សហរដ្ឋអាមេរិក ៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងកិច្ចប្រជុំ G20 ថា សហរដ្ឋអាមេរិក គាំទ្រអធិបតេយ្យអ៊ុយក្រែន បន្ទាប់ពីមានព័ត៌មានថា លោកបានសម្រេចចិត្តអនុញ្ញាតឲ្យក្រុងកៀវ ប្រើប្រាស់មីសស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហាររុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោកប្រធានាធិបតីសហរដ្ឋ អាមេរិក ចូ បៃដិន (Joe Biden) បាននិយាយបន្ទាប់ពីមានព័ត៌មានថាលោកបានសម្រេចចិត្តអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់មីសស៊ីលរយៈចម្ងាយឆ្ងាយ “ATACMS” ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គាំទ្រអធិបតេយ្យរបស់អ៊ុយក្រែន ប៉ុន្តែមិននិយាយដោយផ្ទាល់លើការសម្រេចចិត្តឲ្យប្រើមីសស៊ីលនោះទេ។
លោក ចូ បៃដិន បាននិយាយនៅឯកិច្ចប្រជុំកំពូល G20 នៅទីក្រុងរីយ៉ូដឺហ្សានេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល ថា “យើងទាំងអស់គ្នាត្រូវតែធ្វើការដើម្បីបញ្ចប់ជម្លោះនិងវិបត្តិ។ សហរដ្ឋអាមេរិក គាំទ្រយ៉ាងខ្លាំងចំ ពោះអធិបតេយ្យនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយតាមគំនិតរបស់ខ្ញុំ អ្នករាល់គ្នានៅតុប្រជុំនេះ អ្នកក៏គួរធ្វើវាដែរ»។
ការថ្លែងរបស់លោក ចូ បៃដិន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយលើកឡើងពីមន្ត្រីជាន់ខ្ពស់អាមេរិក ថាប្រធានាធិបតីអាមេរិក បានសម្រេចចិត្តអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ប្រព័ន្ធមីសស៊ីលយុទ្ធសាស្ត្រ MGM-140 ឬ “ATACMS” រយៈចម្ងាយឆ្ងាយ របស់អាមេរិក វាយប្រហារទៅក្នុងទឹកដីរុស្ស៊ី។
ទោះបីជារហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅឡើយ ប៉ុន្តែក៏មិនមានការបដិសេធដែរ ធ្វើឱ្យភាគីជាច្រើនជឿថា រឿងនេះពិត។
កាលពីថ្ងៃចន្ទ ទី១៨ ឃែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តណាមួយរបស់សហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់មីសស៊ីលរបស់អាមេរិក ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដែលវាមានន័យថា សហរដ្ឋអាមេរិក បានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ។

លោកប៉េស្កូវ បានថ្លែងថា “ប្រសិនបើការសម្រេចចិត្តបែបនេះ បង្កើតនិងប្រគល់ឱ្យរដ្ឋាភិបាលអ៊ុយក្រែន នោះនឹងក្លាយជាភាពតានតឹងថ្មី និងស្ថានភាពថ្មី ទាក់ទងនឹងការចូលរួមរបស់សហរដ្ឋអាមេរិក ចំពោះជម្លោះនេះ”។អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បាននិយាយបន្ថែមថា ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញជំហររបស់រុស្ស៊ីយ៉ាងច្បាស់ កាលពីខែកញ្ញា ដោយព្រមានថា បើលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើកាំជ្រួចមីសស៊ីល វាយប្រហារលើទឹកដីរុស្ស៊ី នោះ ទីក្រុងម៉ូស្គូ នឹងពិចារណា ថា ណាតូ បានចូលក្នុងជម្លោះដោយផ្ទាល់ ហើយនោះមានន័យថា ប្រទេសសមាជិកណាតូ រួមមានសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុប កំពុងប្រយុទ្ធជាមួយរុស្ស៊ី៕