នីហ្សេរីយ៉ា ៖ កុមារមួយចំនួនធំ បានប្រមូលផ្តុំគ្នានៅពិធីបុណ្យគ្រិស្តម៉ាស (ណូអែល) នៅទីក្រុងមួយ ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា បណ្តាលឲ្យជាន់គ្នាស្លាប់ ៣៥នាក់ ហើយអ្នករៀបចំកម្មវិធីត្រូវបានចាប់ខ្លួន។
ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០២៤ ថា អ្នកភូមិអ៊ីបាដាន នៅភាគនិរតីនៃប្រ ទេសនីហ្សេរីយ៉ា មានកុមារ ជាង ៥០០០នាក់ និងឪពុកម្តាយរបស់ពួកគេ រួមទាំងមនុស្សជាង ១០ ០០០នាក់ បានប្រមូលផ្តុំគ្នានៅកន្លែងពិព័រណ៍បុណ្យគ្រិស្តម៉ាស ហើយបានរត់ជាន់គ្នាស្លាប់ ៣៥នាក់ និងរបួស ៦នាក់។
នៅពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើអ្វីទៅជាមូលហេតុបណ្តាលឲ្យកើតហេតុជាន់គ្នាស្លាប់ ប៉ុន្តែមានសេចក្តីរាយការណ៍ថា អ្នករៀបចំ បានសន្យាថា នឹងផ្តល់ប្រាក់ដល់កុមារ ម្នាក់ៗដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ចំនួន ៥០០០ណៃរ៉ា (Naira) ឬស្មើនឹងប្រមាណ ៣ដុល្លារអាមេរិក ហើយនឹងមានអាហារឥតគិតថ្លៃ សម្រាប់អ្នកដែលចូលរួម។ កត្តានេះបានធ្វើឲ្យមនុស្សជាច្រើន បានប្រមូលផ្តុំគ្នា ដែលស្ទើរតែមិនអាចចូលទៅក្នុងអគារបាន។
ប៉ូលិស បាននិយាយថា ឧបទ្ទវហេតុនេះ បានធ្វើឱ្យកុមារចំនួន ៣៥នាក់ បានស្លាប់ និង ៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អាជ្ញាធរ និយាយថា អ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។ប៉ូលិស ក៏បានបង្ហាញផងដែរថា ពួកគេបានចាប់ខ្លួនមនុស្ស ៨នាក់ នៅពីក្រោយការតាំងពិព័រណ៍នេះ រួមទាំងអ្នករៀបចំសំខាន់ គឺណាអូមិ ស៊ីឡេគូណូឡា (Naomi Silecunola) ។
ប្រទេសនីហ្សេរីយ៉ា កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ដែលជាហេតុធ្វើឱ្យមានមនុស្សរាប់ម៉ឺននាក់ ចូលរួមក្នុងពិធីបុណ្យនេះ ដើម្បីរកប្រាក់និងអាហារឥតគិតថ្លៃ ហើយនេះមិនមែនជាលើកទីមួយទេ ដែលរឿងបែបនេះបានកើតឡើងនៅក្នុងប្រទេសនីហ្សេរីយ៉ា ។ កាលពីខែមីនា កន្លងទៅ មានជម្លោះបណ្តាលឲ្យមនុស្សស្លាប់នៅក្នុងពិធីចែកអង្ករ នៅសាកលវិទ្យាល័យរដ្ឋ ណាសារ៉ាវ៉ា (Nasarawa State) ដែលរៀបចំដោយអភិបាលខេត្ត នៅជិតរដ្ឋធានី អាប៊ូចា(Abuja) បណ្តាលឲ្យសិស្សស្រី ២នាក់ បានស្លាប់ និង២៣នាក់ទៀតរងរបួសហើយបីថ្ងៃក្រោយមក នៅរដ្ឋបាអ៊ុជី (Bauchi) ភាគខាងជើងប្រទេស មានកម្មវិធីសប្បុរសធម៌មួយ ដែលក្នុងនោះអាជីវករម្នាក់ បានចែកប្រាក់ ៥ពាន់ណៃរ៉ា ដល់អ្នកចូលរួមក្នុងពិធីនោះ បណ្តាលឲ្យមនុស្សជាន់គ្នាស្លាប់ ៨នាក់ ។ ដោយឡែកក្នុងខែកុម្ភៈ មានជម្លោះស្លាប់នៅក្នុងការដេញថ្លៃអង្ករ នៅក្រុងឡាហ្គោស (Lagos) បណ្តាលឲ្យមនុស្ស ៥នាក់ បានស្លាប់ និងរាប់សិបនាក់ទៀត រងរបួស៕