ហ្វីលីពីន៖ អ្នកនាំពាក្យកងល្បាតដែនសមុទ្រហ្វីលីពីនបានបង្ហើបកាលពីថ្ងៃ ច័ន្ទ នេះថាយានិកម្នាក់ត្រូវបានបាញ់សម្លាប់ហើយ៧នាក់ផ្សេងទៀតត្រូវចាប់ខ្លួនជាចំណាប់ខ្មាំងបន្ទាប់ពីជនប្រដាប់អាវុធជាច្រើននាក់ត្រូវបានគេជឿជាក់ថាជាក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(អាយស៊ីស)បានបើកការវាយប្រហារលើទូកមួយគ្រឿងរបស់ជនជាតិវៀតណាមកាលពីរាត្រីថ្ងៃអាទិត្យ ។
លោកមេបញ្ជាការ Armand Balilo បានថ្លែងថាហេតុការណ៍នេះបានកើតឡើងក្នុងរង្វង់ម៉ោង៧និង១០នាទីយប់ថ្ងៃអាទិត្យក្នុងសមុទ្រ Sulu ដែលស្ថិតនៅចម្ងាយ១៧ម៉ាយសមុទ្រនៃភាគខាងជើងតំបន់ Pearl Bank ក្បែរកោះ Baguan ក្រុង Taganak ខេត្ត Tawi-Tawi ។
លោក Balilo បានបញ្ជាក់ទូកល្បាតដែនសមុទ្ររបស់ជនជាតិវៀតណាមបានប្រាប់ឲ្យកងកម្លាំងល្បាតរបស់ហ្វីលីពីនដឹងជាមុនអំពីការវាយប្រហារក្នុងតំបន់ MV Giang Hai ដែលជំរុញឲ្យនាវាល្បាតហ្វីលីពីនរួសរាន់បញ្ជូនទូកលឿនពីរគ្រឿងនិងទាហានជើងទឹកមួយចំនួនទៅកាន់តំបន់នោះ។
លោកបានថ្លែងថាជនជាតិវៀតណាម១៧នាក់ត្រូវបានជួយសង្គ្រោះដោយក្រុមកងកម្លាំងហ្វីលីពីនដែលដឹកនាំដោយនាវាល្បាតដែនសមុទ្រក្នុងតំបន់កើតហេតុ។ ទូកមួយគ្រឿងរបស់វៀតណាមដែលជួបបញ្ហានោះមានយានិកក៏ដូចជាអ្នកអមដំណើរសរុបទាំងអស់២៥នាក់។
តាមការស៊ើបអង្កេតជាបឋមបង្ហាញថាមានសមាជិកយានិក៧នាក់ត្រូវបានចាប់ជម្រិតដោយជនអត្តឃាត។
ទូកវៀតណាមបច្ចុប្បន្នបានចូលចតនៅកោះ Taganak ។
គួររំលឹកថាហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបានខិតខំបង្កើតកិច្ចព្រមព្រៀងមួយដើម្បីប្រយុទ្ធប្រឆាំងនិងអំពើភេរវកម្មនិងចោរកម្មតាមសមុទ្រក្នុងព្រំដែនទឹករបស់ពួកគេ បន្ទាប់ពីមានជនរងគ្រោះ ជាច្រើនអ្នកត្រូវបានចាប់ពង្រត់ដោយក្រុមជ្រុលនិយមអាប៊ូសាយាស់ដែលប្រតិបត្តិការនៅតំបន់ដាច់ស្រយាលនៃភាគខាងត្បូងប្រទេសហ្វីលីពីននៅត្រង់ប្លុកកោះកើតហេតុនោះតែម្តង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា