Wednesday, December 18, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា លាលែងតំណែង ក្រោយមានជ.../ម្លោះជាមួយនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា លាលែងតំណែង ក្រោយមានជ…/ម្លោះជាមួយនាយករដ្ឋមន្ត្រី

កាណាដា ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា បានប្រកាសលាលែងតំណែង បន្ទាប់ពីមានជម្លោះជាមួយនាយករដ្ឋមន្ត្រី ជុំវិញគោលនយោបាយដើម្បីទប់ទល់នឹងផែនការបង្កើតជញ្ជាំងពន្ធគយរបស់លោក ដូណាល់ ត្រាំ (Donald Trump) អនាគតប្រធានាធិបតីអាមេរិក។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា លោកស្រី គ្រីស្ទីយ៉ា ហ្វ្រីឡែនដ៍ (Chrystia Freeland) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា បានលាលែងពីតំណែង នៅថ្ងៃចន្ទ ទី ១៦ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីលោកស្រីបានប៉ះទង្គិចពាក្យសម្តីជាមួយនាយករដ្ឋមន្ត្រី លោក ចាស្ទីន ទ្រូដូ (Justin Trudeau) អំពីរបៀបឆ្លើយតបទៅនឹងការគំរាមកំហែងនៃពន្ធពីប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ។

លោកស្រីហ្វ្រីឡែនដ៍ បានប្រកាសលាលែងតំណែង នៅក្នុងលិខិតមួយ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ លោកស្រីបានបញ្ជាក់នៅក្នុងលិខិតនោះថា អ្នកទាំងពីរមិនយល់ស្របអំពីផ្លូវឆ្ពោះទៅមុខដ៏ល្អបំផុតសម្រាប់ប្រទេសកាណាដា និងចង្អុលបង្ហាញពីបញ្ហាប្រឈមដ៏គ្រោះថ្នាក់ ពិសេសពីគោលនយោបាយសេដ្ឋកិច្ចជាតិនិយមដ៏គឃ្លើន របស់លោកដូណាល់ ត្រាំ។

លោកស្រីហ្វ្រីឡែនដ៍ ក៏បានបញ្ជាក់ផងដែរថា លោកស្រីបានលាលែងពីតំណែង បន្ទាប់ពី លោកទ្រូដូ បានប្រាប់លោកស្រី កាលពីសប្តាហ៍មុនថា គាត់លែងចង់ឱ្យលោកស្រីធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចកំពូល នៅក្នុងរដ្ឋាភិបាលរបស់ទៀត ហើយការលាលែងតំណែងរបស់លោកស្រីហ្វ្រីឡែនដ៍ បានកើតឡើងប៉ុន្មានម៉ោងក្រោយលោកស្រីបានធ្វើបច្ចុប្បន្នភាពព័ត៌មានហិរញ្ញវត្ថុប្រចាំឆ្នាំរបស់រដ្ឋាភិបាល ទៅសភា។

ក្នុងអតីតកាល លោកស្រីគ្រីស្ទីយ៉ា ហ្វ្រីឡែនដ៍ មិនយល់ស្របនឹងគោលនយោបាយជាច្រើនដែលបានស្នើឡើងរបស់លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ ដើម្បីដោះស្រាយបញ្ហាតម្លៃរស់នៅខ្ពស់ក្នុងប្រទេស រួមទាំងគោល ការណ៍នៃការផ្តល់មូលប្បទានបត្រដែលមានតម្លៃ ២៥០ដុល្លារកាណាដា សម្រាប់ជនជាតិកាណាដា ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ តិចជាង ១៥០ ០០០ ដុល្លារ ($150,000)។ គេរំពឹងថា រដ្ឋាភិបាល នឹងត្រូវការថវិកាចំនួន ៤,៦៨ពាន់លានដុល្លារកាណាដា (ប្រមាណ ១១២ពាន់លានបាត)។

គោលការណ៍មួយទៀត គឺផែនការកាត់បន្ថយពន្ធសម្រាប់ទំនិញសំខាន់ៗក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យរដ្ឋាភិបាល ខាតបង់ប្រាក់ចំណូល ចំនួន ១,៦ ពាន់លានដុល្លារកាណាដា (ប្រមាណ ៣៨ពាន់លានបាត) ក្នុងការទទួលបានប្រាក់ចំណូលរបស់សភាតំណាងរាស្ត្រ រួចហើយ។ ប៉ុន្តែផែនការសម្រាប់ចែកចាយមូលប្បទានបត្រ នៅតែជាប់គាំង ដោយសារតែក្រុមកណ្តាលឆ្វេង នៅក្នុងសភា បញ្ជូនសញ្ញាមិនត្រូវបានគាំទ្រទេ រហូតដល់មានការកែតម្រូវ។

លោកស្រីហ្វ្រីឡែនដ៍ បានបញ្ជាក់នៅក្នុងលិខិតលាលែងតំណែងនោះថា ប្រទេសកាណាដាត្រូវការរក្សាទុនបម្រុងរបស់ខ្លួន។ ការដោះស្រាយការគំរាមកំហែងពន្ធរបស់លោកដូណាល់ ត្រាំ ទាមទារការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយកាណាដា ត្រូវតែរួបរួមគ្នាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពន្ធគយទាំងនេះ។

គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ជាប់ឆ្នោត បានប្រកាសថា លោកនឹងយកពន្ធ ២៥% លើការនាំចូលរបស់កាណាដា ដែលបណ្តាលឱ្យអ្នកសេដ្ឋកិច្ច ព្រមានថា នេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកាណាដា។

ការស្ទង់មតិសាធារណៈដែលធ្វើឡើងដោយវិទ្យាស្ថាន Angus Reid បង្ហាញថា ប្រជាជនកាណាដា ជាច្រើន បានចាត់ទុកគោលនយោបាយចែកចាយមូលប្បទានបត្រ របស់លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ ជាសកម្ម ភាពនយោបាយ ដើម្បីស្តារប្រជាប្រិយភាពដែលធ្លាក់ចុះរបស់គាត់៕

RELATED ARTICLES