ភ្នំពេញ ៖ លោក ផន ផាន់ណា អតីតសកម្មជនបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន) ដែលភៀសខ្លួនទៅប្រទេសថៃ នោះ បន្ទាប់ពីបានរត់គេចទៅដល់សហរដ្ឋអាមេរិក ភ្លាម បានចំអកឲ្យសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ថា បរាជ័យផែនការតាមសម្លាប់ ។
លោក ផន ផាន់ណា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ហ៊ុន សែន បរាជ័យតាមសម្លាប់ខ្ញុំ ដោយសារតែប្រទេសជិតខាង និងអង្គការសិទ្ធិមនុស្ស តម្កល់ប្រយោជន៍សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ជាធំ ទើបគេរួមគ្នាការពារខ្ញុំ ។ ចំណែកហ៊ុន សែន គេគ្រាន់តែស្និទ្ធស្នាល ក្នុងនាមមនោសញ្ចេតនាតែប៉ុណ្ណោះ ។ សូមអរគុណពុកម៉ែ ពូមីង ដែលបារម្ភពីសុវត្ថិភាពខ្ញុំ ឥឡូវខ្ញុំដល់ទឹកដីសហរដ្ឋអាមេរិក ដោយសុវត្ថិភាពហើយ“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកផន ផាន់ណា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្នុងការរស់នៅលើទឹកដីសហរដ្ឋអាមេរិក ដែលជាប្រទេសទី៣ លោកនឹងបន្តការតស៊ូមតិ និងធ្វើអ្វីដើម្បីប្រជាធិបតេយ្យ ស្មារតីជាតិតទៅទៀត ក្នុងនាមសកម្មជនប្រឆាំង ។
លោកផន ផាន់ណា បានមានប្រសាសន៍ថា “បាទ! ខ្ញុំនឹងបន្តបេសកកម្មដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គោរពសិទ្ធិមនុស្ស តាមទម្រង់ផ្សេងៗដូចជា ចូលរួមផ្សព្វផ្សាយព័ត៌មានពិតក្នុងសង្គមខ្មែរ តាមបណ្តាញសង្គម ចងក្រងយុវជនខ្មែរគ្រប់បណ្តាប្រទេសទាំងអស់ចូលរួមជាបណ្តាញ ក្នុងការធ្វើសកម្មភាពនយោបាយជាមួយបណ្តាញយុវជនកម្ពុជាសកល ពង្រឹង និងពង្រីកកម្លាំងអ្នកប្រធិបតេយ្យនៅក្រៅប្រទេសឲ្យមានសន្ទុះកាន់តែខ្លាំង និងនិរន្តរភាព ជាពិសេសបន្តសិក្សាបន្ថែមទៀត “ ។
គួរបញ្ជាក់ថា លោក ផន ផាន់ណា អតីតអនុប្រធានយុវជនគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ជាមួយប្រពន្ធ និងកូន ២នាក់ បានហោះហើរពីប្រទេសថៃ ទៅដល់រដ្ឋ ខារ៉ូឡៃណាខាងជើង (North Carolina) សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ហើយត្រូវបងប្អូនខ្មែរនៅទីនោះ ទទួលស្វាគមន៍ ។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០២៤ មានការទម្លាយសំឡេងដែលគេអះអាងថា ជាសំឡេងសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយអាជ្ញាធរថៃ ប្រើប្រាស់ទាំងកម្លាំងសម្ងាត់ និងចំហ ដើម្បីតាមចាប់ខ្លួនលោក ផន ផាន់ណា ដែលជាអ្នកបំផុសចលនាបះបោរផ្សេងៗ បញ្ជូនមកស្រុកខ្មែរវិញ តម្លៃណាក៏ដោយ រស់ ឬស្លាប់ មិនអាចឱ្យផន ផាន់ណា ចេញទៅក្រៅបានឡើយ។ ហេតុនេះហើយ ទើបក្រោយរត់គេចខ្លួនបានសម្រេច ជាន់ទឹកដីអាមេរិក ភ្លាម លោក ផន ផាន់ណា បានបង្ហោះសារតាមបណ្តាញសង្គម ហ្វេសប៊ុក ចំអកឲ្យសម្ដេចហ៊ុន សែន ថាបានបរាជ័យផែនការតាមសម្លាប់លោក។
ទោះបីជាយ៉ាងណា ជុំវិញការបង្ហោះសារចោទប្រកាន់ និងចំអករបស់សកម្មជនអតីតបក្សប្រឆាំង ផន ផាន់ណា ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំប្រតិកម្មឆ្លើយតបពីអ្នកនាំពាក្យបក្សកាន់អំណាច បានទេ កាលពីម្សិលមិញ៕ កុលបុត្រ