ប៉ាគីស្ថាន៖ មន្ត្រីនិងបណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថាយ៉ាងហោចណាស់មានសមាជិកក្រុមសកម្មប្រយុទ្ធចំនួន៣៧នាក់ត្រូវបានសម្លាប់ហើយកម្លាំងសន្តិសុខ៧នាក់រងរបួសក្នុងការបើកប្រតិបត្តិការ៨ផ្នែកនិងការប៉ះទង្គិចគ្នាជាមួយនិងកងកម្លាំងការពារសន្តិសុខប្រទេសប៉ាគីស្ថានពេញមួយរាត្រី។
ប្រភពផ្លូវការឲ្យដឹងថាការបង្ក្រាបក្រុមនេះត្រូវបានធ្វើឡើងក្រោយពីមានការវាយប្រហារផ្តាច់ជីវិតមនុស្សជាច្រើននៅទីសក្ការៈសាសនា Sufi ក្នុងទីក្រុង Sehwan ទីរួមខេត្ត Sindh ស្ថិតនៅភាគខាងត្បូងប្រទេសដែលបង្កឲ្យមានមនុស្សស្លាប់ចំនួន៧២នាក់ហើយមនុស្សជាង២០០នាក់ទៀតរងរបួស ។
អ្នកនាំពាក្យកងទ័ពពិសេសបានឲ្យដឹងថាក្បួនរថយន្តមួយដែលមានកងកម្លាំង២៥នាក់បានរងការវាយប្រហារកាលពីថ្ងៃសុក្រក្នុងតំបន់ Kathore នៃកំពង់ផែ Karachi ភាគខាងត្បូងប្រទេស។
មន្ត្រីអ្នកនាំពាក្យរូបនោះបានឲ្យដឹងទៀតថាក្រុមសកម្មប្រយុទ្ធបានពួនវាយឆ្មក់លើក្បួនរថយន្តនោះក្នុងអំឡុងពេលដែលធ្វើដំណើរត្រឡប់មក Karachi វិញបន្ទាប់ពីបានបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះនៅព្រះចេតិយដែលជាទីសក្ការៈបូជាសាសនា Sehwan ស្ថិតនៅចម្ងាយ២៨៤គីឡូម៉ែត្រពីកំពង់ផែនេះ ។
លោកបានបន្ថែមថាកងកម្លាំងពិសេស៣នាក់ត្រូវបានក្រុមសកម្មប្រយុទ្ធបាញ់ប្រហារឲ្យរងរបួសហើយថែមទាំងបានបង្ខំឲ្យពួកគេបាញ់តបតផ្តាច់ជីវិតភេរវករ៧នាក់ក្នុងការវាយប្រហារសងសឹកនេះ។
ទោះជាយ៉ាងណាក្នុងឧប្បត្តិហេតុនៃការប៉ះទង្គិចគ្នាដាច់ដោយឡែកមួយផ្សេងទៀតក្នុងតំបន់ Manghopeer ក្រុង Karachi ក្រុមសកម្មប្រយុទ្ធចំនួន១១នាក់ត្រូវបានសម្លាប់នៅពេលដែលកងកម្លាំងពិសេសបានដឹកនាំចុះស្រាវជ្រាវពាក់ព័ន្ធនឹងវត្តមានរបស់ជនសង្ស័យដែលជាក្រុមសកម្មប្រយុទ្ធ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា