ម៉ុងហ្គោលី ៖ នាយកដ្ឋានឧតុនិយមម៉ុងហ្គោលី បានបង្ហាញថា សីតុណ្ហភាពនៅពេលយប់បានធ្លាក់ចុះដល់ -៤២អង្សាសេ ដែលជាសីតុណ្ហភាពត្រជាក់បំផុតនៅម៉ុងហ្គោលី ក្នុងរដូវរងានេះ ខណៈដែលមនុស្សប្រឈមនឹងការធ្លាក់ព្រិលខ្លាំងបំផុត ក្នុងរយៈពេល ៤៩ឆ្នាំ។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យឧតុនិយម និងបរិស្ថានជាតិ នៃប្រទេសម៉ុងហ្គោលីបានរាយការណ៍ថា សីតុណ្ហភាពពេលយប់ នៅស្រុកអូតហ្គនស៊ុម (Otgon Sum) នៃខេត្ត សាហ្វខាន (Safkhan) ទាបជាងនៅម៉ុងហ្គោលី ភាគខាងលិច ដោយសីតុណ្ហភាពបានធ្លាក់ចុះត្រជាក់ខ្លាំង ដល់ -៤២អង្សាសេ ក្នុងអំឡុងថ្ងៃទី១២- ១៣ ខែធ្នូ ឆ្នាំ២០២៤។ នេះគឺជាសីតុណ្ហភាពត្រជាក់បំផុត នៅម៉ុងហ្គោលី ក្នុងរដូវរងានេះ។

ជាមួយគ្នានេះ ខាងឧតុនិយមព្រមានថា ប្រទេសម៉ុងហ្គោលី ភាគច្រើននឹងជួបភាពត្រជាក់ជាងសីតុណ្ហភាពធម្មតា ពេញមួយរដូវរងា។

គួរបញ្ជាក់ថា ម៉ុងហ្គោលី ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានរដូវរងាដ៏អាក្រក់ ដែលបានរងឥទ្ធិពលពីតំបន់សម្ពាធខ្ពស់ ស៊ីបេរី។ ទន្ទឹមនឹងនេះ ខេត្តចំនួន ២១ ក្នុងប្រទេសម៉ុងហ្គោលី កំពុងប្រឈមនឹងអាកាសធាតុ ត្រជាក់ខ្លាំង មានធ្លាក់ព្រិលខ្លាំងបំផុត ដែលគេហៅថា “ស៊ូដ” (Sud) ដែលមានទម្ងន់ធ្ងន់បំផុត ចាប់តាំងពីឆ្នាំ១៩៧៥ ឬ៤៩ឆ្នាំកន្លងទៅ ធ្វើឲ្យប្រមាណ ៩០ភាគរយនៃប្រទេសម៉ុងហ្គោលី ត្រូវបានគ្របដណ្តប់ដោយព្រិល រហូតដល់ ១០០សង់ទីម៉ែត្រ ដែលបណ្តាលឱ្យសត្វពាហនៈប្រហែល ៨លានក្បាល បានងាប់។

ស៊ូត (Sud) គឺជាភាសាម៉ុងហ្គោលី ដែលប្រើដើម្បីពិពណ៌នាអំពីរដូវរងាដែលមានសភាពធ្ងន់ធ្ងរដែលសត្វចិញ្ចឹមជាច្រើនបានងាប់ ដោយសារតែអ្វីៗបានកក ឬគ្របដណ្តប់ដោយព្រិល៕