Friday, November 22, 2024
Homeព័ត៌មានជាតិរាជរដ្ឋាភិបាល ព្រមានក្រុមប្រឆាំង ឈប់យក CLV-DTA ធ្វើអាជីវកម្មនយោបាយ

រាជរដ្ឋាភិបាល ព្រមានក្រុមប្រឆាំង ឈប់យក CLV-DTA ធ្វើអាជីវកម្មនយោបាយ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ៦ចំណុច ស្តីពីការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ក្នុងន័យឆ្លើយតបទៅក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលនៅតែបន្តយកបញ្ហានេះ មកធ្វើអាជីវកម្មនយោបាយ ទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែអ្វីដែលត្រូវអនុវត្តពិតប្រាកដ ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល តែប៉ុណ្ណោះ ដោយដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ នោះទេ ។

សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មានខ្លឹមសារថា “អ្នកនាំពាក្យរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាប ដូចខាងក្រោម ៖

១. រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

២. ទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច នៅក្រៅស្រុក នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយ ទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

៣. អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ ទេ។ ដូច្នេះការដកខ្លួនចេញពីកិច្ចសហ-ប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល តែប៉ុណ្ណោះ។

៤. អ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសបញ្ជាក់ពីកង្វះខាតចំណេះដឹង ខ្វះការស្រាវជ្រាវ និងខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ហើយសកម្មភាពបែបនេះ មិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញនិងពង្វក់ស្មារតីយុវជនមួយចំនួន ឱ្យវង្វេងតាមមនោគមន៍វិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកខ្វក់ និងដ៏គ្រោះថ្នាក់របស់ខ្លួនតែប៉ុណ្ណោះ។

៥. អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍប្រទេស បន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដោយធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ តាមការគ្រោងទុក ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយម មកបំផ្លិចបំផ្លាញ ឬរារាំងដំណើរការកសាងជាតិ បានជាដាច់ខាត។

៦. រាជរដ្ឋាភិបាល ប្តេជ្ញាបន្តការអភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសាន ក៏ដូចជាតំបន់ព្រំដែនទូទាំងប្រទេស ឱ្យកាន់តែរីកចម្រើន ដោយរក្សាឱ្យបានជាដាច់ខាត នូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមិលី្លម៉ែត្រឡើយ និងបន្តរក្សាស្ថានភាពព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមក្រុមប្រឆាំងជ្រុលនិយមទាំងឡាយ បញ្ឈប់ការយក CLV-DTA មកធ្វើអាជីវកម្មនយោបាយបែបញុះញង់ និងបំផិ្លចបំផ្លាញបែបនេះតទៅទៀត“ ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជា នេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំកន្លងមក។ ការដកខ្លួនេះ ត្រូវបានសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថាជាការដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជា តទៅទៀត។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នៅខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា «ខ្ញុំសូមយកពេលនេះ លើកឡើងរឿងនេះ (រឿង CLV-DTA) ឥឡូវនៅមានអ្នកនយោបាយមួយចំនួន នៅកេងចំណេញ ហើយអតីតបក្សប្រឆាំង ត្រៀមដឹកនាំទៅកូរ៉េ ដើម្បីដឹកនាំប្រជាពលរដ្ឋ ដើម្បីបញ្ចេញព័ត៌មានពិត ដើម្បីបន្ដរុញ (បញ្ហា CLV-DTA) ។ មូលហេតុអ្វីបានជាយើងដាក់ចេញគោលនយោបាយបែបនេះ (បញ្ចប់ CLV-DTA) ដើម្បីជំរុញការអភិវឌ្ឍខេត្តភូមិភាគឦសានរបស់យើង»។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីថា កិច្ចសហប្រតិបត្តិការ CLV-DTA មិនមែនជាគម្រោងដើម្បីកាត់ទឹកដីឱ្យប្រទេសជិតខាងឡើយ។ ផ្ទុយទៅវិញ រយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះ ខេត្តភាគឦសានរបស់ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ជាច្រើន។ សម្ដេច បន្ដថា អ្នកនយោបាយប្រឆាំង នៅតែមានមហិច្ឆតាយកកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើជាអាជីវកម្មនយោបាយ កេងយកផលចំណេញ។

សម្តេចហ៊ុន ម៉ាណែត មានប្រសាសន៍បន្តនៅពេលនោះថា «ខ្ញុំសូមយកឱកាសនេះ ឈរលើកទឹកដីភាគឦសាន អ្វីជាការគួរអស់សំណើច ទោះបីជាយើងបានបញ្ជាក់ យើងបានបញ្ចប់ បងប្អូនក៏បានដឹង រាជរដ្ឋាភិបាល បញ្ឈប់ការចូលរួម ប៉ុន្ដែនៅមានអ្នកនយោបាយមួយចំនួន នៅបន្ដដុតអាហ្នឹង នៅតែ CLV-DTA ថា រដ្ឋាភិបាល មិនដកចេញ រដ្ឋាភិបាលភូត អត់ទេ! មិនមានការសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអភិវឌ្ឍត្រីកោណ»។

សម្ដេចនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា តាមពិត កម្ពុជា នឹងត្រូវជាធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំ CLV-DTA នៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្ដែដោយសារកម្ពុជា សម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ទើបមិនមានប្រជុំបែបនេះទេ។ សម្ដេច ថាការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដើម្បីបញ្ចប់ភាពហ្មងសៅរវាងប្រជាជននិងប្រជាជន។ ជាពិសេស ការដុតបន្ថែមពីក្រុមប្រឆាំងជ្រុលនិយម៕ កុលបុត្រ

RELATED ARTICLES