Friday, November 22, 2024
Homeព័ត៌មានជាតិបក្សកាន់អំណាច ប្រតិកម្មនឹងក្រុមសម រង្ស៊ី ចោទកម្ពុជា ជាប្រទេសឧក្រិដ្ឋកម្ម                                                                                

បក្សកាន់អំណាច ប្រតិកម្មនឹងក្រុមសម រង្ស៊ី ចោទកម្ពុជា ជាប្រទេសឧក្រិដ្ឋកម្ម                                                                                

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងពួកប្រឆាំង ក្រុមសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលបានចោទកម្ពុជា ថាកំពុងក្លាយជាប្រទេសឧក្រិដ្ឋកម្ម ធ្វើឲ្យមានភាពភ័យខ្លាចពីប្រទេសនៅក្នុងតំបន់និងពិភពលោក ជាពិសេសប្រទេសឥណ្ឌា និងប្រទេសកូរ៉េខាងត្បូង មិនឲ្យប្រជាជនគេ មកលេងកម្ពុជា ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ថា ការចោទកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី គឺជាការចោទផ្ទុយពីការពិតទាំងស្រុង ។ ម្យ៉ាងទៀត មិនថាប្រទេសតូច ប្រទេសធំ ប្រទេសប្រជាធិបតេយ្យ ប្រទេសមិនប្រជាធិបតេយ្យទេ សុទ្ធតែកើតមានឧក្រិដ្ឋកម្ម គ្រាន់តែថា បក្សប្រឆាំងនៅប្រទេសគេ មិនដែលយកបញ្ហាផ្ទៃក្នុងប្រទេសខ្លួន មកលាតត្រដាង ឬបើកចំហ ពង្រីកថែម ដូចពួកប្រឆាំងនៅកម្ពុជា ទេ ដែលចូលចិត្តតែបំផ្លាញប្រទេសខ្លួនឯង រឿងតូច បង្កើតឲ្យទៅជារឿងធំ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ពួកប្រឆាំង វាតែងតែប្រឌិតព័ត៌មាន បង្កើតព័ត៌មានសិប្បនិម្មិតដើម្បីមួលបង្កាច់ ដាក់កំហុសមកលើរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ។ ឥឡូវបើនិយាយពីជនជាតិឥណ្ឌា សួរថា ខ្ញុំអាយុប៉ុណ្ណេះហើយ ខ្ញុំមិនដែលឃើញសេដ្ឋីឥណ្ឌាណា មកវិនិយោគនៅកម្ពុជា ឬមួយក៏មករកស៊ីនៅកម្ពុជា ទេ មកឃើញតែឥណ្ឌា លក់ភួយ លក់មុង ហើយលក់ភួយ លក់មុងនេះ សួរថា មានលុយប៉ុន្មាន ឲ្យគេប្លន់ ឲ្យគេចាប់ជំរិត? វាអត់មានទេ ។ អ៊ីចឹងអ៊ុំ សំអាន និយាយនេះ វាផ្ទុយអំពីការជាក់ស្ដែងពិតប្រាកដហើយ សឹងតែឲ្យហៅឥណ្ឌាដែលមកលក់មុង លក់ភួយ នៅភ្នំពេញ នៅបណ្ដាខេត្តមួយចំនួនហ្នឹង ឲ្យទៅសួរទៀតផង អាហ្នឹងវាអត់មានករណីហ្នឹងទេ ។ ចំណុចទី២ វាពាក់ព័ន្ធនឹងជនជាតិកូរ៉េ អាហ្នឹងវាមានមួយចំនួនហើយ ជាក់ស្ដែង គឺសមត្ថកិច្ចយើងទើបតែនឹងមានវិធានការបង្រ្កាបនូវឧក្រិដ្ឋកម្មដែលកើតឡើងនៅខេត្តកំពង់ស្ពឺ កន្លងទៅនេះ បានជាង ១ពាន់នាក់នេះ វាមានចិន ផង វាមានកូរ៉េ ផង អាហ្នឹងយើងទទួលស្គាល់ការពិត ហើយយើងទទួលហើយ យើងចាត់វិធានការដើម្បីបង្ក្រាបវា“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ប្រទេសណាក៏ដូចប្រទេសណាដែរ មិនថាធំ តូចទេ ប្រទេសប្រជាធិបតេយ្យ ប្រទេសមិនប្រជាធិបតេយ្យទេ អាប្រទេសដែលខាងប្រជាធិបតេយ្យហ្នឹង កើតឧក្រិដ្ឋកម្មហ្នឹងចង់ច្រើនជាងប្រទេសដែលមិនប្រជាធិបតេយ្យផង ហើយយើងជាក់ស្ដែងវាអ៊ីចឹង ។ ក៏ប៉ុន្តែវាបញ្ហាសំខាន់ វាស្ថិតនៅលើថា មាននៅប្រទេសគេហើយ គេលាក់បាំង គេមិនផ្សព្វផ្សាយទេ បក្សប្រឆាំងគេ មិនដែលយកអាបញ្ហាផ្ទៃក្នុងប្រទេសគេ ទៅលាតត្រដាង ឬមួយក៏ទៅបើកចំហ ឬមួយក៏ទៅពង្រីកថែមទេ គេមានតែខិតខំលាក់បំពួន ពីព្រោះវាជាកិត្តិរបស់ប្រជាជនរបស់គេ ។ អ៊ីចឹងទេ ដោយឡែកសម្រាប់ខ្មែរយើង រឿងអត់មាន បង្កើតឲ្យមាន រឿងមានតូច បង្កើតឲ្យធំ អាហ្នឹងហើយវាជាចរិតអ្នកប្រឆាំងរបស់ខ្មែរ ហើយជាពិសេសគឺអ្នកនៅក្រៅប្រទេសហ្នឹងឯង អាងខ្លួនឯងនៅក្រៅប្រទេស វាក្រៅសង្វៀនដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលហើយ គឺចង់និយាយអី ចង់និយាយតាមចិត្តបាន ហើយនិយាយតាមចិត្តនេះហើយ ដែលវានាំឲ្យមានការបំផ្លើសព័ត៌មាន ហើយអាការបំផ្លើសព័ត៌មានហ្នឹង សួរថាគាត់ចំណេញអីទេ គាត់នៅក្រៅប្រទេសហ្នឹង? វាជាសតិអារម្មណ៍ វាជាការអាម៉ាស់ណាស់ ដែលជនជាតិខ្មែរ វ៉ៃប្រហារខ្មែរនៅក្នុងប្រទេស អាងខ្លួនឯងនៅក្រៅប្រទេស តែខ្ញុំមិននិយាយថា បងប្អូនខ្មែរទូទៅនៅក្រៅប្រទេសទេ វាមានបងប្អូនខ្មែរមួយចំនួនតូច ដែលមាននិន្នាការនយោបាយប្រឆាំងហ្នឹងទេ ដែលបង្កើតបញ្ហាចំពោះកម្ពុជា នៅក្នុងប្រទេស“។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “អាហ្នឹងវាមានបញ្ហាប៉ុណ្ណឹង វាមិនទូទៅទេ វាមានមួយចំនួនតូចទេ ហើយមួយចំនួនតូចហ្នឹង ដូចក្រុមដើរតាមយាយហួរ អី ក្រុមដើរតាមសម រង្ស៊ី អី វាបានប្រយោជន៍អាហ្នឹង  ហើយដល់ធ្វើវាមិនឈ្នះការពិត វាទៅជាចង់បង្កើតរដ្ឋាភិបាលនិរទេស ហើយចង់មកបំផុសប្រជាជនឲ្យងើបឡើង ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដែលកំពុងគ្រប់គ្រងនិងកាន់អំណាចនៅកម្ពុជា ។ ទៅអត់រួចទេ! ហើយកុំយកកម្ពុជា ទៅប្រៀបធៀបជាមួយប្រទេសបង់ក្លាដែស ។ បង់ក្លាដែស គឺផ្ទុះពីផ្ទៃក្នុងប្រទេសបង់ក្លាដែស មិនមែនជនជាតិបង់ក្លាដែស ទៅរស់នៅអាមេរិក ទៅរស់នៅបារាំង ទៅរស់នៅកូរ៉េខាងត្បូង ហើយមកធ្វើផ្ដួលរំលំលោកស្រី