Sunday, November 24, 2024
Homeនយោបាយលោក​គឹម សុខ តុលា​ការ​សម្រេច​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស

លោក​គឹម សុខ តុលា​ការ​សម្រេច​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស

ភ្នំពេញ ៖ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោកគឹម សុខ ត្រូវបានបញ្ជូនទៅ ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាល ពីរសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ ពីបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់អយ្យ- ការអមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញ បណ្តឹងរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយតុលាការបានសម្រេចចោទប្រកាន់ពីបទ ចោទ “ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ” ។

បន្ទាប់ពីបរាជ័យក្នុងការស្នើសុំពន្យារពេល ការចូលឆ្លើយបំភ្លឺតុលាការជុំវិញសំណុំរឿង បណ្តឹងរបស់សម្តេចហ៊ុន សែន កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧លោកគឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ក្រោយពេល ស្រស់ស្រូបអាហារពេលព្រឹក រួចក៏បានចេញ ដំណើរដោយថ្មើរជើង ពីវត្តពោធិយារាម ហៅ វត្តចាស់ ជាមួយព្រះតេជព្រះគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯការាជ្យ ដើម្បី យុត្តិធម៌សង្គម និងព្រះសង្ឃប្រមាណ១០អង្គ ដើម្បីចូលបំភ្លឺអយ្យការអមសាលាដំបូងរាជ- ធានីភ្នំពេញ តែទម្រាំមកដល់បានយឺតពេល ជាង២ម៉ោង ពោលគឺដីកាកោះរបស់តុលាការ កំណត់ឱ្យលោកចូលបំភ្លឺនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តែលោកគឹម សុខ បានមកដល់តុលាការនៅវេលាម៉ោង១១ និង៣០នាទីព្រឹក។ ពេលនោះដែរ ក៏មានការ ឃ្លាំមើលពីមន្ត្រីសិទ្ធិមនុស្ស ពលរដ្ឋ ថ្មើរជើង និងម៉ូតូអមដំណើរជាច្រើនរយនាក់ រហូតដល់ តុលាការ។

ក្រោយបញ្ចប់ការសាកសួរ អស់រយៈពេល ជាង៣ម៉ោង នៅថ្ងៃនោះ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានសម្រេចចោទប្រកាន់លោកគឹម សុខ ពីបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ” រួចសម្រេច ឃាត់ខ្លួនលោកគឹម សុខ បញ្ជូនទៅចៅក្រម ស៊ើបសួរ ដើម្បីចាត់ការបន្ត។ បន្ទាប់មក នៅ រសៀលថ្ងៃដដែលនោះ លោករស់ ពិសិដ្ឋ ចៅ- ក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចចេញដីកាឃុំខ្លួនលោកគឹម សុខ ជា បណ្តោះអាសន្ន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា បានបញ្ជាក់ថា ក្រោយ ពីអយ្យការ បានសម្រេចចោទប្រកាន់ និងបាន បញ្ជូនសំណុំរឿងលោកគឹម សុខ ទៅចៅក្រម ស៊ើបសួរ និងបានបញ្ចប់នីតិវិធីបង្ហាញខ្លួនលើក ដំបូង និងពិភាក្សាដេញដោលរួចមក ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនលោកគឹម សុខ ជា បណ្តោះអាសន្នពីបទ “បរិហារកេរ្តិ៍ ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”។

នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោកគឹម សុខ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្ត ទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដើម្បីរង់ចាំបើក សវនាការជំនុំជម្រះនៅពេលក្រោយ។

មុនពេលចូលបំភ្លឺ និងមុនពេលត្រូវតុលាការ សម្រេចឃុំខ្លួនបណ្តោះអាសន្ននោះ លោកគឹម សុខ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោក សុំអំពាវនាវឱ្យបណ្តាអង្គទូតទាំងអស់ នៅក្នុង ប្រទេសកម្ពុជា ជួយតាមដានរឿងលោកដែល រងបណ្តឹងពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នេះផង។ ដោយឡែកប៉ុន្មានថ្ងៃមុនត្រូវឃុំខ្លួន លោកគឹម សុខ បានប្រកាសថា លោកសម្រេច ប្រគល់សិទ្ធិប្រគេនព្រះតេជព្រះគុណប៊ុត ប៊ុនតិញ និងលោកប៉ា ងួនទៀង ដើម្បីបង្កើត “មូលនិធិ សង្គម គឹម សុខ”។

ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម មាន ពុទ្ធដីកាប្រាប់អ្នកសារព័ត៌មាននៅមុខសាលា- ដំបូងរាជធានីភ្នំពេញ នៅថ្ងៃនោះថា “គេបាន សម្រេចឃុំខ្លួនហើយ ប៉ុន្តែឃុំពេលណាមិនដឹង ទេ ហើយអាត្មាក៏បានសួរទៅញោមសៀង សុខ ហ្នឹងវិញថា គេចោទបទអីធ្ងន់ប៉ុនណាទៅជួប ប្រាប់អាត្មាមើល៍? គេថា ថាបទដែលគេចោទ ហ្នឹង ញុះញង់ហើយនិងបរិហារ ប៉ុន្តែអាត្មាថា ប៉ុណ្ណឹងយើងឃុំខ្លួនអ៊ីចឹងដែរ? គេថាគឺ ឃុំហើយ តេជគុណ! អ៊ីចឹងបើញោមថាប៉ុណ្ណឹង អាត្មា មានតែសម្រេចចិត្តទៅព្រៃ អាត្មាសុំចម្រើនពរ ទៅព្រៃវិញហើយ ព្រោះបើសិនជាយើងមើលពី ទិដ្ឋភាពច្បាប់គ្រាន់តែបទបរិហារកេរ្តិ៍ពាក្យសម្តី ការពិភាក្សាគ្នា ដើម្បីបង្ហាញការពិត ហើយ យើងចោទរហូតដល់ជាប់ពន្ធនាគារ វាធ្ងន់ពេក។ ដូច្នេះអាត្មាគិតថា ល្ងាចនេះ អាត្មាទៅព្រៃទៅ ស្តាប់សត្វយំ ព្រោះសត្វវាយំឮជាងនេះទៀត យំឮជាងគឹម សុខ។ គ្រាន់តែទីទុយុមួយហ្នឹង យំឮជាងដាច់បីព្រៃ ហើយទីទុយរស់បានយ៉ាង សេរី ហើយដល់គឹម សុខ ជាមនុស្ស ហើយមាន ឆន្ទៈមនសិការស្នេហាជាតិយំមិនបានប្រហែល ទីទុយផង។ មិនបានយំផង គ្រាន់តែនិយាយ ដើម្បីបង្ហាញការពិត ត្រូវគេចាប់ឃុំអ៊ីចឹង។ អ៊ីចឹង អាត្មាសម្រេចថា ទៅព្រៃហើយ ល្អជាង។ ចំពោះ រឿងមូលនិធិនេះ អាចជាប់អន្ទាក់ តាមការ សាកសួររបស់ព្រះរាជអាជ្ញា ហើយអាត្មាបាន ស៊ីញេលើពាក្យសេចក្តីទាំងអស់នោះ ប៉ុន្តែអាត្មា បានអានពាក្យសម្តីទាំងអស់នោះ គឺផ្តើមពីឆន្ទៈ និងបំពេញឆន្ទៈប្រជាពលរដ្ឋ ដោយក្រោយពី លោកគឹម សុខ បានចេញការពិភាក្សា តាម ប្រព័ន្ធបណ្តាញសារព័ត៌មានមក គាត់ទទួលបាន ប្រជាប្រិយ ហើយអ្នកស្រុកក៏គាំទ្រ ក្រោយពី បានដំណឹងថា តុលាការកោះហៅ អ្នកស្រុកគាំទ្រ ផ្តល់ថវិកា ដើម្បីដោះបញ្ហា គឺសងជំងឺចិត្តទៅ ញោមនាយករដ្ឋមន្ត្រីៗមិនជាក្រទេ អ៊ីចឹងទៅ ញោមគឹម សុខ ហ្នឹង បានប្រាប់ថា មិនគួរយក លុយទៅសងនាយករដ្ឋមន្ត្រីទេ សងជំងឺចិត្តទេ គួរតែជួយសហគមន៍វិញ ខ្លឹមសារដែលសរសេរ ហើយផ្តិតមេដៃ ហើយក៏គឹម សុខ ហ្នឹង បាន សម្រេចចិត្តផ្តួចផ្តើមថា គួរតែចេញរូបរាងបង្កើត គណៈកម្មការមូលនិធីគឹម សុខ ចុះហើយឈ្មោះ អាស្រ័យនៅលើគណៈកម្មការ…”។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា បន្ថែមថា “បើតាមបទចោទ វាមិនខុសទេ បទ បរិហារកេរ្តិ៍ និងការញុះញង់ប៉ុណ្ណឹង វាមិនធ្ងន់ទេ វាស្រាល ព្រោះបទបរិហារកេរ្តិ៍ និយាយពាក្យ- សម្តីហ្នឹង វាជាទោសដែលស្រាល។ មិនមែន ជាបទព្រហ្មទណ្ឌ មិនមែនជាអីទេ អ៊ីចឹងបើសិន ទោសស្រាលអ៊ីចឹង តុលាការ ព្រះរាជអាជ្ញាអី ចោទបានតើ! ប៉ុន្តែដើរតាមនីតិវិធីច្បាប់ដែល បានចែងទៅបរិហារកេរ្តិ៍ កាត់ទោសយ៉ាងម៉េច? បង់ឱ្យគេប៉ុនណា បង់ទៅ ហេតុអីបានការកាត់ ទោសពីបទញុះញង់និងបរិហារកេរ្តិ៍ បញ្ជូនូទៅ តុលាការ សូម្បីមិត្តភក្តិរាប់អានគ្នា មិនឱ្យឃើញ មុខផង។ ដូច្នេះអារឿងនេះ អាត្មាសន្និដ្ឋាន បានដល់៩០5ថា មិនមែនរឿងញុះញង់ មិនមែនរឿងបរិហារកេរ្តិ៍ទេ គឺរឿងបំពេញកំហឹង ញោមនាយករដ្ឋមន្ត្រី។ អាត្មាដឹងថា ញោម នាយករដ្ឋមន្ត្រីខឹងសម្បើមណាស់ ប៉ុន្មានថ្ងៃនេះ ហើយអាត្មានឹងព្យាយាមពេលគាត់បាត់ខឹង អាត្មា នឹងសួរថា តើចំណេញអី? ញោមនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើអ៊ីចឹង ចំណេញអី? អាត្មា នឹងសួរគាត់នៅថ្ងៃណាមួយ ព្រោះអាត្មាមាន លទ្ធភាពនិយាយជាមួយញោមនាយករដ្ឋមន្ត្រី បានតើ! ហើយបើសិនជាញោមនាយករដ្ឋមន្ត្រី ថា ទេ! ខ្ញុំកូណាបានកាន់តួនាទីជាម្ចាស់សន្តិភាព ជាវីរជនខ្មែរ សាមសិបឆ្នាំហើយ អត់ចង់កាន់ តទៀតទេ ឱ្យគឹម សុខ ម្តង ចាប់ដាក់គុកទៅ! ឥឡូវចាប់ហើយ អ៊ីចឹងអាតួនាទីវីរជន តួនាទី ស្ថាបនិកសន្តិភាពហ្នឹង វាអត់បានទៅញោម ហ៊ុន សែន ទេ បានទៅគឹម សុខ ហើយ។ អាត្មា សម្លឹងមើលឃើញមួយទៀតថា អ្នកស្នេហាជាតិ របស់ខ្មែរ មិនសូវសម្បូរទេ ប៉ុន្តែញោមហ៊ុន សែន គាត់ផ្តល់ឱកាសឱ្យអ្នកស្នេហាជាតិកើតកាន់តែ ច្រើន។ ឃើញទេ! ក្រោយពីលោកកែម ឡី បានស្លាប់ អ្នកស្នេហាជាតិផុសច្រើន ដល់ឥឡូវ ក្រោយពីញោមគឹម សុខ ហ្នឹងត្រូវបានគេចាប់ ដាក់គុក អាត្មាថា នឹងមានអ្នកស្នេហាជាតិមក ទៀត។ អ៊ីចឹងវីរជន ដំបូងដៃឡើយ ជាកម្មសិទ្ធិ របស់ញោមនាយករដ្ឋមន្ត្រីទាំងស្រុង ប៉ុន្តែឥឡូវ ក្រោយពីញោមនាយករដ្ឋមន្ត្រីថា គាត់ខ្ជិលណាស់ ព្រោះគាត់គ្រោងតួនាទីវីរជនម្ចាស់សន្តិភាព ហ្នឹងយូរហើយ គាត់ឱ្យគេម្តង អាត្មាសប្បាយ ចិត្តណាស់ អាត្មាគេឱ្យអាត្មាក៏យកដែរ”។

