Wednesday, November 20, 2024
Homeព័ត៌មានជាតិសង្គមស្អាតស្អំ រុងរឿង អ្នកវិភាគថា ពលរដ្ឋត្រូវចេះទើសរឿងសង្គមបែបវិជ្ជមាន

សង្គមស្អាតស្អំ រុងរឿង អ្នកវិភាគថា ពលរដ្ឋត្រូវចេះទើសរឿងសង្គមបែបវិជ្ជមាន

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ប្រជាពលរដ្ឋ ត្រូវចេះទើសរឿងសង្គមបែបវិជ្ជមាន ទើបសង្គមស្អាតស្អំ និងរុងរឿង ។ ប៉ុន្តែបើជេរប្រទេច ប្រមាថកាតទាន ប្រើពាក្យអសុរោះនៅក្នុងការជជែកបញ្ហាណាមួយនៅក្នុងសង្គម រហូតទៅដល់មានការប្រកាន់ ប្ដឹងផ្ដល់គ្នាពីបទបរិហារកេរ្តិ៍ ជាដើម មិនហៅថាទើសបែបវិជ្ជមានទេ គឺជាការទើសបែបអវិជ្ជមាន ។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គមយើងមានការផុលផុសច្រើន ទាក់ទងការទើសបែបវិជ្ជមាន ទន្ទឹមគ្នានឹងការទើសបែបអវិជ្ជមាន ។ លោកបណ្ឌិត បញ្ជាក់ថា សង្គមវាស្អាតស្អំ និងរុងរឿង ដោយសារតែយើងជួយដោះស្រាយបញ្ហាគ្នា ដោយត្រូវប្រកាន់ផ្នត់គំនិតវិជ្ជមាន ជាអ្នកដោះស្រាយ និងកែលម្អ មិនមែនគ្រាន់តែឃើញបញ្ហាហើយ រុញឬជាន់ថែមនោះទេ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! តាមពិតទៅ នៅក្នុងសង្គម វាតែងតែមានរឿងអាស្រូវ វាតែងតែមានបញ្ហាចាក់ស្រែះ ពីមួយពេល ទៅមួយពេល តាំងពីបញ្ហាចាក់ស្រែះសល់ពីអតីតកាល ក៏ដូចជាបញ្ហាថ្មីៗដែលកំពុងតែកើតមានឡើង ហើយដើម្បីអភិវឌ្ឍសង្គម ធ្វើឲ្យសង្គមហ្នឹងមានការរីកដុះដាល រុងរឿងទៅមុខហ្នឹង វាទាល់តែមានប្រជាពលរដ្ឋហ្នឹងចេះទើស ។ ចេះទើស នៅក្នុងន័យនេះ សំដៅទៅលើការឈឺឆ្អាល ចេះគិតគូរ ចេះចូលរួមរកដំណោះស្រាយ និងចូលរូមដោះស្រាយ រាប់តាំងពីការបញ្ចេញមតិ ការធ្វើសកម្មភាពដោយផ្ទាល់ ដោយប្រយោល ដែលជាក្រុមមួយ សហគមន៍ ឬក៏ជាបណ្ដាញអីជាដើម រាប់តាំងពីកិច្ចការងារសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ សូម្បីតែឧទាហរណ៍ជាក់ស្ដែង យុវជនយើងមួយចំនួនដែលមានការឈឺឆ្អាលទៅលើរឿងបញ្ហាសំរាម បរិស្ថានមិនល្អនៅក្នុងសង្គម បានរៀបចំចងក្រងជាក្រុមសម្អាតសំរាម តាមប្រឡាយទឹក នៅក្នុងទីក្រុងភ្នំពេញ ឬក៏តំបន់ប្រមូលសំរាមនោះបានមួយចំនួន វាជាឧទាហរណ៍ជាក់ស្ដែង ដែលការប្រមូលសំរាម ដោយសារតែពួកគាត់ទើស និយាយភាសាសាមញ្ញថា គាត់ទើសចិត្ត គាត់នៅមិនសុខ នៅពេលដែលឃើញទិដ្ឋភាពបែបហ្នឹង ។ អ៊ីចឹងវាបានធ្វើឲ្យតំបន់ជាច្រើនមានសម្រស់ស្អាត ហើយមានអនាម័យ និងមានបរិស្ថានល្អ ដែលផ្ដល់នូវផាសុកភាពសម្រាប់ប្រជាពលរដ្ឋរស់នៅ ហើយការទើសវិជ្ជមានហ្នឹង សំដៅទៅលើការឈឺឆ្អាល ហើយការចូលរួម ទាំងការបញ្ចេញមតិ ហើយការធ្វើសកមភាពបែបវិជ្ជមាន ការរិះគន់បែបស្ថាបនា ការបង្ហាញនូវចំណុចខ្វះខាត ការលើកឡើងពីបញ្ហា ហើយស្នើឲ្យមានដំណោះស្រាយ ទាំងការដាក់ចេញ ឬក៏ការលើកពីមធ្យោបាយ ហើយនិងវិធីដោះស្រាយបញ្ហាទាំងអស់នោះ អាហ្នឹងហើយដែលសំដៅទៅលើការទើសបែបវិជ្ជមាននោះ កុំគ្រាន់តែថា រិះគន់ចោល ឬក៏រិះគន់ក្នងន័យជាការប្រមាថកាតទាន ឬក៏ជេរប្រទេចទៅលើបុគ្គលណាម្នាក់ ក្រុមណាមួយ ប៉ុន្តែលើកឡើងជាបញ្ហា ហើយផ្ដល់ជាដំណោះស្រាយពិត តាមដែលអាចធ្វើទៅបាន ដល់ភាគីពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយ ឬក៏ចូលរួមចំណែកនៅក្នុងការរកមធ្បោបាយដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គម ទាំងបញ្ហាតូច រហូតដល់បញ្ហាធំ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ខ្ញុំមើលឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គមយើងមានការផុលផុសច្រើន ការទើសបែបវិជ្ជមានហ្នឹង ប៉ុន្តែទន្ទឹមគ្នា បើសិនជាយើងប្រៀបធៀបការទើសបែបវិជ្ជមាន និងការទើសបែបអវិជ្ជមានហ្នឹង គឺប្រជាពលរដ្ឋភាគច្រើននៅក្នុងទម្រង់ឈឺចាប់នៅឡើយ មិនទាន់បានឈានទៅរក ឬក៏ផ្លាស់ប្ដូរទៅដល់ផ្នត់គំនិតបែបឈឺឆ្អាល ហើយឈឺចាប់នៅក្នុងន័យថា គាត់ជួបនឹងបញ្ហា ហើយគាត់លើកឡើងតែពីបញ្ហា គាត់សម្ដែងអារម្មណ៍របស់គាត់ រៀបរាប់អំពីទុក្ខសោក ឬក៏ការមិនពេញចិត្តរបស់គាត់ផ្ទាល់ខ្លួន ហើយពេលខ្លះហ្នឹង អ្នកខ្លះហ្នឹងក៏រិះគន់បែបចោលដឹងទាំងដង ។ អាហ្នឹងដោយសារតែបញ្ហាហ្នឹង វាជោកជាំទៅនឹងខ្លួនគាត់ពេក អ្នកខ្លះហ្នឹងក៏ធ្លាក់ទៅដល់ការជេរប្រទេច ប្រមាថកាតទាន ប្រើពាក្យអសុរោះនៅក្នុងជជែកបញ្ហាណាមួយនៅក្នុងសង្គម រហូតទៅដល់មានការប្រកាន់ ប្ដឹងផ្ដល់គ្នា ចាត់ទុកបរិហារកេរ្តិ៍ ឬករណីខ្លះហ្នឹង អាជ្ញាធរក៏ចោទប្រកាន់ប្រជាពលរដ្ឋហ្នឹងថា ផ្សាយព័ត៌មានមិនពិត ឬក៏អុជអាល អាចបង្កឲ្យមានបញ្ហាអសន្តិសុខដល់សង្គមអីអ៊ីចឹងទៅ ។ ដូច្នេះខ្ញុំមើលឃើញថា រឿងដែលគួរតែផ្លាស់ប្ដូរហ្នឹង គឺប្រជាពលរដ្ឋយើងហ្នឹង រៀនចេះឈឺឆ្អាលអំពីបញ្ហាដែលកើតមាននៅជុំវិញខ្លួន ជុំវិញភូមិផង សហគមន៍ តំបន់ដែលខ្លួនរស់នៅ ក្នុងប្រទេសទាំងមូល ឬក៏បញ្ហារបស់ពិភពលោក កុំចាំទាល់តែរឿង ឬក៏បញ្ហាហ្នឹងកើតឡើងមកលើខ្លួនយើង មកលើសាច់ញាតិ ឬក៏ក្រុមគ្រួសារយើង បានយើងចាប់ផ្ដើមនិយាយ ចាប់ផ្ដើមតតាំង ចាប់ផ្ដើមតស៊ូមតិ ។ ឃើញអីដែលមិនល្អ គួរតែនាំគ្នាចេះឈឺឆ្អាលជាមុន ការពារវា ដើម្បីកុំឲ្យបញ្ហាហ្នឹងវារីករាលដាលសង្គម ដែលមិនត្រឹមតែប៉ះពាល់ដល់មនុស្សដែលយើងស្គាល់ទៀត ពេលខ្លះហ្នឹងក៏វាអាចប៉ះពាល់ដល់យើង និងសាច់ញាតិរបស់យើងដែរ ។ ដូច្នេះការចូលរួមរបស់ប្រជាពលរដ្ឋហ្នឹង នៅក្នុងន័យទើស ឬក៏ក្នុងន័យឈឺឆ្អាលហ្នឹង គឺជារឿងចាំបាច់ ពីព្រោះមន្រ្តី ពេលខ្លះទៅ អ្នកខ្លះហ្នឹងមើលមិនឃើញទេ ឬក៏មើលមិនអស់ទេ ។ ដូច្នេះមានតែប្រជាពលរដ្ឋជួយមើល ប្រជាពលរដ្ឋត្រូវជួយធ្វើជាភ្នែក ជាច្រមុះរបស់អាជ្ញាធរ ហើយជួយផ្ដល់ព័ត៌មាន ជួយផ្ដល់ជាដំណោះស្រាយចំពោះបញ្ហា អាហ្នឹងហើយជាវិធីទើសបែបវិជ្ជមាន“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “តាមពិតទៅ សង្គមវាស្អាតស្អំ និងរុងរឿង ដោយសារតែយើងត្រូវជួយដោះស្រាយបញ្ហាគ្នា ហើយជួយដោះស្រាយបញ្ហាគ្នាហ្នឹង គឺចាប់ផ្ដើមពីការទើស ការឈឺឆ្អាល ហើយដើម្បីដោះស្រាយបានហ្នឹង វាទាល់តែមានការឈឺឆ្អាល ឬក៏ការទើសរបស់យើង យើងប្រកាន់ផ្នត់គំនិតវិជ្ជមាន ផ្នត់គំនិតជាអ្នកដោះស្រាយ ផ្នត់គំនិតជាអ្នកកែលម្អ មិនមែនគ្រាន់តែឃើញបញ្ហាហើយជាន់ថែមទេ ។ អាហ្នឹងយើងប្រៀបធៀបសាមញ្ញថា ការទើស ឬការឈឺឆ្អាលហ្នឹង ដូចយើងឃើញដើរទៅតាមដងផ្លូវនៅក្នុងភូមិ កន្លែងដែលយើងរស់នៅ ពេលដែលយើងឃើញសំរាម ឬក៏យើងឃើញរបស់អីវាគគ្រិច វាមិនល្អហ្នឹង យើងមានជម្រើសពីរ ដែលយើងនឹងរើស និងកាយ និងប្រមូល ឬក៏នាំគ្នាមកប្រមូល មកសម្អាតវា ឬក៏យើងនៅបន្តជេរប្រទេច ដាក់បណ្ដាសាអ្នកដែលចោលសំរាម ។ អ៊ីចឹងយើងមានជម្រើសនៅក្នុងការសម្អាត ហើយនាំគ្នាចូលរួមចំណែកនៅក្នុងការទប់ស្កាត់កុំឲ្យមានសំរាម កុំឲ្យមានរបស់កខ្វក់ហ្នឹងនៅតាមដងផ្លូវមុខផ្ទះយើង ក៏យើងនៅបន្តរអ៊ូ នៅបន្តជេរប្រទេច ដាក់បណ្ដាសាដល់អ្នកដែលចោលសំរាម ឬក៏ជេរសំរាម ហើយជម្រើសដែលខ្ញុំលើកឡើងនេះ គឺជម្រើសទី១ គឺយើងត្រូវនាំគ្នាសម្អាត នាំគ្នាថែរក្សាបរិស្ថាន កន្លែងដែលយើងរស់នៅ ហើយបន្តបណ្ដុះទម្លាប់ល្អនៅក្នុងការទុកដាក់សំរាម ទុកដាក់របស់មិនល្អ អាហ្នឹងទើបភូមិករយើងវាមានភាពស្អាតស្អំ និងក្លាយទៅជាកន្លែងដែលគួរឲ្យចង់រស់នៅ ។ អាហ្នឹងគ្រាន់តែជាឧទាហរណ៍ជាក់ស្ដែងមួយ ទាក់ទងនឹងរឿងទើសរឿងសំរាមក្នុងភូមិផងដែលយើងរស់នៅ“ ។

ជាមួយគ្នានេះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដេលនោះថា ការលើកទឹកចិត្តឲ្យមនុស្សចេះទើសសង្គមបែបវិជ្ជមាន ទើបធ្វើឲ្យសង្គមស្អាតស្អំ និងរុងរឿងហ្នឹង គឺជាគំនិតមួយល្អ ព្រោះ មនុស្សដែលមានផ្នត់គំនិតវិជ្ជមានច្រើន អាចជួយឲ្យយើងអាចអភិវឌ្ឍសង្គមបានលឿន និងអាចអភិរក្សបាននូវមូលដ្ឋានវប្បធម៌ ឬក៏អ្វីៗដែលជាអត្តសញ្ញាណរបស់សង្គម ប្រទេសជាតិ និងជនជាតិនីមួយៗ ហើយពេលមនុស្សមានការទទួលខុសត្រូវចំពោះសង្គម គ្រប់គ្នានឹងទទួលបាននូវសុខដុមរមនា នៅក្នុងការកសាងសង្គមមួយ ដែលប្រកបទៅដោយភាពរឹងមាំ គ្រប់គ្នាអនុវត្តតួនាទីភារកិច្ចប្រកបទៅដោយទំនួលខុសត្រូវរៀងៗខ្លួន ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ទាក់ទងជាមួយការលើកឡើងចំពោះកិច្ចការទាំងឡាយដែលអ្នកវិភាគបានលើកឡើង និងធ្វើការចែករំលែកនូវចំណេះដឹង ឬក៏បទពិសោធន៍ ហើយនិងលើកទឹកចិត្តឲ្យមនុស្សចេះទើសសង្គមបែបវិជ្ជមាន ទើបធ្វើឲ្យសង្គមស្អាតស្អំ និងរុងរឿងហ្នឹង ខ្ញុំយល់ថា នេះគឺជាគំនិតមួយល្អ ពីព្រោះសង្គមមនុស្សដែលមានការយល់ដឹង និងចេះដឹង ហើយគិតទៅដល់ភាពវិជ្ជមានជាអាទិភាពហ្នឹង នឹងមានផ្នត់គំនិតពោរពេញទៅដោយក្ដីស្រលាញ់ ហើយប្រកបទៅដោយសុចរិតភាពហ្នឹង យើងអាចបង្កើតសង្គមមួយ ដែលមានភាពរឹងមាំ រុងរឿង ហើយនឹងអាចធានាបាននូវសុខសុវត្ថិភាព សន្តិភាពសម្រាប់មនុស្សគ្រប់គ្នា ។ ដូច្នេះនៅក្នុងសង្គមដែលមានផ្នត់គំនិតវិជ្ជមាន មនុស្សដែលមានផ្នត់គំនិតវិជ្ជមានច្រើន វាអាចជួយឲ្យយើងអាចអភិវឌ្ឍសង្គមបានលឿន និងអាចអភិរក្សបាននូវមូលដ្ឋានវប្បធម៌ ឬក៏អ្វីៗដែលជាអត្តសញ្ញាណរបស់សង្គម ហើយនិងប្រទេសជាតិ និងជនជាតិនីមួយៗហ្នឹង ហើយយើងដឹងហើយថា ពេលដែលមនុស្សមានការយល់ដឹង ហើយមនុស្សមានការទទួលខុសត្រូវចំពោះសង្គម គ្រប់គ្នានឹងទទួលបាននូវសុខដុមរមនា នៅក្នុងការកសាងសង្គមមួយ ដែលប្រកបទៅដោយភាពរឹងមាំ ហើយគ្រប់គ្នាអនុវត្តតួនាទីភារកិច្ចប្រកបទៅដោយទំនួលខុសត្រូវរៀងៗខ្លួន ។ អ៊ីចឹងកាលណាសង្គមរបស់យើងធ្វើទៅបានរួមគ្នាក្នុងផ្លូវវិជ្ជមាន យើងអាចឲ្យសង្គមរបស់យើងមានភាពល្អប្រសើរ ហើយក្នុងហ្នឹងក៏យើងមើលឃើញដែរថា កាលណាតែយើងចេះទើស គឺមានន័យថា យើងចង់ឲ្យសង្គម ហើយប្រជាពលរដ្ឋរបស់យើងមានភាពស្មោះត្រង់ជាមួយនឹងសង្គម ដើម្បីជួយឲ្យសង្គមហ្នឹងឆ្លងផុតពីហានិភ័យ ឬក៏ការគាបសង្កត់ ឬការកេងប្រវ័ញ្ចពីសង្គម ដោយផ្លូវអវិជ្ជមានណាមួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មនុស្ស ឬក៏របស់ក្រុមណាមួយអីអ៊ីចឹង»។

