Friday, November 22, 2024
Homeព័ត៌មានជាតិបាត់ភ្ញៀវទេសចរ បក្សកាន់អំណាចថា ព្រោះក្រុមសម រង្ស៊ី និយាយមិនល្អពីកម្ពុជា

បាត់ភ្ញៀវទេសចរ បក្សកាន់អំណាចថា ព្រោះក្រុមសម រង្ស៊ី និយាយមិនល្អពីកម្ពុជា

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានបន្ទោសក្រុមមន្រ្តីអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) នៅក្រៅប្រទេស ខាងក្រុមសម រង្ស៊ី អតីតមេបក្សប្រឆាំង ថាដោយសារតែកន្លងមកពួកគេតែងតែនិយាយមិនល្អពីកម្ពុជា និងព្យាយាមវាយប្រហារផ្ទៃក្នុងប្រទេសខ្លួនឯង ដើម្បីតែនយោបាយជ្រុលនិយម ទើបធ្វើឲ្យបាត់ភ្ញៀវទេសចរ មកទស្សនាប្រទេសកម្ពុជា ។ ជាមួយនេះដែរ បក្សកាន់អំណាច បានបញ្ជាក់ជាថី្មថា គណបក្សមានសមាជិកជាង ៧លាននាក់ហើយ មិនត្រូវការចាយលុយទិញពួកបក្សប្រឆាំងនោះទេ គឺការដែលសកម្មជនប្រឆាំង សុំចូលរួមជីវភាពនយោបាយ គឺជាការភ្ញាករលឹកដោយខ្លួនឯង គ្មានការបង្ខីតបង្ខំ ឬទិញដូរឡើយ ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់តាមទំព័របណ្ដាញសង្គម “យុវជន៧មករា”  ថា «ប្រជាពលរដ្ឋខ្មែរ ជាង១៧លាននាក់ កំពុងរស់នៅយ៉ាងសុខសាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្របដណ្តប់ដោយសន្តិភាព ស្ថិរភាពនយោបាយ មានសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមល្អ លើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានខ្លួនដែលមិនហ៊ានចូលទៅកម្ពុជា ។ ការដែលបាត់ភ្ញៀវទេសចរ ចូលទៅលេងកម្ពុជា ដោយសារតែពាក្យសម្ដីនិយាយមិនល្អពីកម្ពុជា ដោយសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់ ។ ប្រទេសដែលថាមានសេរីភាពទូលំទូលាយ គ្រាន់តែថតជាប់ក្រសួងរដ្ឋនិ ងជាប់រូបអ្នកផ្សេង ក៏មិនបានផង ថាវាប៉ះពាល់សិទ្ធិសេរីភាពរបស់អ្នកដទៃ ។ ការនិយាយបន្តុះបង្អាប់ស្រុកទេសខ្លួនឯង គឺជាវប្បធម៌សួរពូជរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ។ ការបានរួចខ្លួនរបស់ជនជាប់ពិរុទ្ធ គឺកើតឡើងដោយលិខិតសុំទោស និងទទួលស្គាល់កំហុស អត់មានការសូកប៉ាន់ ទិញទឹកចិត្តអីទេ។ ការថាមានការសូកប៉ាន់ជាលុយកាក់ប្ញតួនាទី គឺជានិយាយបំផ្លើសផ្ទុយពីការពិត។ គណបក្សប្រជាជនកម្ពុជា មានសមាជិកជាង ៧លាន៣សែននាក់ មិនត្រូវការចំណាយលុយទិញសមាជិកបក្សប្រឆាំងអីទេ» ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា តាមពិតការថមថយភ្ញៀវទេសចរនោះ វាមានកត្តាជាច្រើន មិនមែនមកតែពីក្រុមប្រឆាំងនិយាយមិនល្អពីកម្ពុជា មួយមុខទេ គឺអាចមកពីមានការយកតម្លៃសេវាថ្លៃ អាហារដ្ឋាន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាប់ភ្ញៀវជាដើម ។ ដូច្នេះយើងធ្វើម៉េចផ្ទៃក្នុងរបស់យើងជាកត្តាកំណត់ ធ្វើអ្វីកុំឲ្យពួកប្រឆាំងចាប់កំហុសបាន ព្រោះបើផ្ទៃក្នុងធ្វើឲ្យមានចន្លោះប្រហោង ឲ្យពួកប្រឆាំងចាប់កំហុសបាន វាកាន់តែពង្រីកថែមទៀត នូវគុណវិបត្តិរបស់យើង ។ ភ្ជាប់ជាមួយចំណុចនេះ លោកថា រឿងទិញពួកប្រឆាំង គណបក្សកាន់អំណាច អត់មានត្រូវការទិញទេ ក៏ប៉ុន្តែបើចូលមកក្នុងឆន្ទៈនយោបាយ ជឿទុកចិត្តលើកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលក្ខណៈជាទឹកត្រជាក់ ត្រីកុំ គណបក្សស្វាគមន៍ មិនបដិសេធទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “កត្តាដែលថមថយភ្ញៀវទេសចរនោះ វាមានកត្តាជាច្រើន ។ អ៊ីចឹងបានជាខ្ញុំលើកឡើងថា ភាគីពាក់ព័ន្ធនៅក្នុងបញ្ហាហ្នឹង វាគួរតែរួមសហការគ្នា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ហ្នឹងឲ្យវាមានកំណើនភ្ញៀវទេសចរឡើងវិញ ពីព្រោះកំណើនភ្ញៀវទេសចរនេះ វាមានសារសំខាន់ក្នុងការរកចំណូលជូនប្រជាពលរដ្ឋផង និងចំណូលដល់ថវិកាជាតិផង ហើយភាគីពាក់ព័ន្ធហ្នឹង ដែលថា ជាប់ពាក់ព័ន្ធជាមួយគ្នា សហការគ្នាហ្នឹង គឺថា តាំងពីអ្នកលក់ដូរកំប៉ិកកំប៉ុកឡើង តាំងពីហ្គាយ ដែលទទួលភ្ញៀវ តាំងពីក្រុមហ៊ុនទេសចរណ៍ឯកជននានាហ្នឹង ក៏ត្រូវតែធ្វើម៉េចកុំកាប់ភ្ញៀវ ។ អាហ្នឹងពាក្យនិយាយរួមឲ្យពាក្យសាមញ្ញទៅ កុំឲ្យឃើញភ្ញៀវមក ចាត់ទុកភ្ញៀវជាសាច់ជ្រូក៣ជាន់ អាហ្នឹងទៅអត់រួចទេ អាហ្នឹងវាជាការរកស៊ីលក់ផ្លូវ តាមពាក្យចាស់យើង