
ខេត្តព្រៃវែង ៖ ខណៈដែលដាច់អាជីពជាអ្នកសម្ដែងកំប្លែងតាមទូរទស្សន៍ តាមឆាកតន្រី្ត និងតាមរោងល្ខោនដូចមុន ធ្លាក់ខ្លួនកម្សត់ លក់បន្លែ ក្ដាមខ្យង នៅក្រោមស្ពានកំពង់ពពិល ខេត្តព្រៃវែង លោកឈុំ ប៊ុនឈឿន ហៅតាចេក តារាកំប្លែងល្បីក្នុងក្រុមនាយកុយ បានត្អូញថា រូបលោកកំពុងក្រ ខំខ្ចីលុយគេ មកធ្វើដើមទុនរកស៊ី ឥឡូវបែរជាចាញ់បោកគេអស់ទៀត ។

លោកឈុំ ប៊ុនឈឿន ហៅតាចេក បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ហេតុអីក៏ដាច់ចិត្តមកបោកខ្ញុំ តើខ្ញុំលក់មួយថ្ងៃបានប៉ុន្មានទៅ ត្រឹមតែត្រកួន និងព្រលិត ក្តាម ខ្យង បន្លែតិចតួច ហាលភ្លៀង ហាលថ្ងៃ ម៉ោង២ ម៉ោង៣យប់ ដើរកទិញតាមភូមិ បានយកមកលក់ ជួនចំណេញ ជួនខាត។ គេតេមកខ្ញុំ តាមតេឡេក្រាម និងផ្ញើរូបទុរេន ត្រីងៀត និងអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ផ្ញើតាមឡាន មកឲ្យៗខ្ញុំផ្ញើសេវាចំនួន ៤៨០០០រៀល ទៅតៃកុងឡាន លេខទូស័ព្វ 0966705733 រួចប្រាប់ថា នៅកំពត តេចូលបិទៗ ខ្ញុំបានឆាតតេឡេក្រាម ទៅម្ចាស់ ថាអត់ដឹងផង បា្រប់ខ្ញុំថាមានលោកសួរមកដែរ អស់លុយ ២០០ដុល្លារដែរ។ ចប់ហើយ! ខ្ញុំទើបយកលុយរាប់គេ ២លាន ធ្វើដើម តែបែរជាជួបរឿងយ៉ាងនេះ។ បញ្ជាក់ ៖ រូបភាពត្រីងៀត ទុរេន និងលេខកុងរបស់ពួកវាទេ“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកឈុំ ប៊ុនឈឿន ហៅតាចេក បានញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “បាទ! ដំបូងបា្រប់ថា ដឹងតាមរយៈលោកហ្វីលីព ធ្វើឲ្យក្មួយនឹកអាណិតអាសូរដល់អ៊ំឯង ចង់ជួយអ៊ំឯង ប៉ុន្តែខ្ញុំជាប់នៅលើភ្នំ ជាប់នៅមើលថែទុរេន ជាច្រើនហិកតារ ។ ឥឡូវខ្ញុំឲ្យមីអ៊ំ ៤កេស ត្រីងៀត ៣មុខ ១មុខ ២គីឡូៗ ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ ៤យួរ អង្ករ ១បាវ ៥០គីឡូ លុយ១៥០ដុល្លារ ទុរេន ៥ផ្លែ ។ ក្មួយជាប់នៅលើភ្នំ ក្មួយអត់បានចុះទៅទេ ក្មួយប្រាប់ឡានគេហើយ ហើយគេឲ្យប្រព្រន្ធគេ ទុរេនអីរៀបចំទុកដាក់អស់ហើយ ហើយអ៊ំវេរតែលុយ ៤៨០០០ហ្នឹង ឲ្យទៅតៃកុងឡានទៅ ឡានម៉ោង ៣ភ្លឺ ចេញទៅហើយ អ៊ំចាំទទួលរបស់នៅនោះ ស្អែកទៅដល់ហើយ ។ ដល់យើងអ្នកអត់ ពេលឮអ៊ីចឹងអរ ក៏វេរលុយ ៤៨០០០ដុល្លារ ចូលកុងគេទៅ ។ លុះស្អែកឡើង ខ្ញុំឆាតទៅតាមតេឡេក្រាម ឈ្មោះ BK ឬតាមលេខទូរស័ព្ទដែលគេឲ្យនោះ ស្រាប់តែម្ចាស់ទូរស័ព្ទនោះឆ្លើយប្រាប់មកថា គេអត់ដឹងរឿងអីទេ ប្រហែលមានលួចតេលេក្រាមរបស់គេ ។ ខ្ញុំក៏ប្រាប់ថា អ៊ីចឹងក្មួយដូរលេខតេក្រាមទៅ កុំឲ្យគេលួចបានទៀត ប៉ុន្តែមិនបានប៉ុន្មានម៉ោង ក៏ឮថា លេខទូរស័ព្ទតេលេក្រាម ដដែលនេះ ទាក់ទងទៅបោកម្នាក់ទៀតដែលទើបតែត្រូវឡានបុកបាក់ជើង ក្នុងទឹកប្រាក់ ៤៨០០០ ដូចខ្ញុំដែរ“ ។

តាចេក បានបញ្ជាក់ថា លុយ ៤៨០០០រៀល សម្រាប់គេមាន មិនច្រើនទេ គេចាយម្ដងលើសហ្នឹងផង ប៉ុន្តែសម្រាប់អ្នកអត់ដូចជារូបគាត់ ពិតជាច្រើន ព្រោះក្នុងការលក់បន្លែបន្តិចបន្តួច នៅក្រោមស្ពានកំពង់ពពិល នេះ គាត់គ្មានដើមទុនទិញខ្លួនឯងទេ គឺទៅរាប់ (ខ្ចី) លុយម្ដង ២លានរៀល យកមកទិញ ហើយថ្ងៃបង់ឲ្យគេ ក្នុង១ថ្ងៃ ២០០០០រៀល ឲ្យគ្រប់ ២៩ថ្ងៃ ទើបគេឲ្យខ្ចីទៀត ។ ចំពោះការលក់ មានពេលខ្លះចំណេញ មានពេលខ្លះខាត ហើយចំណេញក៏មិនច្រើនដែរ យ៉ាងច្រើនបានជាង ២ម៉ឺនរៀលប៉ុណ្ណោះ ឯខាតវិញ ជួនកាលមានដល់ ៥ម៉ឺនរៀលឯណោះ ។ ដូច្នេះឃើញថា មុខរបរមួយនេះ ពិតជាពិបាកណាស់សម្រាប់រូបគាត់ មិនអាចផ្គត់ផ្គង់ជីវិភាពគ្រប់គ្រាន់ទេ ។ ព្រោះតែហេតុនេះហើយ គាត់នៅតែចង់ប្រឡូកសិល្បៈឡើងវិញ ដើម្បីបានចំណូលខ្លះយកមកដោះស្រាយជីវភាព និងចង់បន្សល់ទុកស្នាដៃកុំឲ្យបាត់បង់ ប៉ុន្តែជាការខកបំណង គ្មានអ្នកណាហៅសោះ សម្រាប់អ្នកសិល្បៈវ័យចាស់ដូចជារូបគាត់ ៕ កុលបុត្រ