អ៊ុយក្រែន ៖ ភ្នាក់ងារសន្តិសុខអ៊ុយក្រែន អះអាងទទួលខុសត្រូវចំពោះការធ្វើឃាតឧត្តមសេនីយ៍កំពូលរបស់រុស្ស៊ីម្នាក់ ដែលត្រូវបានសម្លាប់ដោយគ្រាប់បែក រួមជាមួយជំនួយការរបស់គាត់ នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៉ី។តាមប្រភព BBC បានរាយការណ៍នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថាតាមប្រភពការិយាល័យសន្តិសុខអ៊ុយក្រែន (SBU) បានប្រាប់ថា មន្ត្រី SBU គឺជាអ្នកនៅពីក្រោយការធ្វើឃាតលោកឧត្តមសេនីយ៍ អ៊ីហ្គ័រ គីរីលឡូវ (Igor Kirillov) ប្រធានកងកម្លាំងការពារវិទ្យុសកម្ម ជីវសាស្ត្រនិងគីមីរបស់រុស្ស៊ី ជាមួយជំនួយការរបស់គាត់ម្នាក់ នៅទីក្រុងម៉ូស្គូ។

យោងតាមគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី (SK) ឧត្តមសេនីយ៍ អ៊ីហ្គ័រ គីរីលឡូវ អាយុ ៥៤ឆ្នាំ ត្រូវបានសម្លាប់នៅមុខប្លុកអគារលំនៅឋានរបស់លោក ក្នុងទីក្រុងម៉ូស្គូ ដែលមានចម្ងាយត្រឹមតែ ៧គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង ដែលគ្រាប់បែកត្រូវបានបង្កប់នៅលើម៉ូតូអគ្គិសនី នឹងត្រូវបានបញ្ជាបំផ្ទុះពីចម្ងាយ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ បណ្តាលឲ្យគាត់ និងជំនួយការរបស់គាត់ម្នាក់ ឈ្មោះអ៊ីលីយ៉ា ប៉ូលីក្រារប៉ូវ (Ilya Polikarpov) បានស្លាប់។

ប្រភពមួយ នៅក្នុង SBU ក៏បានប្រាប់ BBC ថា លោកអ៊ីហ្គ៍រ គីរីលឡូវ ត្រូវបានអ៊ុយក្រែន ចោទប្រកាន់គាត់ពីឧក្រិដ្ឋកម្មសង្គ្រាម និងទទួលខុសត្រូវចំពោះការប្រើប្រាស់អាវុធគីមីហាមឃាត់ក្នុងបរិមាណច្រើន ខណៈពេលដែលនៅក្នុងខែតុលា អង់គ្លេស បានដាក់ទណ្ឌកម្មលើលោក ទៅលើការប្រើប្រាស់អាវុធគីមីនៅអ៊ុយក្រែននិងដើរតួជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ពីរដ្ឋាភិបាលវិមានក្រឹមឡាំង។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែន មិនទាន់ចេញការអធិប្បាយអ្វីនៅឡើយទេ។ អំពីការស្លាប់របស់ឧត្តម សេនីយ៍រូបនេះ។ ចំណែកគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី (SK) បាននិយាយថា ខ្លួនបានបើកការស៊ើប អង្កេតព្រហ្មទណ្ឌ លើការស្លាប់របស់ឧត្តមសេនីយ៍ អ៊ីហ្គ័រ គីរីលឡូវ និងជំនួយការរបស់គាត់ ដើម្បីស្វែងរកការ ពិតនៃស្ថានភាពទាំងមូលដែលបានកើតឡើង។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា គ្រឿងផ្ទុះដែលបានសម្លាប់លោកឧត្តមសេនីយ៍ គីរីលឡូវ និងជំនួយការរបស់គាត់ ឈ្មោះអ៊ីលីយ៉ា ប៉ូលីក្រារប៉ូវនៅលើផ្លូវរីយ៉ានហ្សានស្គី (Ryazansky) មានកម្លាំងខ្លាំងដូច TNT ដែលមានទម្ងន់ ៣០០ក្រាម ហើយរកមិនឃើញគ្រឿងផ្ទុះនៅកន្លែងផ្សេងទៀតទេ៕