Friday, November 22, 2024
Homeព័ត៌មានជាតិលី សាម៉េត តុលាការសម្រេចឃុំខ្លួននៅគុកព្រៃស

លី សាម៉េត តុលាការសម្រេចឃុំខ្លួននៅគុកព្រៃស

ភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយត្រូវបានតុលាការ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ នៅថ្ងៃដដែលនោះ ក្រោយពីបានចូលខ្លួនសារភាព តាមបញ្ជាសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានចេញមុខសារភាពកំហុស និងសុំទោសសម្តេច ហើយសុំពេលសម្រាកនៅផ្ទះព្យាបាលជំងឺសិន តែសម្តេច ថាមិនអាចឲ្យបុគ្គលនេះបន្តនៅក្រៅសំណាញ់ច្បាប់បានទេ ត្រូវតែចាប់ខ្លួនភ្លាម។

វេលាម៉ោងជិត ១១ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ លី សាម៉េត ហៅគ្រូមា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រម ធ្វើការសាកសួរតាមនីតិវិធី ពាក់ព័ន្ធករណីឆបោក។ ក្រោយសាកសួររួចហើយ តុលាការ ក៏បានសម្រេចឃុំខ្លួនលោកលី សាម៉េត នៅពន្ធនាគារ ជាបណ្ដោះអាសន្ន ។

នៅថ្ងៃអង្គារ ០៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកថោង ផល្លារង្សី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកលី សាម៉េត ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស (ម១)។

ដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ដូចខាងក្រោម ៖

យើង ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ

-បានឃើញ មាត្រា ២០៦, ២១៩, ២២០, ២២១ និងមាត្រា ២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ

-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៦៥១៥ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។

-បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៧៥៥ អ.យ.ខ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

-បានឃើញ សំណុំរឿងស៊ើបសួរលេខ ៤៧៥១ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

នាមត្រកូល លី នាមខ្លួន សាម៉េត ហៅ គ្រូមា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបររកស៊ី កម្រិតវប្បធម៌គ្មាន (មិនចេះអក្សរ) ទីកន្លែងកំណើត ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល អាសយដ្ឋានមុនពេលឃាត់ខ្លួន ស្នាក់នៅបុរីរិទ្ធ ផ្ទះលេខ៤១៣ ផ្លូវលេខ៦A សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឪពុកឈ្មោះ មាន ម៉ន “ស្លាប់” ម្តាយឈ្មោះ សេក ស៊ឹម “ស្លាប់” ប្រពន្ធឈ្មោះ សាម ចេង “រស់” មានកូនចំនួន០៦នាក់ ប្រវត្តិផ្តន្ទាទោសដោយតុលាការ គ្មាន។ ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

-ឃាត់ខ្លួន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០៤។

-បានឃើញ ដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន លេខ  ៨៤៥០ ដ.ព.ស ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

បង្គាប់ ៖

១-ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។

២-ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ “ម១” ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣-ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់…។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែតុលា  ឆ្នាំ២០២៤ លោកលី សាម៉េត ហៅគ្រូមា ត្រូវបានសម្ដេចហ៊ុន សែន ទម្លាយថា បានយកឈ្មោះសម្ដេច ដើរបោកលុយគេ រាប់សិបលានដុល្លារ ក្នុងនោះរួមមាន បោកឈ្មោះ សុខ ឡេង ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារ, បោកឈ្មោះ មួង ឃីម ចំនួន២៣ម៉ឺនដុល្លារ និងបោកឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ចំនួន៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការប្ដូរតួនាទីពីអភិបាលស្រុកល្វាឯម ទៅជាអភិបាលក្រុងអរិយក្សត្រ។

កាលណោះ សម្ដេចហ៊ុន សែន បានស្នើឱ្យក្រសួងយុត្តិធម៌ បង្កកទ្រព្យសម្បត្តិបុគ្គល លី សាម៉េត នេះ ដើម្បីទុកសងជូនអ្នកដែលបានចាញ់បោក និងបានណែនាំឱ្យជនរងគ្រោះដែលចាញ់បោកបុគ្គល លី សាម៉េត ត្រូវដាក់ពាក្យបណ្ដឹងតាមរយៈមេធាវីរបស់សម្ដេច។ សម្ដេច ក៏បានស្នើសុំសមត្ថកិច្ច តាមឃ្លាំមើលបុគ្គល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។ នៅរាត្រីថ្ងៃដដែល  សមត្ថកិច្ចបានឡោមព័ទ្ធផ្ទះរបស់បុគ្គល លី សាម៉េត នៅរាជធានីភ្នំពេញ ប៉ុន្តែរកបុគ្គល លី សាម៉េត មិនឃើញឡើយ។

