ខេត្តបន្ទាយមានជ័យ ៖ ចៅអធិការវត្តប៉ោយចារ បានយកគ្រឿងចក្រវាយកម្ទេចចេតិយ នៅក្នុងបរិវេណវត្ត និងយកធាតុចេញ ដោយគ្មានប្រាប់ដល់ម្ចាស់ចេតិយ ជាហេតុធ្វើឱ្យម្ចាស់ចេតិយ ផ្ទុះការខឹងសម្បាយ៉ាងខ្លាំង និងប្តឹងអាជ្ញាធរចុះជួយអន្តរាគមន៍ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបុរី។

ម្ចាស់ចតិយ បានរៀបរាប់ប្រាប់ថា ចៅអធិការវត្តប៉ោយចារ បានយកគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ ១គ្រឿង មកវាយម្ទេចចេតិយរបស់ក្រុមគ្រួសារគាត់ ដោយមិនបានប្រាប់ឱ្យដឹងមុន តែសំណាងគាត់បានដឹងពីអ្នកជិតខាងប្រាប់ ទើបទៅហាមឃាត់ទាន់ ត្រូវចៅអធិការវត្ត បញ្ជាកាយកម្ទេចត្រឹមបង្កាន់ដៃព័ទ្ធជុំវិញចេតិយ និងយកធាតុជីដូនជីតារបស់ពួកគាត់ចេញ មិនដឹងទុកឯណា។

ម្ចាស់ចេតិយខាងលើ បានបញ្ជាក់ថា រយៈពេលកន្លងមក ចៅអធិការវត្តប៉ោយចារ ធ្លាប់ប្រាប់ដែរ សុំឱ្យម្ចាស់ចេតិយ រើទៅដាក់កន្លែងផ្សេង ដើម្បីរៀបចាក់ដីមុខព្រះវិហារ សម្រាប់កឋិនខាងមុខនេះ ហើយម្ចាស់ចេតិយ ចាំពិភាក្សាសាច់ញាតិសិន ស្រាប់តែចៅអធិការវត្ត បានជួល គ្រឿងចក្រ មកកាយកម្ទេចចេតិយគាត់ចោល ដោយមិនបានប្រាប់ឱ្យដឹង ទើបគាត់ប្តឹងទៅអាជ្ញាធរឃុំរហាត់ទឹក ចុះរកដំណោះស្រាយជូន និងជួយរកយុត្តិធម៌សម្រាប់ធាតុជីដូនជីតាគាត់ផង។

ចំណែកព្រះគ្រូចៅអធិការវត្តប៉ោយចារ បានមានថេរដីកាថា “តាមពិតអាត្មាបានប្រាប់ទៅម្ចាស់ចេតិយហើយ ឱ្យរុះរើចេតិយចេញ ដាក់ទីតាំងផ្សេង ព្រោះរៀបចំមុខព្រះវិហារ ឱ្យបានសមរម្យ និងសម្រាប់កន្លែងចតរថយន្តពេលដង្ហែកឋិនទានខាងមុខនេះ ដោយម្ចាស់ចេតិយមិនឆ្លើយតប ទើបសម្រេចកាយចេតិយនេះចេញ ដោយគ្រោងកសាងថ្មីជូនវិញ នៅទីតាំងផ្សេង ដោយឱ្យម្ចាស់ជាអ្នករកហុងស៊ុយធ្វើជូន តែម្ចាស់ចេតិយ មកបញ្ឈប់សកម្មភាពគ្រឿងចក្រតែម្តង។

ដោយឡែក លោកមេឃុំរហាត់ទឹក បានបញ្ជាក់ថា ជាការពិតណាស់ ដែលចៅអធិការវត្តរហាត់ទឹក កាយចេតិយរបស់ពុទ្ធបរិស័ទចេញ ដោយមិនបានប្រាប់ម្ចាស់ដឹងមុន គឺខុសទាំងស្រុង ព្រោះម្ចាស់ចេតិយ បានសុំទីតាំងកសាងតាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ននេះ ហើយចៅអធិការវត្តប៉ោយចារ រៀបចំទីធ្លាវត្ត សម្រាប់កឋិនទាន បានជួលគ្រឿងចក្រកាយចេតិយនេះចោល ហើយពេលគេតវ៉ា សន្យាធ្វើសង តែម្ចាស់ចេតិយថា គាត់មិនទទួលយកកន្លែងថ្មីទេ សុំឱ្យចៅអធិការវត្ត កសាងបង្កាន់ដៃថ្មី លើកន្លែងចាស់វិញ ឱ្យបានដូចដើម ហើយយកអដ្ឋិ ធាតុជីដូនជីតាគាត់ មកទុកកន្លែងដើមវិញ ចាក់សោដូចដើម ទើបបញ្ចប់រឿង៕




