ភ្នំពេញ ៖ លោកញ៉ែម អេន អតីតទីប្រឹក្សាព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានទម្លាយរឿងពុករលួយ និងបក្ខពួកនិយមក្នុងបក្សហ៊្វុនស៊ិនប៉ិច ដោយបានប្រកាសឲ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សងលុយមកលោកវិញ ព្រោះលោកខំចំណាយអស់ ៧ម៉ឺនដុល្លារ នៅក្នុងការរកសំឡេងឆ្នោតឲ្យគណបក្សហ៊្វុនប៉ិច នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កន្លងទៅនេះ តែមិនបានតំណែងអ្វីសោះ នៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ លោកញ៉ែម អេន អតីតអ្នកថតរូបនៅគុកទួលស្លែង បានដាក់លិខិតលាលែងពីអគ្គលេខាធិការរងគណបក្សហ៊្វុនស៊ិនប៉ិច និងជាទីប្រឹក្សាផ្ទាល់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ដោយមិនបញ្ជាក់ពីមូលហេតុទេ ដោយលោកបានបញ្ជាក់ក្នុងលិខិតលាលែងនោះថា “ខ្ញុំបាទ ញ៉ែម អេន ឋានៈជាអគ្គរង និងជាទីប្រឹក្សាផ្ទាល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ។ ខ្ញុំបាទសូមក្រាបបង្គំទូលថ្វាយព្រះអង្គម្ចាស់ និងឯកឧត្តមអគ្គលេខាធិការ អាំង សំបូរ និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង ខ្ញុំបាទសូមលាលែងពីសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។ រាល់បញ្ហាទាំងអស់ ឬសកម្មភាពរបស់ខ្ញុំបាទ ញ៉ែម អេន ចាប់ពីនេះតទៅ ពុំមានពាក់ព័ន្ធជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ឡើយ“ ។
ដោយឡែក ចូលមកដល់ចុងខែតុលា ឆ្នាំ២០២៤ លោកញ៉ែម អេន ស្រាប់តែទម្លាយថា ការលាលែងពីអគ្គលេខាធិការរងគណបក្សហ៊្វុនស៊ុនប៉ិច និងទីប្រឹក្សាផ្ទាល់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ដោយសារតែមានអំពើពុករលួយ បក្ខពួកនិយម នៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ហើយបានបំភ្លេចរូបលោកចោល ដោយមិនបានផ្ដល់តំណែងអ្វីមួយដល់លោកនៅក្នុងរាជរដ្ឋាភិបាល ដែលសម្បទានឲ្យដោយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) សោះ ខណៈដែលលោកខំចំណាយលុយអស់ ៧ម៉ឺនដុល្លារ ដើម្បីជួយរកសំឡេងឆ្នោត រហូតបានជាប់តំណាងរាស្រ្តនៅក្នុងរដ្ឋសភា និងបានតំណែងនៅក្នុងរដ្ឋាភិបាល និងនៅក្នុងព្រឹទ្ធសភា ។
លោកញ៉ែម អេន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថា “អា ចក្រាវុធ សងប្រាក់ញ៉ែម អេន វិញមក ៖ ថ្ងៃនេះ សូមបញ្ជាក់ទៅអាបួនក្បាល សងលុយអញ ញ៉ែម អេន មកវិញ ដើម្បីចប់រឿង អញអស់ឡាន អញអស់ម៉ូតូ អញអស់លុយ សរុបមិនក្រោម ៧ម៉ឺនដុល្លារទេ ដើររកសំឡេងឆ្នោតជូនគណបក្ស ២២ខេត្ត-ក្រុង ពិសេសចំណាយនៅក្នុងទីក្រុងភ្នំពេញ តែម្តង រយៈជិត១០ខែ ពេលបានតំណែងពីរាជរដ្ឋាភិបាល ដាក់តែបក្ខពួក កូនចៅវាទាំងអស់ ៩៥% អ្នកដែលអត់ចេញប្រាក់សោះ វាអយុត្តិធម៌ណាស់ សូម្បីតែអាវបក្ស វាមិនហ៊ានពាក់ផង អាមួយចំនួន ពិសេសអាហេង ហាលីម ។ល។“ ។