ជាង៣សប្ដាហ៍ក្រោយមក ពោលគឺនៅវេលាម៉ោង១១ ថ្ងៃត្រង់ ទី០៤ ខែវិច្ឆិកា ស្រាប់តែបុគ្គល លី សាម៉េត បានចេញវីដេអូសារភាពកំហុស សុំទោសសម្ដេចហ៊ុន សែន ចំពោះកំហុសដែលខ្លួនបានយកឈ្មោះសម្ដេច ទៅបោកប្រាស់លុយអ្នកដទៃជាច្រើន។  បុគ្គល លី សាម៉េត បានទទួលស្គាល់ថា ខ្លួនពិតជាបានកុហកអ្នកដទៃ ថាខ្លួនធ្លាប់ចេញចូលគេហដ្ឋានរបស់សម្ដេច នៅក្រុងតាខ្មៅ ទាំងដែលខ្លួនមិនធ្លាប់ចូលផ្ទះសម្ដេច សោះ និងបានបញ្ជាក់ថា អ្វីដែលសម្តេច បានទម្លាយចេញកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នោះ គឺជាការពិតទាំងអស់ ហើយថា សម្តេច បានទុកឱកាសឲ្យកែខ្លួន ៣ដង តែខ្លួនមិនកែ ទើបសម្តេច ទម្លាយរឿងនេះ។

នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួន លោកលី សាម៉េត ដែលហៅគ្រូមា ដែលកំពុងរត់គេចខ្លួន បានចេញវីដេអូសារភាពកំហុស សុំទោសសម្ដេចហ៊ុន សែន និងសុំពេលព្យាបាលជំងឺមួយរយៈសិន មុននឹងចូលខ្លួនសារភាព ដោយអះអាងថា នឹងមិនរត់គេចខ្លួនទៅណាឡើយ ។

លោកលី សាម៉េត បាននិយាយនៅក្នុងវីដេអូនោះ ជាមួយការលើកដៃសំពះសម្ដេចហ៊ុន សែន ពីចម្ងាយថា “ខ្ញុំបាទ លី សាម៉េត ហៅលោកគ្រូមា ។ ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ការពិតចេញពីបេះដូងខ្ញុំបាទ ។ រឿងរ៉ាវដែលសម្ដេច លោកបានបង្ហោះក្នុងសំណេរផេកផ្លូវការរបស់លោក ពាក់ព័ន្ធនឹងរឿងខ្ញុំបាទ សុទ្ធសឹងតែជារឿងពិតទាំងអស់ ។ ខ្ញុំបាទ លី សាម៉េត បានសាងកំហុសយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់ខ្ញុំ របស់សម្ដេច ។ ខ្ញុំបាទបានយកឈ្មោះសម្ដេច ទៅប្រើ ដើម្បីយកលុយគេ នេះជារឿងពិត ហើយក៏មិនមែនជាលើកទី១ ដែរ ។ មិនតែប៉ុណ្ណោះ ថាថវិកា លុយទាំងអស់នោះ យកទៅជូនសម្ដេច ទៀត  ។ នេះសុទ្ធតែជារឿងខ្ញុំបាទប្រតិដ្ឋចេញដោយខ្លួនឯង គឺបុគ្គលខ្ញុំម្នាក់ សាងកំហុសយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សម្ដេចតេជោ អាចនឹងមហាជនយល់ច្រឡំ តែខ្ញុំសូមបញ្ជាក់បងប្អូន កូនក្មួយ ទ្រង់ ឯកឧត្ដម លោកជំទាវទាំងអស់ ឲ្យបានជ្រាបច្បាស់ គឺសម្ដេចតេជោ លោកអត់បានដឹងនោះទេ លោកអត់បានដឹងរឿងអីទាំងអស់ ខ្ញុំបាទទេជាអ្នកប្រព្រឹត្ត យកឈ្មោះកិត្តិយសសម្ដេច ទៅប្រើ ដើម្បីតែផលប្រយោជន៍ខ្លួនឯង យកលុយគេ នេះជារឿងពិត ។ សម្ដេច ជាទីគោរពដ៏ខ្ពង់ខ្ពស់! ឲ្យខ្ញុំបាទទោស! លី សាម៉េត ខ្ញុំសុំទោស! សុំទោសហើយសុំទោសទៀត» ។

លោកលី សាម៉េត បន្តថា “ចំណុចមួយទៀត លើកទី១ សម្ដេច លោកមានមនោសញ្ចេតនា លោកទុកឱកាសឲ្យខ្ញុំបាទកែខ្លួន លើកទី២ ក៏លោកទុកឱកាសឲ្យខ្ញុំបាទកែខ្លួនដែរ រហូតដល់លើកទី៣ ខ្ញុំបាទនៅតែប្រព្រឹត្ត នៅតែសាងកំហុសយ៉ាងធ្ងន់ធ្ងរទៅលើសម្ដេច ទៀត ។ នេះជារឿងពិត ខ្ញុំបាទយកគុណទៅសងទោស ដែលសម្ដេច លោកមានគុណលើខ្ញុំបាទ និងក្រុមគ្រួសារខ្ញុំបាទ ។ ខ្ញុំបាទមានកំហុសធ្ងន់ធ្ងរណាស់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្ដេច លោកមានចិត្តមេត្តា ទុកឱកាសឲ្យខ្ញុំបាទពីរបីដង តែខ្ញុំបាទនៅតែប្រព្រឹត្តអំពើអាក្រក់ យកឈ្មោះលោកទៅប្រើ ដើម្បីយកលុយគេ នេះជារឿងពិត ។ ចំណុចសំខាន់មួយទៀត ខ្ញុំបាទហ៊ានប្រើពាក្យថា ខ្ញុំបាទចេញចូលផ្ទះសម្ដេច ភូមិគ្រឹះនៅតាខ្មៅ ថ្ងៃណាក៏បាន ពេលណាក៏បាន ម៉ោងណាក៏បាន នេះជារឿងពិត ខ្ញុំបាទសារភាព ខ្ញុំបាទនិយាយពិតមែន ។ តាមការពិត ខ្ញុំបាទមិនដែលបានស្គាល់ផ្ទះសម្ដេចតេជោ នៅតាខ្មៅ ភូមិគ្រឹះនៅតាខ្មៅនោះ បែរមុខទៅណា នៅចំណុចណានោះទេ តែខ្ញុំបាទប្រឌិតរឿងនេះឡើង ដើម្បីឲ្យគេទុកចិត្តខ្ញុំបាទថា បានចេញចូល ពីព្រោះខ្ញុំបាទចង់បានលុយគេ ទើបខ្ញុំប្រឌិតរឿងនេះឡើង ។ នេះជាកំហុសយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់ខ្ញុំបាទ តែខ្ញុំបាទមិនព្រមកែខ្លួនសោះ ទើបកើតរឿងនេះឡើង ។ នេះជាកំហុសរបស់ខ្ញុំបាទដ៏ពិតប្រាកដ“ ។

លោកលី សាម៉េត សារភាពបន្តទៀតថា “ខ្ញុំបាទសូមជម្រាបដល់សាធារណជន ទ្រង់ ឯកឧត្ដម លោកជំទាវ ឲ្យបានជ្រាបថា កុំយល់ច្រឡំឲ្យសោះ នេះជាកំហុសខ្ញុំបាទ ដែលបាទប្រព្រឹត្តខុស ដែលយកកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់សម្ដេចតេជោ យកមកប្រើ ។ នេះជារឿងពិត យកលុយគេ ។ ចំណុចទី២ ខ្ញុំសុំជម្រាប សព្វថ្ងៃនេះ ខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន ។ ខ្ញុំមានជំងឺទឹកនោមផ្អែម និងមានជំងឺក្រពះ ពោះវៀន សំខាន់គឺទឹកនោមប្រៃ កំពុងតែហើមខ្លួន ខ្លួនខ្ញុំហើម ដើរមិនបាន ។ ខ្ញុំសុំពេលវេលាបន្តិច រយៈពេលខ្លី ខ្ញុំនឹងចេញទៅសារភាពនៅមុខសមត្ថកិច្ច នៅមុខតុលាការ ដើម្បីឲ្យកាត់ទោសខ្ញុំបាទតាមច្បាប់ ។ ពេលដែលខ្ញុំធូរហើយ សុំពេលខ្លី មិនមែនសុំពេលវែងទេ ខ្ញុំបាទមិនរត់គេចទៅណាទេ ។ ចុងបញ្ចប់ សម្ដេច ម្ចាស់អ្នកមានគុណ ខ្ញុំបាទបានសាងកំហុសធ្ងន់ធ្ងរណាស់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់សម្ដេច ។ ខ្ញុំបាទ លី សាម៉េត បើមានជាតិក្រោយ ខ្ញុំបាទនឹងធ្វើល្អចំពោះសម្ដេច តែជាតិនេះ ខ្ញុំបាទហួសហើយ ខ្ញុំបាទខុសហើយ ឲ្យខ្ញុំបាទសុំទោសសម្ដេច“ ។

ទោះបីយ៉ាងណា ជុំវិញការសារភាពកំហុសរបស់លោកលី សាម៉េត និងការស្នើសុំព្យាបាលជំងឺមួយរយៈ មុននឹងប្រគល់ខ្លួនឲ្យសមត្ថកិច្ច តុលាការ ចាត់ការតាមច្បាប់នេះ សម្ដេចហ៊ុន សែន បានឆ្លើយតបថា មិនអាចធ្វើបែបនេះបានទេ គឺត្រូវតែចាប់ខ្លួនបញ្ជូនឲ្យតុលាការកាត់ទោសតាមច្បាប់ ដោយមិនអាចពន្យារពេលនោះទេ ។

សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួន រង់ចាំការកាត់ទោស ដោយសារជាប់ពាក់ព័ន្ធឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួន បានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួនលី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះ មុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ ត្រូវតែនាំខ្លួនលី សាម៉េត បញ្ជូនទៅតុលាការ តាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យលី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ“ ។

បន្ទាប់ពីមានបញ្ជាពីសម្តេចហ៊ុន សែន ខាងលើនេះ លោកលី សាម៉េត បានចូលខ្លួនសារភាពភ្លាម នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសមត្ថកិច្ចបានឃាត់ខ្លួនលោកលី សាម៉េត បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

នៅពេលបញ្ជូនខ្លួនមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកលី សាម៉េត ត្រូវបានសួរចម្លើយដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មុននឹងសម្រេចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕ កុលបុត្រ

RELATED ARTICLES