ជុំវិញការសម្រេចចោទប្រកាន់ និងឃុំ ខ្លួនលោកគឹម សុខ នេះដែរ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បាន សរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកនៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នោះថា “លោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសង្គម ត្រូវបានឃាត់ខ្លួនដោយព្រះរាជអាជ្ញា និងរង់ចាំបង្ហាញខ្លួនមុខចៅក្រម។ លោកគឹម សុខ ត្រូវបានលោកព្រះរាជអាជ្ញារង សៀង សុខ ចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទបរិហារកេរ្ត៍ជាសាធារណៈ តាម មាត្រា៤៩៤ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវតុលាការឃុំខ្លួននៅរសៀលនេះ។

លោកគឹម សុខ ទើបល្បីឈ្មោះតាមរយៈ ការបញ្ចោញមតិរិះគន់រដ្ឋាភិបាលចំៗ និងមិន សំចៃមាត់ មិនបាន៥០ថ្ងៃផង។ ករណីនេះគួរ លើកយកមកឆ្លុះបញ្ចាំងក្នុងចំណោមមនុស្ស គ្រប់ស្រទាប់វណ្ណៈ រួមទាំងអ្នកនយោបាយ អ្នក អត្ថាធិប្បាយ អ្នកវិភាគ អ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋដើម្បីឈ្វេងយល់ពីស្ថានភាពនយោបាយទិដ្ឋភាពច្បាប់និងប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ន។

នៅពេលដែលលំហនៃសេរីភាពបញ្ចោញ មតិកាន់តែតូចចង្អៀត មានការកើនឡើងនូវ ហានិភ័យសម្រាប់ជនដែលសម្តែងមតិសាធារណៈ មតិរិះគន់ ឬនិយាយការពិតដោយឥតសំចៃ មាត់។

ក្នុងស្ថានភាពបែបនេះ អ្នកវិភាគ ឬអ្នក- អត្ថាធិបាយកាន់តែងាយរងគ្រោះ ព្រោះអ្នក សារព័ត៌មានចង់បានការអត្ថាធិប្បាយ ឬការ និយាយចំៗដោយឥតសំចៃមាត់និងការសម្ភាសន៍ ឬហៅអ្នកហ៊ាននិយាយបែបនេះឡើងវេទិកា មិនលស់ថ្ងៃ។ រីឯពលរដ្ឋក៏ដូច្នោះដែរ ទាល់តែ និយាយចំៗបែបហ្នឹងបានត្រូវចិត្ត។

ខ្ញុំមិនដាក់កំហុសទៅលើអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋទេ ខ្ញុំគ្រាន់តែឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសង្គមយើងតែប៉ុណ្ណោះ”។

ចំណែកលោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃដដែលនោះថា “ជាគោលការណ៍ច្បាប់បង្កើតឡើងមិនមែនសម្រាប់ឱ្យ បុគ្គលណា ឬក្រុមណា ឬក៏គណបក្សនយោបាយ ណាមួយ ឡើងអង្គុយពីលើទេ តែក្នុងប្រទេស ខ្មែរ គឺច្បាប់បង្កើតឡើងហើយ មិនដែលត្រូវ បានយកមកអនុវត្តឱ្យបានត្រឹមត្រូវស្មើភាពគ្នា ទេ។ គណបក្សប្រជាជនកម្ពុជា តែងប្រើច្បាប់ ដើម្បីប្តឹងដាក់ទោសអ្នកដែលរិះគន់ប្រឆាំងខ្លួន តែតុលាការមិនដែលហ៊ានប្រើច្បាប់ដូចគ្នានេះ កាត់ទោសមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ គណបក្សប្រជាជនកម្ពុជា វិញទេ បើយើងប្តឹង ពួកគេ។

ពេលដែលមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់ គណបក្សប្រជាជនកម្ពុជា ប្រើច្បាប់ ប្រើតុលាការ ប្តឹងអ្នកដែលមិនគាំទ្រខ្លួនដាក់គុក មិនមែន មានន័យថា ពួកមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា ជាក្រុមមនុស្ស ត្រឹមត្រូវ មិនដែលប្រព្រឹត្តខុស និងជាក្រុមអ្នក- គោរពច្បាប់នោះទេ។ តែគឺវាឆ្លុះបញ្ចាំងពីការ អនុវត្តច្បាប់លម្អៀងរបស់ចៅក្រម និងតុលាការ ដែលជាក្រុមតុលាការដែកគោល ចាំទទួលបញ្ជា ពីមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែល កំពុងកាន់អំណាចនោះ រហូតដល់បាត់បង់នូវ ឆន្ទានុសិទ្ធិ ភាពឯករាជ្យរបស់ខ្លួន ជាចៅក្រម នៃតុលាការ។

បើលោកហ៊ុន សែន និងមន្ត្រីគណបក្ស ប្រជាជនកម្ពុជា ប្តឹងនរណាហើយ តើបងប្អូន ជនរួមឈាមខ្មែរ ដែលឃើញតុលាការទម្លាក់ការ ចោទប្រកាន់ទេ? ហើយដែលឃើញតុលាការ ហ៊ានកាត់ទោសលោកហ៊ុន សែន និងមន្ត្រីជាន់- ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលរងបណ្តឹង នៅក្រោមច្បាប់ដូចគ្នានេះទេ?

នេះគេហៅថាប្រទេសផ្តាច់ការដែលយក អ្នកធំជាច្បាប់ មិនមែនប្រទេសប្រជាធិបតេយ្យ ដែលយកច្បាប់ជាធំទេ”។

បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជា អ្នកវិភាគ លោកសុខ ទូច បានមានប្រសាសន៍ ថា សម្រាប់លោកយល់ថា លោកគឹម សុខ មិនមែនអ្នកវិភាគទេ លោកគឹម សុខ ដើរតួជាអ្នកនយោបាយច្រើនជាង ព្រោះជាធម្មតា កាលណា ធ្វើការវិភាគ ត្រូវមានមូលហេតុ មានភ័ស្តុតាង ត្រូវមានអង្គហេតុ មានសំអាងទៅនឹងផ្លូវច្បាប់ ទើបគ្មាននរណាប្តឹងបាន។

ដោយឡែក រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “មានមិត្តភក្តិខ្លះឱ្យយោបល់ថា មិនគួរប្តឹង លោកគឹម សុខ ទេ ទុកឱ្យគាត់និយាយពុល ទឹកមាត់តែខ្លួនឯងទៅ។ នេះជាគំនិតមួយ តែ មិនអាចអនុវត្តបាននៅក្នុងសង្គមប្រជាធិបតេយ្យ បានទេ នៅពេលដែលគណបក្សមួយរងការ ចោទប្រកាន់ធ្ងន់ធ្ងរ ដូចជាអំពើឃាតកម្មនេះ ជាដើម ព្រោះសង្គមប្រជាធិបតេយ្យ ត្រូវការបេះដូង និងខួរក្បាលរបស់អ្នកបោះឆ្នោត។ បើ គេបណ្តុះការសង្ស័យ បើគេប្រើមធ្យោបាយ ទុច្ចរិត ដើម្បីបន្ទាបបន្ថោកបក្សណាមួយ បើ បក្សនោះមិនបង្ហាញថា រឿងដែលកើតមាន ឡើង គឺអ្នកណាត្រូវ អ្នកណាខុសទេនោះ មិនមានន័យថាបក្សនោះលុតជង្គង់ប្រគល់អំណាច ដាក់លើពានមាស ទៅអ្នកបង្ករឿងនោះទៅ ហើយ?”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ មេធាវីតំណាងដោយអាណត្តិ គឺលោកគី តិច បានដាក់ពាក្យបណ្តឹងចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកគឹម សុខ ពីបទចោទប្រកាន់មួលបង្កាច់ និងទម្លាក់ កំហុសយ៉ាងងងឹតងងុល ទៅលើគណបក្ស ប្រជាជនកម្ពុជា ថាជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។ ក្នុងពាក្យបណ្តឹងនោះ មេធាវីតំណាង ដោយអាណត្តិរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សុំប្តឹង ទី១ សុំឱ្យតុលាការផ្តន្ទាទោសលើលោកគឹម សុខ តាមផ្លូវច្បាប់ និងទាមទារឱ្យលោកគឹម សុខ សងសំណងជំងឺចិត្តជូនដល់គណបក្សប្រជាជនកម្ពុជា ចំនួន២ ០០០ ០០០ ០០០ (ពីរពាន់លាន) រៀល ស្មើនឹងប្រមាណ៥០ម៉ឺនដុល្លារអាមេរិក។

ដោយឡែក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៧ លោកគី តិច មេធាវីរាជរដ្ឋាភិបាល និងជាមេធាវីតំណាងដោយអាណត្តិសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់ពាក្យបណ្តឹង ១បន្ថែមទៀត ចូលទៅកាន់លោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកគឹម សុខ មួយករណីទៀត ពីបទនិយាយបំផ្លើសការ ពិតចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ថា បានបង្កើតឱ្យមានប្រព័ន្ធមួយ សម្លាប់មនុស្សហើយ រកមុខឃាតករមិនឃើញ។

ក្នុងពាក្យបណ្តឹងទី២នោះមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានប្តឹងសុំឱ្យតុលាការផ្តន្ទាទោស លើឈ្មោះគឹម សុខ តាមផ្លូវច្បាប់ និងទាមទារ ឱ្យឈ្មោះគឹម សុខ សងសំណងជំងឺចិត្តជូនដល់ រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១០ ០០០ ០០០ ( ដប់លាន)រៀល៕ កុលបុត្រ

RELATED ARTICLES