សហរដ្ឋអាមេរិក ៖ តាមប្រភពបណ្តាញព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី១៩ ឃែធ្នូ ឆ្នាំ២០២៤ ថា កាលពីថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញថា មនុស្សម្នាក់ ដែលឆ្លងមេរោគផ្តាសាយបក្សី H5N1 នៅរដ្ឋលុយស៊ីណា (Louisiana) វាបានក្លាយជាករណីឆ្លង ធ្ងន់ធ្ងរដំបូងគេ ដែលរកឃើញនៅសហរដ្ឋអាមេរិក បន្ទាប់ពីគាត់បានប៉ះពាល់មាន់ឈឺនិងងាប់ នៅក្នុងហ្វូងសត្វ ក្រោយផ្ទះ។
អ្នកជំងឺនេះ ត្រូវបានរាយការណ៍ដោយអាជ្ញាធររដ្ឋលុយស៊ីណា ថាបានទាក់ទងជាមួយសត្វបក្សីឈឺ ឬងាប់ នៅផ្ទះរបស់អ្នក មិនមែនសត្វបក្សីចិញ្ចឹមសម្រាប់គោលបំណងពាណិជ្ជកម្មទេ។
លោកវេជ្ជបណ្ឌិត ឌីមេធឺរ ដាស្កាឡាគីស (Demeter Daskalakis) ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺផ្លូវដង្ហើម និងការចាក់ថ្នាំបង្ការ របស់ CDC បានបដិសេធ មិនឆ្លើយថា តើអ្នកជំងឺនេះ មានរោគសញ្ញាអ្វីខ្លះ? ឬស្ថានភាពរបស់គាត់នៅពេលនេះយ៉ាងណា ប៉ុន្តែគាត់បានបញ្ជាក់ថា ការស៊ើបអង្កេតទាំងអស់ ត្រូវបានប្រគល់ឱ្យនាយកដ្ឋានសុខភាពសាធារណៈ រដ្ឋលុយស៊ីណា ដែលពេលនេះកំពុងដឹកនាំការស៊ើបអង្កេត។
បើតាមការបង្ហើបរបស់មន្ត្រីរដ្ឋលុយស៊ីណា (Louisiana) អ្នកជំងឺមានរោគសញ្ញានៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលទាក់ទងនឹង H5N1 ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកជំងឺនេះ មានអាយុជាង ៦៥ឆ្នាំ ។
អ្នកជំងឺបានឆ្លងមេរោគ D1.1 ដែលជាប្រភេទរងនៃ H5N1 ដែលជាមេរោគដូចគ្នាដែលត្រូវបានរកឃើញថ្មីៗនេះនៅក្នុងប្រទេសកាណាដា និងនៅក្នុងរដ្ឋវ៉ាស៊ីងតោន។ មេរោគនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងបក្សីព្រៃ និងកសិដ្ឋានបសុបក្សី ក្នុងរដ្ឋផ្សេងៗ របស់សហរដ្ឋអាមេរិក ផងដែរ។
មេរោគនេះខុសពីប្រភេទ B3.13 ដែលត្រូវបានគេរកឃើញថា រីករាលដាលនៅក្នុងកសិដ្ឋានគោយកទឹកដោះ ឬកសិដ្ឋានចិញ្ចឹមសត្វមួយចំនួន និងបណ្តាលឱ្យមនុស្សជាច្រើន បានឆ្លងមេរោគ នៅទូទាំងសហរដ្ឋអាមេរិក។ចាប់តាំងពីខែមេសា ឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានរកឃើញមនុស្សចំនួន ៦១នាក់ បានឆ្លងមេរោគផ្តាសាយបក្សី H5N1 ពួកគេស្ទើរតែទាំងអស់ គឺជាកម្មករនៅកសិដ្ឋានចិញ្ចឹមបក្សី ឬគោយកទឹកដោះ ដែលជាកន្លែងមាន ការផ្ទុះឡើងនៃការឆ្លងជំងឺផ្តាសាយបក្សី។ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ធ្លាក់ខ្លួនឈឺធ្ងន់នោះទេ ហើ យគ្មានភ័ស្តុតាងណាមួយត្រូវបានរកឃើញពីការឆ្លងពីមនុស្ស ទៅមនុស្ស ទើប CDC រក្សាកម្រិតហានិភ័យនៃជំងឺផ្តាសាយបក្សីចំពោះសង្គម នៅកម្រិតទាប ៕