សូម៉ាលី៖ ប្រភពផ្លូវការបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៣០នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងនៅផ្សារដ៏មមាញឹកមួយកន្លែងក្នុងរដ្ឋធានីមូហ្គាឌីស៊ូរបស់ប្រទេសសូម៉ាលីកាលពីថ្ងៃអាទិត្យ។
ទីភ្នាក់ងារសន្តិសុខជាតិសូម៉ាលីបានអះអាងថាឧប្បត្តិហេតុនេះកើតឡើងនៅតំបន់ Kawo-Gudey ក្នុងសង្កាត់ Wadajir រដ្ឋធានីមូហ្គាឌីស៊ូ ហើយអ្នកស្លាប់និងរបួសមានទាំងទាហាននិងជនស៊ីវិល។
ប្រភពដដែលបានបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធអាល់សាបាប់បានដាក់ទិសដៅលើកជនស៊ីវិលដែលគ្មានទោសពៃកំពុងធ្វើសកម្មភាពអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេក្នុងផ្សារនេះ ។
ចៅសង្កាត់ Wadajir លោក Ahmed Abdulle Afrah បានថ្លែងប្រាប់អ្នកសារព័ត៌មានមុននេះថាវាគឺជារឿងលំបាកមួយក្នុងការកំណត់អត្តសញ្ញាណនៃសាកសពក៏ដូចជាអ្នករងរបួសនៅកន្លែងកើតហេតុ។
លោកបានបន្ថែមថានេះគឺជាការបង្កហេតុដ៏ធំបំផុតដែលបានធ្វើឡើងដោយក្រុមសត្រូវ រហូតបណ្តាលឲ្យមនុស្សជាង២០នាក់ភាគច្រើនជាស្ត្រីនិងកុមារស្លាប់បាត់បង់ជីវិតហើយជាង២០នាក់ផ្សេងទៀតរងរបួសនៅក្នុងផ្សារមានស្ថានភាពមមាញឹកមួយ។ ចំណែកប្រតិបតិ្តការជួយសង្គ្រោះគឺនៅតែបន្តអនុវត្តដដែលដើម្បីរួសរាន់បញ្ជូនអ្នកដែលរងរបួសទៅកាន់មន្ទីរពេទ្យ។
ជាមួយគ្នានេះដែរសាក្សីបាននិយាយថាការបំផ្ទុះគ្រឿងផ្ទុះនេះបានកើតឡើងនៅផ្សារខាងលើ ដោយផ្តាច់ជីវិតអាជីវករជាច្រើននាក់ភាគច្រើនជាស្រ្តី។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ស្របពេលដេលអ្នករបួសភាគច្រើនគឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
បើទុកជាយ៉ាងណាក្តី ពុំមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា