Saturday, January 11, 2025
Homeព័ត៌មានជាតិក្រសួងសុខាភិបាល ណែនាំវិធានការការពារជំងឺបង្កដោយវីរុសណូរ៉ូ

ក្រសួងសុខាភិបាល ណែនាំវិធានការការពារជំងឺបង្កដោយវីរុសណូរ៉ូ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីវិធានការការពារសុខភាព ពីជំងឺបង្កដោយវីរុសណូរ៉ូ (Norovirus)។

សេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅលើពិភពលោក វីរុសណូរ៉ូ (Norovirus) ជាមូលហេតុចម្បងនៃការក្អួតនិងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រា់ រលាកក្រពះ ពោះវៀន។ អង្គការសុខភាពពិភពលោក បានរកឃើញថា ជារៀងរាល់ឆ្នាំ នៅលើសកលលោក មាន៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម ៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់។ ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។

បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញាជាទូទៅ កើតមានចន្លោះពី ១២ទៅ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ ឬប្រឈមនឹងវីរុសណូរ៉ូ។ រោគសញ្ញាភាគច្រើនមាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមានក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុងរយៈពេល ១ទៅ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបាន ក្នុងអំឡុង២សប្តាហ៍ ឬលើសបន្ទាប់ពីជាសះស្បើយ។

អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះវីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លងវីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាចមានផ្ទុកវីរុស។ កុមារអាយុក្រោម៥ឆ្នាំ មនុស្ស ចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស។

១- របៀបចម្លង ៖ វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយនិងរហ័ស តាមវិធីផ្សេងៗគ្នាដូចជា ៖

– ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារៈប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ។

– ពិសាអាហារ ទឹក ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ។

– ការប៉ះវត្ថុឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់។

– អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ។

២- របៀបបង្ការ ៖

– ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់

– សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ

– ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០អង្សាសេ

– ស្នាក់នៅផ្ទះ ពេលឈឺ រយៈពេល ២ថ្ងៃ (៤៨ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។

បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕

RELATED ARTICLES