លោកញ៉ែម អេន បានសរសេរបន្តថា “អាបួនក្បាល រួមមាន ១- អា ចក្រាវុធ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។ ២- អា អាំង សំបូរ អគ្គលេខាធិការគណបក្ស និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ដែលវាលួចឆក់ប្លន់តំណាងរបស់ឯកឧត្តម ភឹម រ៉ុង ។ល។ ៣- អា ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្ស អាបោក អាកុហក អាបោកប្រាស់ អាសន្យាខ្យល់ វាជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ។ល។ ៤- អា ហេង ហាលីម ក្នុងបក្ស មិនដឹងវាមានតួនាទីអ្វីទេ ប៉ុន្តែបច្ចុប្បន្នវាជាសមាជិកព្រឹទ្ធសភា បានកូតាពីគណបក្សហ៊្វុនស៊ិនប៉ិច វាជាបិតាបក្ស អានេះជើងល្អក្នុងបក្ស វាចាត់ចែងទាំងអស់ ហើយវាថា អា ចក្រាវុធ ប្រធានបក្ស ក៏ខ្លាចវាដែរ មិនហ៊ាននឹងវាទេ អ្នកណាហ៊ាននិយាយការពិត ពុករលួយនៅក្នុងបក្ស ប្រឆាំងវា និយាយពីបក្សពួកវា វាដកដេញទាំងអស់ ។ល។ អា ចក្រាវុធ ស្អាតតែរូប ចរិតអន់ជាងមនុស្សធម្មតាទៀត។ សងលុយអញ ញ៉ែម អេន វិញមក វាចប់រឿងរ៉ាវទាំងអស់ ។ល។“ ។
លោកញ៉ែម អេន បានសរសេរបន្ថែម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “អា ចក្រាវុធ ប្រធានបក្ស និងបក្ខពួក ត្រូវសងលុយអញវិញ ដើម្បីបញ្ឈប់រឿងរ៉ាវទាំងអស់ ។ល។ ជីវិតអ្នកនយោបាយ ក្រោយពីជឿជាក់លើបុគ្គលប្រធានគណបក្សហ៊្វុនស៊ិនប៉ិច អា ចក្រាវុធ និងអាបក្ខពួកវាមួយចំនួនទៀត និងការសន្យាខ្យល់ពីពួកវា ធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ ពិសេសពេលវេលា ដោយសារស្រឡាញ់និងទុកចិត្ត ក្រោយពីបានតំណែងខ្លះៗនៅក្នុងរដ្ឋាភិបាល ក្រោយពីបោះឆ្នោតជាតិ ឆ្នាំ២០២៣ វាដាក់តែបក្ខពួកគ្នាវា និងកូនចៅវា ។ល។ បាទថ្ងៃនេះបានធ្វើដំណើរតាមកង់កម្សត់មួយគ្រឿង ដើរដាក់សៀវភៅនៅតាមបណ្ណាគារ នៅក្នុងសៀមរាប និងអង្គរតូច អង្គរធំ“ ។
បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកញ៉ែម អេន បានប្រាប់ “នគរធំ” នៅថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២៤ ថា លោកបានចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច នៅដើមឆ្នាំ២០២៣ ។ ពេលនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានតែងតាំងលោកជាអគ្គលេខាធិការរង ជាអនុប្រធានក្រុមការងារគណបក្សរាជធានីភ្នំពេញ និងតែងតាំងជាទីប្រឹក្សាផ្ទាល់របស់ព្រះអង្គ ។ បន្ទាប់មក លោកបានបំពេញកាតព្វកិច្ច ដោយបានដើរ ២២រាជធានី-ខេត្ត ក្នុងចំណោម ២៥រាជធានី-ខេត្ត គឺអត់បានទៅតែខេត្តកោះកុង រតនគិរី និងស្ទឹងត្រែង ប៉ុន្តែ ៣ខេត្តនោះ មិនបានទៅផ្ទាល់ ក៏លោកបានទាក់ទងតាមទូរស័ពុ្ទដែរ ។ ក្នុងការចំណាយលុយ ក្នុងរយៈពេល ៨ខែនោះ នៅភ្នំពេញ លោកដាក់ចូលក្នុងគ្រុបរួម ចំនួន១៥៥០ដុល្លារ និងមួយទៀត ៣៥០០ដុល្លារ សរុបទៅអស់ ៤៥០០០ដុល្លារ ។ ក្រៅពីនេះ លោកជួសជុលឡាន អស់២៥០០ដុល្លារ ជួលផ្ទះនៅឫស្សីកែវ ក្នុង១ខែ ៣០០ដុល្លារ ។ ក្នុងការបោះឆ្នោតព្រឹទ្ធសភា ក្នុងរយៈពេល ២១ថ្ងៃ លោកត្រូវចំណាយយ៉ាងទាប ៥០០ដុល្លារ ក្នុង១ថ្ងៃ ចែកជូនសកម្មជន ។ ១៣០ភូមិ លោកដើរទាំងអស់ ត្រូវចំណាយសាំងឡាន អស់ច្រើន ។ នៅពេលនោះ អាំង សំបូរ អគ្កលេខាធិការបក្ស បានសន្យានឹងលោកថា អ្នកណាចេញលុយ អ្នកនោះត្រូវតែបានតំណែង តែចុងបញ្ចប់ ដាក់តែបក្ខពួកទាំងអស់ ។ មិនតែប៉ុណ្ណោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានស្បថនឹងលោក ទី១ នៅឧដុង្គ ថាឲ្យតែគណបក្សហ៊្វុនស៊ិនប៉ិច បានតំណាងរាស្រ្តខ្លះ ព្រះអង្គនឹងរុញលោកទៅសភា ។ ទី២ នៅកន្លែងអ្នកតាដំបងគ្រញូង ព្រះអង្គសរសើរលោកថា លោកខិតខំណាស់ គឺក្នុងហ៊្វុនស៊ិនប៉ិច គ្មានអ្នកណាខិតខំដល់លោកទេ ។ ទី៣ ព្រះអង្គសច្ចានៅក្នុងថ្ងៃជួបជាមួយក្រុមអ្នកធាក់ស៊ីក្លូថា បើការងារដំណើរការជោគជ័យមែនទែន ព្រះអង្គនឹងរុញលោកទៅក្រសួងការពារជាតិ ។
លោកញ៉ែម អេន បានបន្តថា ក្នុងរយៈពេល១០ខែ ដែលលោកចាកចេញ ដោយសារការដឹកនាំនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច អត់មានតម្លាភាព ។ ទី១ ទីប្រឹក្សា ៥០នាក់ ដាក់តែបក្ខពួកទាំងអស់ អត់ចាយលុយ ហើយចាំលាងមាត់ បាយដាំហើយស្រេច ដួសដាក់ដាក់លើតុចាំចូលស៊ីតែម្ដង អ្នកណាមិនខឹង? ទី២ តំណែង គ.ជ.ប ៣នាក់ អាំង សំបូរ ដាក់កូនប្រសា ដាក់កូននុត សុខុម ឋានៈស្មើអគ្គលេធិការរង ជាដើម ។ នៅក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ ៦នាក់ អ្នកខ្លះមិនដែលឃើញសោះ តែបានតំណែងសមាជិកនៅក្នុងស្ថាប័នមួយនេះ ។ ដោយសារតែមើលឃើញដូចនេះហើយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកបានធ្វើលិខិតលាលែង តែនៅយប់ថ្ងៃទី១៩ ខែកញ្ញា អាំង សំបូរ អគ្គលេខាធិការបក្ស ទូរស័ព្ទមកលោក ២៥ដង ឲ្យទៅជួបនៅហាងមួយ នៅម្ដុំទទួលគោក ហើយលោកក៏បានទៅជួប ដែលពេលនោះ ថ្នាក់ដឹកនាំបក្ស ៥នាក់ គឺទី១-លោកញឿន រ៉ាដែន តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអ្នកនាំពាក្យគណបក្ស ទី២-ហេង ហាក់លីម បច្ចុប្បន្នក្លាយជាសមាជិកព្រឹទ្ធសភា ទី៣- ចាន់ ណាក់ តំណាងរាស្រ្តមណ្ឌលកំពង់ធំ ទី៤- ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ និងទី៥- លោកអាំង សំបូរ ។ ពេលជួបគ្នានោះ លោកហេង ហាក់លីម បានយកទូរស័ព្ទរបស់លោក មកឆែកមើល ហើយក៏បានសរសេរបង្ហោះថា លោកបានសុំទោសព្រះអង្គម្ចាស់រួចហើយ ។ លុះចេញមកវិញ លោកហេង ហាក់លីម បានលួចយកទូរស័ព្ទរបស់លោកទៅបាត់ ពីម៉ោង១០យប់ រហូតម៉ោង ១២ថ្ងៃត្រង់ ទើបឲ្យមកលោកវិញ គឺយកទៅ ១៥ម៉ោង ។ នៅថ្ងៃទី១៩ កញ្ញា នោះដែរ គណបក្ស បានធ្វើលិខិតបញ្ឈប់លោកពីសមាជិកគណបក្ស ទាំងដែលលោកមិនស្ដាយអ្វីសូម្បីតែបន្តិច ព្រោះលោកជាអ្នកសុំលាលែង ប៉ុន្តែអ្វីដែលសំខាន់នោះ គឺលោកស្ដាយលុយដែលលោកខំចំណាយក្នុង ១ថ្ងៃ ៣០០ដុល្លារ គុណនឹង ៣០០ថ្ងៃ តែមិនបានអ្វីមកវិញ ដែលធ្វើឲ្យលោកមានការឈឺចាប់ខ្លាំងណាស់ រហូតលោកបានដាក់ពាក្យប្ដឹងនៅភ្នំពេញ តែលោកបានសម្រេចដកពាក្យវិញ ដោយសារទីប្រឹក្សាសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើមកលោកថា លោកញឿន រ៉ាដែន សុំមេត្តាអង្វរឲ្យលោកដកពាក្យបណ្ដឹង ។ ប៉ុន្តែនៅពេលលោកដកពាក្យបណ្ដឹង លោកញឿន រ៉ាដែន និងអាំង សំបូរ បានប្ដឹងលោកវិញនៅសៀមរាប ពាក់ព័ន្ធរឿងព្រហ្មទណ្ឌ ហើយលោកបានឡើងតុលាការ ដល់ទៅ ៦ដង ។ យ៉ាងណា ទោះប្រឈមនឹងការប្ដឹងយ៉ាងណា លោកនៅតែសុំទាមទារលុយរបស់លោកមកវិញគ្រប់ចំនួន (៧ម៉ឺនដុល្លារ) ឬបើមិនបានលុយខ្លះទេ លោកនៅតែនិយាយ ទាល់តែដល់ថ្ងៃចូលរណ្ដៅ ។
លោកញ៉ែម អេន បានបញ្ជាក់ថា ក្រោយលាលែងពីគណបក្សហ៊្វុនស៊ិនប៉ិច លោកបានផ្ញើលិខិតទៅសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ ប៉ុន្តែសម្ដេចហ៊ុន សែន បានឆ្លើយតបថា សម្ដេច មិនទទួលយករូបលោកទេ ដោយសម្ដេច បានឲ្យលោកត្រឡប់ទៅហ៊្វុនស៊ិនប៉ិច វិញ ព្រោះហ៊្វុនស៊ិនប៉ិច ជាគណបក្សដៃគូ សម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ។
លោកញ៉ែម អេន បញ្ជាក់ថា លោកបានប្ដឹងទៅក្រសួងមហាផ្ទៃ និងទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពីបទដែលលោកហេង ហាក់លីម យកទូរស័ព្ទរបស់លោកទៅ អស់១៥ម៉ោងនោះ ។ ឥឡូវនេះ បន្ទាប់ពីលោកបានជួបជាមួយមន្រ្តីក្រសួងមហាផ្ទៃ អស់រយៈពេល៨ម៉ោង កាលពីពេលថ្មីៗនេះ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកច្រឹង ខ្មៅ បានបញ្ជូនសំណុំរឿងលោកទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ ជារួមទៅ លោកសុំបញ្ជាក់ឡើងវិញថា ឲ្យតែសងលុយលោកមកវិញ លោកនឹងបញ្ចប់អ្វីៗទាំងអស់ ព្រោះឡានលោក តម្លៃ៧៥៥០ដុល្លារ បានយកទៅបញ្ចាំកាតគ្រី ៣០០០ដុល្លារ ក៏លង់ទៅៗ… ។
ទោះយ៉ាងណា ជុំវិញការលើកឡើងរបស់លោកញ៉ែម អេន ខាងលើនេះ “ នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បំភ្លឺ ការឆ្លើយតបពីលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានទេ កាលពីម្សិលមិញ ៕ កុលបុត្រ