សុីរី៖ យោងតាមទីភ្នាក់ងាររដ្ឋ SANA ក្រសួងការបរទេសស៊ីរីបានចោទប្រកាន់រដ្ឋាភិបាលតួកគីកាលពីថ្ងៃសុក្រដែលនាំយកនូវសម្ភារៈផ្សេងៗមកសាងសង់របងខ័ណ្ឌចែកគ្នាមួយក្នុងតំបន់ភាគខាងជើងស៊ីរី។
នៅក្នុងលិខិតមួយថ្កោលទោសមួយដែលបានផ្ញើទៅកាន់អង្គការសហប្រជាជាតិ ក្រសួងបានលើកឡើងថាការរំលោភបំពានមកលើទឹកដីស៊ីរីពីសំណាក់រដ្ឋាភិបាលតួកគីគឺកើតឡើងឥតឈប់ឈរ។
កាលពីថ្ងៃទី១១ខែមករា កងកម្លាំងតួកគីនិងកងល្បាតតាមព្រំដែនបានដឹកជញ្ជូននូវគ្រឿងចក្រធុនធ្ងន់ក៏ដូចជារថយន្តដឹកជញ្ជូនចូលទឹកដីស៊ីរីក្នុងតំបន់ភាគខាងជើងនៃប្រទេសនេះ ជាពិសេសក្នុងតំបន់ជនបទភាគខាងជើងនៃខេត្ត Hasakah ក្នុងនោះមានការធ្វើផ្លូវនិងជីកលេណដ្ឋានផងដែរខណៈមានការចាក់ពុម្ភសសរស៊ីម៉ង់ត៍ក្នុងការសង់ជញ្ជាំងខ័ណ្ឌចែកទឹកដីនៅតំបន់នោះ។
បីថ្ងៃក្រោយមកកងកម្លាំងតួកគីបានចូលមកកាន់ទឹកដីស៊ីរីក្នុងជម្រៅ២៥០ម៉ែត្រក្នុងទីក្រុង Arab Tuma ភាគខាងជើងតំបន់ដាច់ស្រយាលនៃខេត្តអាលីប៉ូ និងបានចាប់ផ្តើមធ្វើផ្លូវចម្ងាយ២គីឡូម៉ែត្រទៅកាន់កន្លែងដែលខ្លួនបានសាងសង់របងបែងចែកទឹកដីតំបន់នោះ ។
ចំណែកមន្ត្រីរដ្ឋាភិបាលស៊ីរីថ្មីៗនេះបានថ្លែងថាសកម្មភាពអន្តរជាតិជាឯកតោភាគីដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលស៊ីរីនឹងជាប់ទាក់ទងនឹងការរំលោភបំពានលើអធិបតេយ្យភាពរបស់ស៊ីរី ។
ទោះជាយ៉ាងណាលោកប្រធានាធិបតី Bashar al-Assad បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថាការបង្កើតតំបន់សុវត្ថិភាពក្នុងភាគខាងជើងស៊ីរីគឺមិនពិតឡើយ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា