Thursday, November 14, 2024
Homeព័ត៌មានជាតិប្លុងឡានចោល៤ថ្ងៃ ពលរដ្ឋប្តឹ.../ងប៉ូលិស

ប្លុងឡានចោល៤ថ្ងៃ ពលរដ្ឋប្តឹ…/ងប៉ូលិស

ភ្នំពេញ ៖ រថយន្ត ១គ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅប្លុងចោលនៅក្នុងដីឡូត៍មួយកន្លែង និងត្រូវបានអ្នកភូមិប្រទះឃើញ រយៈពេល៤ថ្ងៃមកហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ រួចអូសយកទៅទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់។

រថយន្តដែលត្រូវបានគេយកមកប្លុងចោល ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9813។

តាមប្រភពអ្នកភូមិ បានឱ្យដឹងថា ពួកគាត់ប្រទះឃើញរថយន្ត ១គ្រឿងខាងលើ ប្លុងចោលនៅក្នុងដីឡូត៍នេះ រយៈពេល៤ថ្ងៃមកហើយ អត់ឃើញម្ចាស់មកយកចេញទៅណាសោះ ពុំដឹងថា មានរឿងហេតុអ្វីនោះទេ ប៉ុន្តែពួកគាត់ក៏មិនហ៊ានចូលទៅជិតនោះទេ បានត្រឹមតែមើលពីចម្ងាយប៉ុណ្ណោះ ហើយដោយសង្ស័យ និងខ្លាចថារថយន្តនោះ មានជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីមួយនោះ ទើបនៅវេលាម៉ោង៦ព្រលប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពួកគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9813 ត្រូវជនមិនស្គាល់មុខ យកទៅប្លុងចោលនៅក្នុងដីឡូត៍មួយកន្លែង នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែល បន្តថា ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យមើល ហើយឃើញរថយន្តនោះអត់មានចាក់សោទ្វារនោះទេ ហើយក៏អត់ឃើញមានកូនសោនៅទីនោះដែរ។ ចំណែកមូលហេតុនៃការនាំយករថយន្តមកប្លុងចោល នោះ ក៏នៅពុំទាន់ដឹងនៅឡើយដែរ ប៉ុន្តែសង្ស័យម្ចាស់ជួលឱ្យជនជាតិចិន ហើយជនជាតិចិន គ្មានលុយបង់ថ្លៃឈ្នួល ក៏បើកយកមកប្លុងចោល។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅទី៣ បានអូសយករថយន្តខាងលើទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ ឱ្យមកទទួលយករថយន្តវិញ និងរកមូលហេតុពិតប្រាកដនៃការប្លុងរថយន្តចោលនេះ៕

RELATED ARTICLES