តែបើយើងរកស៊ីរបៀបលក់ផ្លូវហើយ អាហ្នឹងគឺថា ភ្ញៀវទេសចរ មិនអាចមានកំណើន ហើយស្ថិតស្ថេរនៅកម្ពុជាយើងទេ វាមានតែបាត់ទៅៗ ។ ឧទាហរណ៍មួយទៀត ឧបមាថា ក្រុមហ៊ុនទេសចរណ៍ឯកជនហ្នឹង ឃើញភ្ញៀវមក ចេះតែកោរគេ កោរអត់មានគោលការណ៍ច្បាស់លាស់ កោរដោយគ្មានការប្រៀបធៀបជាមួយនឹងភ្នាក់ងារទេសចរណ៍នៅប្រទេសជិតខាង អាហ្នឹងគេប្រៀបធៀប ពីព្រោះភ្ញៀវទេសចរ គេមិនមែនមកមើលតែប្រទេសយើងទេ គេដើរនៅក្នុងប្រទេស ក្នុងតំបន់ ឬនៅលើពិភពលោក គេអាចប្រៀបធៀបជាមួយយើង ជាមួយគេ ហើយបើយើងចេះតែកោរគេ ដោយគ្មានសមហេតុសមផល អាហ្នឹងហើយដែលធ្វើឲ្យយើងបាត់ភ្ញៀវទេសចរណ៍ ។ ចំណុចទី២ គឺថា រឿងកំប៉ិកកំប៉ុកទេ ឧបមាថា ឥឡូវអាហារដ្ឋាន ឬមួយភោជនីយដ្ឋាន សណ្ឋាគារ ឲ្យតែឃើញភ្ញៀវមកទាំងឡានៗ ស្រាប់តែយើងកោរគេ គេអត់តវ៉ាយើងទេ កាលណាយើងយកតម្លៃសេវានៅក្នុងផ្ទះសំណាក់ ។ ផ្ទះសំណាក់ហ្នឹង វាមានថ្នាក់របស់វា ហើយថ្នាក់នេះ វាគួរថ្លៃប៉ុន្មាន ថ្នាក់នោះគួរថ្លៃប៉ុន្មាន គេប្រៀបធៀបជាមួយនឹងបរទេស ប្រទេសជិតខាង ។ បើយើងថ្លៃជាងគេ អាហ្នឹងក៏ជាមូលហេតុតូចមួយ ដែលធ្វើឲ្យបាត់ភ្ញៀវទេសចរដែរ គេមកលេងមែន ដល់ពេលគេត្រលប់ទៅវិញ គេមិនបានជួយប្រម៉ូតយើងដើម្បីទាក់ទាញបងប្អូនញាតិមិត្តរបស់គេឲ្យមកទស្សនាកម្ពុជា ទៀតទេ អាហ្នឹងបានន័យថា គេរាង ហើយគេអត់មានលើកទឹកចិត្តឲ្យបងប្អូន មិត្តភក្ដិគេ ដើម្បីមកទស្សនាប្រទេសកម្ពុជាយើង ហើយយើងមានការសោកស្ដាយណាស់ ដែលករណីខ្លះ ដែលវាកើតឡើងជារឿងឯកជន ដែលចង់គិតតែពីចំណេញពេក ហើយមិនគិតអំពីអនាគត អាហ្នឹងវាជាការគួរឲ្យសោកស្ដាយណាស់ ។ យើងមានប្រាសាទ រមណីយដ្ឋានច្រើនជាងបណ្ដាប្រទេសនៅលើពិភពលោក ហើយចាត់ទុកថា ជាប្រទេសទី១ហើយ ដែលយើងមានបេតិកភណ្ឌពិភពលោកជាប់ៗគ្នាប៉ុន្មានឆ្នាំមកនេះ យើងជាសំណាងល្អហើយ ក៏ប៉ុន្តែមិនគួរឲ្យករណីដែលកាប់ភ្ញៀវ ដែលឆភ្ញៀវនេះ អាហ្នឹងគឺថា វាធ្វើឲ្យយើងបាត់បង់ភ្ញៀវទេសចរ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំណុចមួយទៀត ខ្ញុំក៏មានការលើកទឹកចិត្ត និងក៏សំណូមពរដល់សមត្ថកិច្ចរាជរដ្ឋាភិបាលដែរ ថាករណីខ្លះ ដូចជាវីសា ចេញចូលអី អាហ្នឹងក៏គួរតែមានការជួយសម្រួលទៅដល់ភ្ញៀវទេសចរ ដើម្បីឲ្យគេបាត់ខ្វល់ខ្វាយអំពីបញ្ហាអញ្ជើញមកទស្សនានៅប្រទេសកម្ពុជា របស់យើង ។ អ៊ីចឹងទេ ឥឡូវហេដ្ឋារចនាសម្ព័ន្ធរបស់យើងកំពុងតែកសាង ហើយលេចធ្លោឡើងច្រើនហើយ ដូចជាព្រលានយន្តហោះអន្តរជាតិខ្នាតធំៗអី កំពុងលេចចេញជារូបរាងហើយ ដូចជាព្រលានយន្តហោះអន្តរជាតិនៅសៀមរាប ព្រលានយន្តហោះអន្តរជាតិនៅខេត្តកណ្ដាល ។ អាហ្នឹងហើយវាសុទ្ធតែជាការបម្រើភ្ញៀវទេសចរហើយ ក៏ប៉ុន្តែបើក្នុងលក្ខណៈបម្រើ ហើយយើងទៅកាប់គេ ពេលដែលបើកថ្មី យើងចង់បានចំណេញឆាប់ពេក អាហ្នឹងក៏វាអត់កើតដែរ អាហ្នឹងត្រូវតែសមត្ថកិច្ចរាជរដ្ឋាភិបាល លោកត្រួតពិនិត្យអំពីការដឹកនាំគ្រប់គ្រងរបស់ព្រលានយន្តហោះនីមួយៗហ្នឹង ធ្វើម៉េចបើថា វាមិនបានទាបជាងគេទេ ឲ្យវាប្រហាក់ប្រហែលគេទៅ អាហ្នឹងវាអ៊ីចឹងហើយ ដែលជាការលើកទឹកចិត្តឲ្យភ្ញៀវទេសចរ គេមកលេងហើយ គេចង់់មកលេងម្ដងទៀត ហើយគេជួយឃោសនាយើងឲ្យមិត្តភក្ដិបងប្អូនគេមកទស្សនាកម្ពុជា របស់យើង ពីព្រោះថា ទី១ យើងមានសុវត្ថិភាព មានសន្តិភាព ទី២ យើងមានការរាក់ទាក់ ទី៣ យើងមានវប្បធម៌ទំនៀមទម្លាប់ល្អប្រពៃ ហើយទី៤ អាហ្នឹងគឺថា សេវាបម្រើភ្ញៀវទេសចរហ្នឹងវាសមរម្យ បើប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាង ក៏ដូចជានៅលើពិភពលោក គឺយើងទាបជាងគេ ឬមួយក៏ប្រហាក់ប្រហែលគេ អាហ្នឹងគឺថា អាចនឹងទាក់ទាញភ្ញៀវទេសចរមកបាន ។ ហើយខ្ញុំសុំទោសហើយ ខ្ញុំមិនមែនមានជំនាញខាងទេសចរណ៍ទេ ក៏ប៉ុន្តែខ្ញុំគ្រាន់តែជូនយោបល់ជាឯកជន ជាបុគ្គលរបស់ខ្ញុំតែប៉ុណ្ណោះទេ ពីព្រោះបញ្ហាទាក់ទាញភ្ញៀវទេសចរនេះ មិនមែនមានកត្តាតែមួយទេ វាគ្រប់កត្តាទាំងអស់ តាំងពីព្រលានយន្តហោះ តាំងពីសេវាបម្រើនៅព្រលានយន្តហោះ តាំងពីសណ្ឋាគារ តាំងពីភោជនីយដ្ឋាន និងតូបលក់ដូរកំប៉ិកកំប៉ុក ឬមួយក៏អាកប្បករិយារបស់ជនជាតិកម្ពុជាយើង ដែលធ្លាប់តែមានវប្បធម៌រុងរឿង ថ្លៃថ្លា ដែលពិភពលោកគេទទួលស្គាល់ ហើយបើមានករណីខ្លះធ្វើឲ្យគេទើសចិត្ត អាហ្នឹងវាជាសិទ្ធិសម្រេចរបស់ទេសចរជនជាតិនីមួយ ឬមួយក៏ទេសចរម្នាក់ៗ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះរឿងប្រឆាំង យើងមិនបាច់គិតទេ ពួកប្រឆាំងហ្នឹង គឺរឿងតូច វាទៅពង្រីករឿងធំ អានេះហើយក៏វាជាឧបសគ្គមួយដែរ មិនមែនវាអត់មានឥទ្ធិពលទេ វាមាន ក៏ប៉ុន្តែយើងធ្វើម៉េចផ្ទៃក្នុងរបស់យើងជាកត្តាកំណត់ ធ្វើអ្វីកុំឲ្យវាចាប់កំហុសបាន ហើយបើយើងផ្ទៃក្នុងធ្វើឲ្យមានចន្លោះប្រហោង ឲ្យពួកប្រឆាំងវាចាប់កំហុសបាន វាកាន់តែពង្រីកថែមទៀត នូវគុណវិបត្តិរបស់យើង អាហ្នឹងបញ្ហាសំខាន់ប៉ុណ្ណឹង ។ បើយើងធ្វើល្អហើយ អ្នកឯងទៅមួលបង្កាច់អំពើល្អរបស់យើង អាហ្នឹងគឺថា សច្ចធម៌ វាសិ្ថតនៅលើការពិតជាក់ស្ដែងទេ មិនអាចឲ្យភ្ញៀវទេសចរជឿការឃោសនារបស់ពួកប្រឆាំងបានទេ ។ ក៏ប៉ុន្តែបើសិនណាជាយើងមិនប្រុងប្រយ័ត្នទេ អាចំណុចខ្វះខាតយើងតិចតួចហ្នឹង អាពួកប្រឆាំង វាឆ្លៀតឱកាសដើម្បីពង្រីកកំហុសតិចតួចនេះ ទៅជាកំហុសធំ ហើយអាកំហុសធំហ្នឹង នាំជះឥទ្ធិពលទៅដល់សតិអារម្មណ៍របស់ភ្ញៀវទេសចរហ្នឹងឯង ។ យ៉ាងណា បើសួរថា ទោះបីយ៉ាងណា ក្រុមប្រឆាំងគួរតែនិយាយល្អពីកម្ពុជា បើពិតជាស្រលាញ់កម្ពុជា ពិតប្រាកដនោះ ខ្ញុំថា មិនគួរទេ គឺថា ពួកប្រឆាំង វាបន់ឲ្យតែមានចំណុចខ្វះខាត ដើម្បីវាពង្រីក ដូចខ្ញុំថាខាងដើមអ៊ីចឹង ហើយពួកប្រឆាំងនេះ អត់មានកំហុសរបស់រាជរដ្ឋាភិបាល ក៏វាប្រឌិតរឿង ដើម្បីឲ្យជាមានកំហុសរបស់រាជរដ្ឋាភិបាលដែរ ។ អ៊ីចឹងយើងមិនបាច់សង្ឃឹមទៅលើឥទ្ធិពលអីពួកប្រឆាំងទេ យើងគ្រាន់តែប្រុងប្រយ័ត្នរបស់យើងផ្ទៃក្នុងនេះ ពីព្រោះអ្វីៗក៏ដោយជាកត្តាកំណត់ គឺផ្ទៃក្នុងរបស់យើង ។ បើយើងធ្វើល្អ បើយើងធ្វើសម្រួលដល់ភ្ញៀវទេសចរ  យើងបម្រើសេវាល្អសម្រាប់ភ្ញៀវទេសចរហើយ ទោះបីជាវានិយាយមួលបង្កាច់យ៉ាងណា ក៏មិនអាចលុបបំបាត់ទៅលើការពិតនេះបានដែរ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ភ្ជាប់ជាមួយចំណុចនេះហើយ ដែលខ្ញុំថា គណបក្សប្រជាជនកម្ពុជា មានសមាជិកជាង៧លាន៣សែននាក់ មិនត្រូវការចំណាយលុយទិញសមាជិកបក្សប្រឆាំងអីទេនោះ គឺខ្ញុំចង់បញ្ជាក់សង្កត់ធ្ងន់ថា