លោកសេក សុជាតិ បន្តថា «អ៊ីចឹងភាពស្មោះត្រង់ វាអាចជួយលើកកម្ពស់សុចរិតភាព ហើយអាចបង្កើនទំនុកចិត្តរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរ ហើយនិងមន្រ្តី ទាំងថ្នាក់ដឹកនាំសង្គមរបស់យើង ហើយក៏វាអាចផ្សះផ្សាមិនឲ្យមានផលជះអវិជ្ជមានទាក់ទងទៅនឹងការរំលោភបំពានអីអ៊ីចឹងជាដើម ហើយចំណុចបន្ទាប់ ក៏យើងអាចមើលឃើញដែរថា នៅពេលដែលយើងចេះជួយគ្នាទៅវិញទៅមក គឺជាការលើកកម្ពស់ស្មារតីជាតិ ជួយគ្នានៅក្នុងការដោះស្រាយបញ្ហាដែលកំពុងប្រឈម ។ អ៊ីចឹងការបង្រួបបង្រួម ការចងកម្លាំងជាតិនិយមតែមួយ វាគឺជាផ្នែកដែលសំខាន់ ដែលអាចជួយធ្វើឲ្យសង្គមរបស់យើងហ្នឹងអាចពង្រឹងនីតិរដ្ឋបាន អាចរំលាយបញ្ហាអយុត្តិធម៌ ហើយក៏អាចទប់ស្កាត់អំពើពុករលួយ ក៏ដូចជាអំពើសកម្មផ្សេងៗពីក្រុមមន្រ្តី ឬក៏ក្រុមមនុស្សដែលមានចេតនាមិនស្មោះត្រង់ចំពោះជាតិ អីអ៊ីចឹងជាដើម ហើយវាគឺជាកាតព្វកិច្ចមួយរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់អំណាច ម្ចាស់ប្រទេសនៅក្នុងការងារ ដើម្បីរក្សាឲ្យបាននូវគុណភាព ហើយនិងបង្កើតឲ្យមានការយោគយល់គ្នា ដើម្បីពង្រឹងនិងពង្រីកសេដ្ឋកិច្ចរបស់ជាតិឲ្យរីកចម្រើន ។ ដូច្នេះវាគឺជាយន្តការមួយ ដែលអាចលើកកម្ពស់ការងារដែលឈរទៅលើគោលការណ៍សុវត្ថិភាព ជាអាទិភាព ប្រកបទៅដោយស្ដង់ដារ ហើយនិងការជ្រោមជ្រែង និងការលើកទឹកចិត្តពីភាគីដែលពាក់ព័ន្ធ ហើយគឺជាអ្នកដែលត្រូវដោះស្រាយបញ្ហាប្រឈមអីអ៊ីចឹងជាដើម។ ហើយមួយវិញទៀត យើងដឹងហើយថា ការចែករំលែកការយល់ដឹងទៅវិញទៅមក វាគឺជាការអប់រំមួយដ៏ល្អ រវាងប្រជាជាតិនិងប្រជាជាតិខ្លួនឯង ដែលជាបងប្អូននៅក្នុងការជួយគ្នា ដើម្បីពង្រឹងសមត្ថភាព ហើយនិងអនុវត្តផ្នត់គំនិតឲ្យរីកចម្រើន និងដើម្បីគ្រប់គ្នាទទួលបានការគោរពស្រលាញ់ពីគ្នាទៅវិញទៅមក ហើយមិនយកគ្នាធ្វើជាសត្រូវអ៊ីចឹងជាដើម ។ ដូច្នេះដោយសារតែការគិតបែបវិជ្ជមាន វាគឺជាវិធីសាស្រ្តមួយដ៏ល្អ សម្រាប់ជួយអភិវឌ្ឍសង្គមរបស់យើងឲ្យឆ្ពោះទៅកាន់ភាពសុខដុមរមនារវាងគ្នានិងគ្នា“ ៕ កុលបុត្រ

RELATED ARTICLES