តីដើម្បីដឹកនាំប្រទេស អាហ្នឹងជាសិទ្ធិសម្រេចរបស់គណបក្សប្រជាជន ស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស មិនមែនអ្នកណាឡើងតាមអំពើចិត្តបានទេ គឺថាគណបក្សមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ ហើយដោយសារមានការដឹកនាំច្បាស់លាស់នេះហើយ ទើបយើងរក្សាបាននូវសាមគ្គី ឯកភាព ផ្ទៃក្នុងរឹងមាំ ដែលពួកប្រតិកិរិយាខាងក្រៅប្រទេស មិនអាចបំបែកបំបាក់បានទេ ។ អ៊ីចឹងទេ គឺការដែលយល់ឃើញ ឬមួយការស្រមើស្រមៃចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា នេះគឺជាការស្រមើស្រមៃ គឺជាការយល់សប្ដិដែលមិនអាចក្លាយទៅជាការពិតបានឡើយ ។ ជារួម ពាក្យថា រដ្ឋាភិបាលរបស់ត្រកូលហ៊ុន នេះវាគ្រាន់តែជាការមួលបង្កាច់របស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ ដែលមានទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នោះ ដែលតាំងចិត្តយកត្រកូលហ៊ុន មកធ្វើជាខ្មាំងសត្រូវសួពូជនោះ អាហ្នឹងអ៊ីចឹង មានសែន អត់ស៊ី មានស៊ី អត់សែន តាំងពីទសវត្សរ៍មុនមក ដប់ម្ភៃឆ្នាំមុនមកហើយ គឺថាវាចងនៅក្នុងអារម្មណ៍ខួរក្បាលរបស់ទណ្ឌិត សម រង្ស៊ី ក្បត់ជាតិហ្នឹងឯង ។ អ៊ីចឹងទេ ឥឡូវយកក្បួនហ្នឹងមកឃោសនាទៀត វាផ្ទុយអំពីការពិត កុំចង់ដុតកំហឹងប្រជាជន ឲ្យចងកំហឹងជាមួយនឹងប្រជាជនឲ្យសោះ វាអត់មានបញ្ហាអាចធ្វើទៅកើតទេ ប្រជាជនយល់ដឹង ប្រជាជនមានការដឹងការពិតជាក់ស្ដែងនៅក្នុងប្រទេសហើយ មិនអាចអ្នកដែលនៅក្រៅប្រទេសមកញុះញង់បានទេ“ ៕ កុលបុត្រ

RELATED ARTICLES