ភ្នំពេញ ៖ ក្រោយមានបណ្តាញសង្គមមួយចំនួនបានបង្ហោះរូបភាពជាសាធារណៈ ដោយបញ្ជាក់ថា ទីតាំងផ្ទះលេខ 51E0 និងផ្ទះលេខ 29E0 ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ មានបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអន ឡាញ បើកទទួលភ្ញៀវប្រុសស្រី ក្មេងចាស់ ចូលលេងយ៉ាង គគ្រឹកគគ្រេងមក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្តែង តែពុំឃើញមានដូចការចុះផ្សាយនោះឡើយ។
ប្រតិបត្តិការចុះត្រួតពិនិត្យខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការបញ្ជាពីលោកថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឱ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្តង នៅចំណុចទីតាំង ផ្ទះលេខ 51E0 និងផ្ទះលេខ 29E0 ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៤ សង្កាត់មនោ រម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែក្រោយចុះពិនិត្យរួច កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបញ្ជាក់ថា ពុំមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងឡើយ។
នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់ផ្ទះ មិនអនុញ្ញាតឱ្យជួលផ្ទះទៅឱ្យឈ្មួញប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀន ជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យា អាជ្ញាធរនឹងអនុវត្តតាមនីតិវិធី៕