រឿងទិញនេះ យើងអត់មានត្រូវការទិញទេ ក៏ប៉ុន្តែបើអ្នកឯងចូលមកក្នុងឆន្ទៈនយោបាយ ជឿទុកចិត្តលើកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលក្ខណៈជាទឹកត្រជាក់ ត្រីកុំ អាហ្នឹងយើងស្វាគមន៍ យើងមិនបដិសេធទេ ។ បើកាលណាយើងបដិសេធ ហាក់បីដូចជាយើងហ្នឹងរើសអើង ទោះបីអ្នកឯងមានអតីតកាលពីនាយក៏ដោយ ធ្លាប់ជេរគណបក្សប្រជាជនរាប់សិបឆ្នាំហើយក៏ដោយ ក៏យើងនៅតែស្វាគមន៍ដែរ ឲ្យតែអ្នកឯងលះបង់នូវគំនិតចាស់គំរឹលពីមុនមក ដែលដើរតាមទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនេះ គឺថាយើងនៅតែស្វាគមន៍ យើងមិនរើសអើងទេ ពីព្រោះទាំងអស់គ្នា សុទ្ធតែជាពលរដ្ឋកម្ពុជា ដូចៗគ្នាទេ គ្រាន់តែថាកាលៈទេសៈខ្លះវាមានទស្សនៈផ្ទុយគ្នា ។ អ៊ីចឹងទេ បើគេកែទស្សនៈចាស់ហើយ គេមកដើរតាមកម្មវិធីនយោបាយរបស់គណបក្សហើយ អាហ្នឹងយើងនៅតែស្វាគមន៍ ។ ដូច្នេះអាហ្នឹងហើយ ដែលជានយោបាយទឹកត្រជាក់ ត្រីកុំ របស់គណបក្សប្រជាជនកម្ពុជា ។ បានន័យថា ការចូលរួមរបស់សកម្មជនប្រឆាំងកន្លងមក និងរហូតដល់ពេលនេះ គឺជាការភ្ញាក់រលឹករបស់បុគ្គលម្នាក់ៗ ។ អាហ្នឹងយើងស្វាគមន៍ ហើយកុំឲ្យចោទថា គណបក្សទិញទឺកចិត្ត គណបក្សយកបុណ្យស័ក្ដិ ឬយកលុយកាក់ទៅទិញទឹកចិត្តរបស់បុគ្គលម្នាក់ៗនេះយកមក ។ គណបក្សប្រជាជន បើមានលុយ ទៅធ្វើសាលារៀន ធ្វើវត្តអារាម ឬមួយធ្វើផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធនានា កសាងប្រទេស ដើម្បីបម្រើជីវភាពរស់នៅរបស់ប្រជាជន អាហ្នឹងគឺវាប្រសើរជាង អត់មានយកលុយទៅទិញទឹកចិត្តសមាជិក សមាជិកា ឬសកម្មជនរបស់បក្សប្រឆាំង យកមកដើម្បីចុះចូលជាមួយខ្លួនទេ អត់ទេ“ ។

ទោះបីយ៉ាងណា លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៊ី​ កំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ការបាត់ភ្ញៀវទេសចរ មិនមែនមកពីក្រុមលោកសម រង្ស៊ី និយាយមិនល្អពីកម្ពុជា នោះទេ គឺមកពីការកាន់អំណាចផ្ដាច់ការតពូជ វាធ្វើឲ្យនីតិរដ្ឋចុះខ្សោយ មានបទឧក្រិដ្ឋកើតឡើងពេញផ្ទៃប្រទេស ជាដើម ហើយការដែលបក្សកាន់អំណាចថា