ប៉ាគីស្ថាន ៖ អំពើហិង្សានៃក្រុមនិកាយសាសនា នៅភាគពាយ័ព្យប៉ាគីស្ថាន នៅតែធ្ងន់ធ្ងរ ដោយបណ្តាលឲ្យអ្នកស្លាប់បានកើនឡើងដល់ ១៣០នាក់។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ថា ការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាម រវាងនិកាយអ៊ិស្លាមខុសគ្នា នៅក្នុងស្រុកខួររ៉ាម (Khurram) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន នៅតែមានភាពកាច សាហាវ ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានសម្រេចកាលពីសប្តាហ៍មុនក៏ដោយ។ ចំនួនអ្នកស្លាប់ចុង ក្រោយនេះ បានកើនឡើងដល់ជាង ១៣០នាក់ ខណៈដែលអាជ្ញាធរព្យាយាមសម្របសម្រួល។
ស្រុកខួររ៉ាម ដែលនៅជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន វាជាកន្លែងនៃជម្លោះរវាងនិកាយអ៊ីស្លាមខុសៗគ្នា អស់ជាច្រើនទសវត្សរ៍មកហើយ។ អំពើហិង្សាចុងក្រោយបង្អស់ បានចាប់ផ្តើមក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លែងដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារលើក្បួនរថយន្តដែលអ្នកបើកបរភាគច្រើនជាអ្នកកាន់សាសនាអ៊ិស្លាមស៊ីអា (Shia) រហូតដល់មានអ្នកស្លាប់ចំនួន ៤៣នាក់ ។ បន្ទាប់មកភាគីទាំងសងខាងបានវាយប្រហារសងសឹកគ្នាទៅវិញទៅមក។

លោកវ៉ាជីត ហ៊ូសសែន (Wajid Hussain) មន្ត្រីការិយាល័យរដ្ឋបាលស្រុកខួររ៉ាម បានមានប្រសាសន៍ថាមាន ការប៉ះទង្គិចគ្នាក្នុងមួយសប្តាហ៍កន្លះកន្លងមកនេះ បានបណ្តាលឱ្យមនុស្ស ១៣៣នាក់ បានស្លាប់។
មន្ត្រីរដ្ឋបាលមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានព្យាយាមរកវិធីបញ្ចប់ជម្លោះរវាងភាគីទាំងពីរ ប៉ុន្តែមិនបានផលអ្វីសោះ ទោះបីជារដ្ឋាភិបាល បានធ្វើឱ្យភាគីជម្លោះបានយល់ព្រមដោយជោគជ័យនូវបទឈប់បាញ់ រយៈពេល ៧ថ្ងៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអាលី អាមីនខាន់ (Ali Amin Khan) អភិបាលខេត្តឃីបឺរប៉ាកទុនក្វា (Khyber Pakhtunkhwa) បានទៅលេងស្រុកខួររ៉ាម ដើម្បីចូល រួមកិច្ចប្រជុំរបស់អ្នកចាស់ទុំក្នុងតំបន់ និងថ្នាក់ដឹកនាំកុលសម្ព័ន្ធ នៅមុនពេលដែលការិយាល័យរបស់លោកបានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ដដែលថា “អ្នកណាលើកអាវុធ នឹងត្រូវបានចាត់ទុកដូចជាភេរវករ ហើយជោគវាសនារបស់ពួកគេ នឹងដូចគ្នានឹងភេរវករផ្សេងទៀត»។
បើតាមការបង្ហើបពីអ្នកភូមិ និងមន្ត្រីមូលដ្ឋាន ផ្លូវហាយវេដ៏សំខាន់ តភ្ជាប់ទីក្រុងប៉ារ៉ាជីណារ ( Parachinar) ជាមួយទីក្រុងប៉េស្ហាវ៉ារ (Peshawar) រដ្ឋធានីនៃខេត្តខីបឺរប៉ាតទុនក្វា (Khyber Pakhtunkhwa) ត្រូវបានបិទ ដែលធ្វើឱ្យមានការលំបាកក្នុងការដឹកជញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ។

លោកវេជ្ជបណ្ឌិត ស៊ីយេដ មៀរ ហាសសាន់ (Syed Mir Hassan) មកពីមន្ទីរពេទ្យស្រុក ប៉ារ៉ាជីណារ បាននិយាយថា ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យ កំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះអ្នករបួស តែវាពិបាកក្នុងការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យធំ នៅប៉េស្ហាវ៉ារ និងកន្លែងផ្សេងទៀត។ បច្ចុប្បន្នគ្រុមគ្រូពេទ្យរបស់លោក កំពុងព្យាបាលអ្នករបួសប្រហែល ១០០នាក់ ហើយបានទទួលសាកសពចំនួន ៥០ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង៕