កូរ៉េខាងត្បូង ៖ មេដឹកនាំគណបក្សកាន់អំណាច កូរ៉េខាងត្បូង បានគាំទ្រការប៉ុនប៉ងបោះឆ្នោតដកតំណែងប្រធានាធិបតី យុន សឹកយឹល (Yoon Seok-Yeol) របស់សមាជិកសភាបក្សប្រឆាំង បន្ទាប់ពីព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យលាលែងពីតំណែង ដោយខ្លួនឯង មិនបានជោគជ័យ។
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៣ ខែធ្នូឆ្នា២០២៤ ថា មេដឹកនាំគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សកាន់អំណាច របស់ប្រទេសកូរ៉េខាងត្បូង បានចេញមកថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា ពួកគេនឹងគាំទ្រកិច្ចប្រឹងប្រែងរបស់បក្សប្រឆាំង ដើម្បីដកតំណែងប្រធានាធិបតី យុន សឹកយឹល បន្ទាប់ពីព្យាយាមបញ្ចុះបញ្ចូលលោកយុន សឹកយឹល ឱ្យលាលែងពីតំណែង តែមិនបានផល។
លោកប្រធានាធិបតី យុន សឹកយឹល បានបង្កភាពចលាចលនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោកបានប្រកាសប្រើច្បាប់អាជ្ញាសឹកភ្លាមៗ ដោយសង្ឃឹមថា យោធា នឹងគ្រប់គ្រងអំណាចជាបណ្ដោះអាសន្ន ដោយលើកឡើងពីការគំរាមកំហែងពីកូរ៉េខាងជើង ប៉ុន្តែគោលបំណងពិតប្រាកដ គឺរារាំងគណបក្សប្រឆាំង មិនឲ្យអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ដែលកាត់បន្ថយការចំណាយ និងបានរារាំងចលនាដើម្បីចោទប្រកាន់រដ្ឋអាជ្ញាជាន់ខ្ពស់មួយចំនួន ដែលបរាជ័យក្នុងការស៊ើបអង្កេតករណីសូកប៉ាន់ប្រពន្ធលោកយុន សឹកយឹល។គណបក្សប្រឆាំង បានព្យាយាមជំរុញតាមរយៈចលនាមួយ ដើម្បីដកតំណែងលោកប្រធានាធិបតី យុន សឹក យឹល កាលពីសប្តាហ៍មុន ប៉ុន្តែមិនបានជោគជ័យ ព្រោះគណបក្សកាន់អំណាច ពហិការ មិនចូលរួមប្រជុំ។ ជាលទ្ធផល រដ្ឋសភា មិនបានប្រជុំពេញអង្គទេ។ ទោះបីជាយ៉ាងណា បក្សប្រឆាំង កំពុងព្យាយាមដើម្បីប្រជុំបោះ ឆ្នោតដកតំណែងលោកយុន សឹកយឹល ជាលើកទីពីរ ដែលគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ។
ខាងគណបក្សកាន់អំណាច បានរិះគន់ការប្រកាសប្រើច្បាប់អាជ្ញាសឹក របស់លោកប្រធានាធិបតី យុន សឹក យឹល ប៉ុន្តែមិនគាំទ្រចលនាដកតំណែងលោកប្រធានាធិបតីលើកទី១ នោះទេ ដោយសារតែពួកគេចង់ឱ្យលោកយុន សឹកយឹល លាលែងពីតំណែងដោយខ្លួនឯង ហើយលោកហាន់ ដុងហ៊ុន (Han Dong-hun) ដែលជាប្រធានគណបក្សកាន់អំណាច បាននិយាយថា ការលាលែងរបស់លោកយុន សឹកយឹល គឺចៀសមិនរួចឡើយ។
ទោះជាយ៉ាងណា លោក ហាន់ ដុងហ៊ុន ថ្មីៗនេះបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា “យើងកំពុងព្យាយាមរកវិធីប្រសើរជាងការដកតំណែង ប៉ុន្តែគ្មានជម្រើសផ្សេងទៀតទេ ក្រៅការព្យួរតួនាទីរបស់ប្រធានាធិបតី តាម រយៈការដកតំណែង។ ដូច្នេះវាជាផ្លូវតែមួយគត់សម្រាប់ពេលនេះ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសាធារ ណរដ្ឋកូរ៉េ”។
ការលើកឡើងរបស់លោកហាន់ ដុងហ៊ុន បានកើតឡើងមុនពេលលោកប្រធានាធិបតី យុន សឹកយឹល ចេញសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយលោកបានព្យាយាមបង្ហាញពីភាពត្រឹមត្រូវនៃការប្រកាសប្រើច្បាប់អាជ្ញាសឹក ហើយបានច្រានចោលការអំពាវនាវឱ្យគាត់លាលែងពីតំណែង ដោយនិយាយថា គាត់នឹងតស៊ូរហូតដល់ទីបញ្ចប់។
លោកហាន់ ដុងហ៊ុន មានប្រសាសន៍បន្ថែមថា ឥឡូវនេះ សមាជិកសភាគណបក្សអំណាចប្រជាជន (PPP) អាចបោះឆ្នោតលើដកតំណែងលោកប្រធានាធិបតី លើកទីពីរ ដែលបក្សប្រឆាំង កំពុងជំរុញ។
លោកប្រធានគណបក្សកាន់អំណាច ហាន់ ដុងហ៊ុន បាននិយាយថា «តាមជំនឿនិងសតិសម្បជញ្ញៈរបស់ខ្លួន ខ្ញុំជឿថា សមាជិកបក្សយើង នឹងបោះឆ្នោតឲ្យប្រទេស និងប្រជាជនរបស់យើង»៕