មានសមាជិក ៧លាននាក់ មិនត្រូវការទិញពួកប្រឆាំងនោះ ជាការអួតហួសការពិត ព្រោះ៧លាននាក់ មានតែឈ្មោះប៉ុណ្ណោះ តែបើមានការបោះឆ្នោតត្រឹមត្រូវ ហើយគណបក្សសង្រ្គោះជាតិ មិនត្រូវបានរំលាយ យ៉ាងច្រើនមានតែ ២លាននាក់ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ក្រុមលោកសម រង្ស៊ី មិនមានឥទ្ធិពល រហូតដល់និយាយមិនល្អពីកម្ពុជា រហូតដល់បាត់ភ្ញៀវនោះទេ ហើយបើកម្ពុជាហ្នឹងធ្វើខ្លួនឲ្យល្អទៅ អ្នកណានិយាយយ៉ាងម៉េច ក៏គេមិនជឿដែរ ។ ដូច្នេះមិនមកពីក្រុមលោកសម រង្ស៊ី និយាយមិនល្អពីកម្ពុជា នោះទេ មកពីការកាន់អំណាចផ្ដាច់ការតពូជទៅ វាធ្វើឲ្យនីតិរដ្ឋចុះខ្សោយ ។ ហើយសមាជិកជាង៧លាននាក់ហ្នឹង មានតែឈ្មោះ បើបោះឆ្នោតត្រឹមត្រូវទៅ បើបោះឆ្នោតមិនឈ្នះគណបក្សសង្រ្គោះជាតិអ៊ីចឹង បានរំលាយគេចោល បោះឆ្នោតម្នាក់ឯង បោះឆ្នោតបង្រ្គប់កិច្ចឆ្នាំ២០១៨ និង២០២៣ ។ ដូច្នេះសមាជិក ៧លាននាក់ហ្នឹង មានតែឈ្មោះទេ ប៉ុន្តែមន្រ្តីរាជការ ទាហាន ប៉ូលិសអីហ្នឹង គេចាំតែបោះឲ្យសង្រ្គោះជាតិទេ បើសិនជាមានសង្រ្គោះជាតិ ។ ដូច្នេះគេចូលជាសមាជិកគណបក្សប្រជាជន ខ្លាចការគាបសង្កត់ ខ្លាចមានការរើសអើង ខ្លាចការបណ្ដេញចេញពីការងារតើ! ដូច្នេះគណបក្សប្រជាជន អ៊ីចឹងហើយបានខំយកលុយហ្នឹងទៅទិញពួកប្រឆាំង ឲ្យចុះចូលហ្នឹង ដើម្បីឲ្យពួកប្រឆាំងនឹងចុះខ្សោយ ប៉ុន្តែទិញយ៉ាងម៉េចក៏ទិញមិនអស់ដែរ ព្រោះប្រជាពលរដ្ឋ ១៦លាននាក់ហ្នឹង គាំទ្រគណបក្សប្រឆាំង សឹងតែទាំងអស់ហើយ បើបោះឆ្នោតត្រឹមត្រូវ ។ អ៊ីចឹងហើយបានគាត់អត់ហ៊ានបោះឆ្នោតត្រឹមត្រូវ ទោះបីខំរំលាយគេប៉ុណ្ណឹងហើយ ទិញគេប៉ុណ្ណឹងហើយ ក៏អត់ហ៊ានបោះឆ្នោតត្រឹមត្រូវដែរ ព្រោះដឹងថា ខ្លួនឯងធ្វើអាក្រក់ បោះឆ្នោតទៅចាញ់គេ ព្រោះសមាជិក ៧លាននាក់ហ្នឹង បោះឲ្យគណបក្សប្រជាជន យ៉ាងច្រើន ២លាននាក់ហ្នឹងឯង ក្រៅពីហ្នឹង បោះឲ្យគណបក្សប្រឆាំងហើយ បានឪកូនហ្នឹង គឺកំសាកញី អត់ហ៊ានប្រកួតប្រជែងតាមសង្វៀននយោបាយ នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌“ ៕ កុលបុត្រ

RELATED ARTICLES