ហាស៊ីណា ហ្នឹងបានទេ ។ អាហ្នឹងគឺប្រជាជននៅក្នុង ក៏ប៉ុន្តែយើងដឹងហើយថា ឥឡូវប្រជាជនកម្ពុជា នៅក្នុងប្រទេសហ្នឹង ៨០ប្លាយភាគរយ ដែលគាំទ្រគណបក្សប្រជាជននោះ សួរថាមានអ្នកណាមួយងើបដើម្បីធ្វើការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់គណបក្សប្រជាជន ដែលខ្លួនបានគាំទ្រនោះ? វាអត់មានទេ វាមានតែអ្នកស្រែកពីកូរ៉េ វាមានអ្នកស្រែកពីជប៉ុន វាមានអ្នកស្រែកពីបារាំង វាមានអ្នកស្រែកពីអាមេរិកមួយចំនួនតូចតែប៉ុណ្ណឹងទេ ។ ដូច្នេះអ្នកឯងស្រែកពីហ្នឹងមក ស្រែកទាល់ងាប់ទៀត ក៏វាអត់បានការអីដែរ ហើយឥឡូវយាយហួរ នោះ ប្រហែល៧០ឆ្នាំជាងហើយអាយុ ហើយសម រង្ស៊ី ហ្នឹង អាយុ៧៦ហើយ ។ អ៊ីចឹងទេ សួរថា ត្រូវស្រែកប៉ុន្មានឆ្នាំទៀត ដែលអាចផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា បាន?“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “យ៉ាងណា ការដែលសួរថា តើគួរធ្វើយ៉ាងណាកុំឲ្យនាំគ្នាហៅកម្ពុជា ថាជាប្រទេសឧក្រិដ្ឋកម្មនោះ? យើងមិនអាចទប់ស្កាត់គេបានក្នុងការផ្សព្វផ្សាយទេ យើងដឹងហើយ ពួកហ្នឹងបង្កើតបញ្ហាឡើង ដើម្បីឲ្យគ្នាគេ បោះដៃឲ្យគ្នាគេ ដែលជាប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយាហ្នឹង ជួយផ្សាយ ហើយអាជួយផ្សាយហ្នឹង វាមានឥទ្ធិពលធំ ។ យើងដឹងហើយ អ្នកណាដែលជាអ្នកជួយផ្សាយហ្នឹង? ពីព្រោះវាបម្រើមហិច្ឆតានៃការប្រកួតប្រជែងនយោបាយ ប្រកួតប្រជែងមនោគមន៍វិជ្ជានៅលើពិភពលោក ហើយយើងដឹងហើយថា ការប្រកួតប្រជែងមនោគមន៍វិជ្ជានៅលើពិភពលោកហ្នឹង តើអ្នកណាប្រឆាំងនឹងអ្នកណា? អាហ្នឹងវាអ៊ីចឹង ។ ដូច្នេះហើយ យើងកុំនិយាយឲ្យវែងឆ្ងាយពេក គឺថាយើងយល់ថា ប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយា បម្រើឲ្យមេខ្លោងរបស់គេ ។ អ៊ីចឹងទេ យើងយល់ថា បើគេមានគំនិតយ៉ាងដូច្នោះហើយ គឺថាយើងមិនអាចទប់ស្កាត់គេបាន ពីព្រោះគេមានរើលេរហូតទៅដល់អូស្រ្តាលី ទៅអី អាហ្នឹងគេមានវិសាលភាពធំធេង ក្នុងការផ្សព្វផ្សាយ ។ បញ្ហាសំខាន់ជាកត្តាកំណត់ផ្ទៃក្នុងនេះ យើងខិតខំធ្វើយ៉ាងណាពង្រីកគុណសម្បត្តិរបស់យើងឲ្យបានច្រើន ហើយយើងបន្ថយគុណវិបត្តិរបស់យើង ដើម្បីកុំឲ្យពួកប្រឆាំងហ្នឹង មានលេសដើម្បីបំផ្លើសព័ត៌មានប្រឆាំងនឹងផ្ទៃក្នុងរបស់យើងបាន“ ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេលលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា កម្ពុជា កំពុងក្លាយជាប្រទេសឧក្រិដ្ឋកម្ម បន្ទាប់ពីឃើញព្រលានយន្តហោះនៅប្រទេសឥណ្ឌា បង្ហាញប្រទេសកម្ពុជា នៅលើផ្ទាំងផ្សព្វផ្សាយអំពីទាសករនៃអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញ និងឃើញទូរទស្សន៍កូរ៉េខាងត្បូង ផ្សាយពីការចាប់ជំរិតនិងការធ្វើទារុណកម្ម ព្រមទាំងការបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញនៅកម្ពុជា ដែលករណីទាំងនេះត្រូវបានអាជ្ញាធរកម្ពុជា ចេញសេចក្តីបំភ្លឺ ច្រានចោលរួចមកហើយ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០២៤ ថា “នៅព្រលានយន្តហោះនៅប្រទេសឥណ្ឌា បានបង្ហាញប្រទេសកម្ពុជា នៅលើផ្ទាំងផ្សព្វផ្សាយអំពីទាសករនៃអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញ។ ប៉ុន្មានថ្ងៃមុន ទូរទស្សន៍កូរ៉េ KBS ផ្សាយពីការចាប់ជំរិតនិងការធ្វើទារុណកម្ម ព្រមទាំងការបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញនៅកម្ពុជា។ ឥឡូវនេះ ប្រទេសឥណ្ឌា ផ្សព្វផ្សាយពីការបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញនៅកម្ពុជា ដូចទូរទស្សន៍កូរ៉េ ដែរហើយ។ ប្រទេសកម្ពុជា កំពុងក្លាយជាប្រទេសខ្មៅងងឹត រហូតដល់កូរ៉េនិងឥណ្ឌា ហាមប្រជាជនគេ មិនឲ្យទៅប្រទេសកម្ពុជា។ ហេតុនេះហើយ ទើបស្ងាត់ភ្ញៀវទេសចរមកលេងកម្ពុជា។ សូម្បីតែអ្នកវិនិយោគទុន ក៏មានតិចតួចបំផុត ព្រោះពួកគេខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន។ អរគុណសន្តិភាព។ កម្ពុជា កំពុងក្លាយជាប្រទេសឧក្រិដ្ឋកម្ម!“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ថា មូលហេតុដែលធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសឧក្រិដ្ឋកម្ម ដោយសារមានអំពើពុករលួយច្រើន និងការកាន់អំណាចផ្ដាច់ការរបស់ត្រកូលហ៊ុន គប់គិតជាមួយពួកម៉ាហ្វីយ៉ា និងពួកឧក្រិដ្ឋជន ជាពិសេសយកពួកឧក្រិដ្ឋជន មកនៅក្បែរខ្លួន តាមរយៈការផ្ដល់ងារជាទីប្រឹក្សា ជាដើម ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ប្រទេសកម្ពុជាយើង កំពុងក្លាយទៅជាប្រទេសឧក្រិដ្ឋកម្ម ដោយសារមានការចាប់ជំរិត ការជួញដូរមនុស្ស ការបង្ខាំងឲ្យឆបោកតាមអនឡាញហ្នឹងច្រើន ហើយរហូតដល់ប្រទេសឥណ្ឌា ប្រទេសកូរ៉េខាងត្បូង ហាមប្រជាពលរដ្ឋគេមិនឲ្យមកកម្ពុជា ហើយហ្នឹង ទូរទស្សន៍កូរ៉េ អីផ្សាយពីបទឧក្រិដ្ឋហ្នឹងយ៉ាងច្រើន ។ កម្ពុជា ខំបដិសេធ ចុងក្រោយទៅចាប់បានជាង ១ពាន់នាក់ តាមអ្វីដែលទូរទស្សន៍កូរ៉េខាងត្បូងហ្នឹងផ្សាយ ។ ដូច្នេះអ្វីទូរទស្សន៍កូរ៉េខាងត្បូង ផ្សាយហ្នឹង គឺជារឿងពិត ។ ប្រទេសឥណ្ឌា ដែលគេដាក់ផ្ទាំងផ្សព្វផ្សាយពីបទឧក្រិដ្ឋនៃការបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញអីហ្នឹង ដែលដាក់នៅព្រលានយន្តហោះរបស់គេហ្នឹង គឺជាការពិត“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “អំពើពុករលួយកាន់តែខ្លាំង អ៊ីចឹងហើយវានាំឲ្យមានបទឧក្រិដ្ឋនៃការបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញហ្នឹងកាន់តែច្រើន ការចាប់ជំរឹតហ្នឹងកាន់តែច្រើន ហើយលោកហ៊ុន សែន គាត់លើកទឹកចិត្តឲ្យក្រុមកូនចៅគាត់ហ្នឹងរកលុយបាន តាមណាក៏បានដែរ តាមពួកម៉ាហ្វីយ៉ា គប់គិតជាមួយនឹងពួកឧក្រិដ្ឋជនហ្នឹង ឆបោកហ្នឹងក៏បាន ។ អ៊ីចឹងវាធ្វើឲ្យការបង្ខាំងមនុស្សឲ្យឆបោក ការចាប់ជំរិតហ្នឹងកាន់តែច្រើនឡើង ។ ដូច្នេះមូលហេតុមកពីការកាន់អំណាចផ្ដាច់ការទេ ដែលនាំឲ្យប្រទេសជាតិហ្នឹងមានបទឧក្រិដ្ឋច្រើន ហើយនិងមានអំពើពុករលួយច្រើន មកពីការកាន់អំណាចរបស់ត្រកូលហ៊ុន ហ្នឹង គប់គិតជាមួយពួកម៉ាហ្វីយ៉ា ពួកឧក្រិដ្ឋជន ។ លោកហ៊ុន សែន ហ្នឹង យកពួកឧក្រិដ្ឋជន មកដាក់ជិតខ្លួន ដូចជាឧកញ៉ា ចេន ហ្ស៊ី ជនជាតិចិន ដែលពាក់ព័ន្ធការបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញ ដែលតុលាការចិន គេចេញដីកាតាមចាប់ខ្លួនអីហ្នឹង ។ ដូចលោក លី យ៉ុងផាត់ ដែលអាមេរិក ដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងទីតាំងរបស់គាត់ ដូចជាសណ្ឋាគារ កាស៊ីណូហ្នឹង ផ្ដល់ជម្រកទៅដល់ការបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញអីហ្នឹង ។ ឧកញ៉ាកុក អាន អីជាដើម ហ៊ុន តូ អីជាដើម វាពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋទាំងអស់ហ្នឹងហើយ បានធ្វើឲ្យកម្ពុជា ហ្នឹងក្លាយទៅជាសម្បុកពួកឧក្រិដ្ឋជនដែលគ្មានអ្នកណាហ៊ានមកលេងកម្ពុជា ។ ដោយសារតែលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹង យកពួកឧក្រិដ្ឋជនហ្នឹង ធ្វើជាទីប្រឹក្សារបស់ខ្លួន ដាក់នៅជិតខ្លួន បានមានបទឧក្រិដ្ឋហ្នឹងជាច្រើន ហើយអត់មានកូនចៅណាទៅហ៊ានបង្រ្កាបពួកដែលជាជនឧក្រិដ្ឋនៅជិតលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ទេ ។ បើហ៊ានបង្រ្កាប ដល់តែអ្នកហ្នឹងសុខចិត្តជាប់គុក ឬក៏អស់បុណ្យស័ក្ដិ“ ៕ កុលបុត្រ

RELATED ARTICLES