ឧបទ្វីបកូរ៉េ៖ បណ្តាញព័ត៌មានបរទេសផ្សាយថាកូរ៉េខាងជើងកំពុងរៀបចំបញ្ជូនតំណាងមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកដើម្បីពិភាក្សាជាមួយនិងអតីតមន្ត្រីសហរដ្ឋអាមេរិក ដែលគេសង្កេតឃើញថាវាជាជំនួបលើកដំបូងមួយក្នុងអំឡុងពេលជាង៥ឆ្នាំមកនេះ មួយវិញទៀតវាក៏ជាសញ្ញាមួយដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងសម្លឹងឃើញពីការបើកទ្វារចំហរស្វាគមន៍រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ។
គួរកត់សម្គាល់ផងដែរថាការរៀបចំចរចាគ្នានេះប្រែក្លាយជារឿងមួយកាន់តែស្មុគស្មាញឡើងថែមទៀតក្នុងអំឡុងពេលជាង៨សប្តាហ៍មុននេះ ស្របពេលដែលកូរ៉េខាងជើងដឹកនាំការធ្វើតេស្តសាកល្បងបាញ់បង្ហោះមីស៊ីលផ្លោង ក៏ដូចជាករណីឃាតកម្មលើបងប្រុសរួមផ្ទៃរបស់លោកគីម ជុងអ៊ុន ក្នុងប្រទេសម៉ាឡេស៊ីដែលគេបានដាក់ការសង្ស័យថាជាបញ្ជារបស់មេដឹកនាំកូរ៉េខាងជើងផ្ទាល់តែម្តងនោះ ។
ជាក់ស្តែងគឺប៉ូលិសម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យម្សិលមិញបានបង្ហាញឈ្មោះជនសង្ស័យដែលជាជនជាតិកូរ៉េខាងជើង៤នាក់ ដែលបានចាកចេញពីកូរ៉េខាងក្នុងថ្ងៃដែលមានការធ្វើឃាតនោះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា