Saturday, December 21, 2024
Homeព័ត៌មានជាតិទិវាជ័យជម្នះ៧មករា បន្ធូរបន្ថយ-លើកលែងទោសទណ្ឌិត ២៤០នាក់

ទិវាជ័យជម្នះ៧មករា បន្ធូរបន្ថយ-លើកលែងទោសទណ្ឌិត ២៤០នាក់

ភ្នំពេញ ៖ ទណ្ឌិតចំនួន ២៤០នាក់ ត្រូវបានក្រសួងយុត្តិធម៌ បន្ធូរបន្ថយទោស និងការលើកលែង ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា) ឆ្នាំ២០២៥។

លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ បានពិនិត្យនិងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស សរុបចំនួន ៣៣៥នាក់ (ស្រី៣៩នាក់) ដែលទទួលបានពីពន្ធនាគាររាជធានី ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែ ចំនួន៤។

ក្រោមពីពិនិត្យយ៉ាងហ្មត់ចត់ គណៈកម្មការថ្នាក់ជាតិ បានពិនិត្យនិងវាយតម្លៃឃើញថា ទណ្ឌិតដែលមានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោស មានចំនួន ២៤០នាក់ (ស្រី២៦នាក់) ក្នុងនោះរួមមាន ៖

១-ទណ្ឌិតចំនួន១៨៣នាក់ (ស្រី១៥នាក់) អាចទទួលការបន្ថយទោស រយៈពេល៣ខែ។

២-ទណ្ឌិតចំនួន៥២នាក់ (ស្រី១១នាក់) អាចទទួលការបន្ថយទោស រយៈពេល ៦ខែ។

៣-ទណ្ឌិតចំនួន៥នាក់ អាចទទួលការបន្ថយទោស រយៈពេល៩ខែ។

ដោយឡែក ចំពោះទណ្ឌិតចំនួន៩៥នាក់ (ស្រី១៣នាក់) ផ្សេងទៀត ដែលគណៈកម្មការថ្នាក់ជាតិ បានពិនិត្យ និងវាយតម្លៃឃើញថា ពុំអាចទទួលការបន្ធូរបន្ថយទោស និងការលើកលែងទោសបាន គឺសុទ្ធតែជាទណ្ឌិតដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវឃោរឃៅ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន ករណីក្មេងទំនើង ករណីឃាតកម្ម ហិង្សាមានស្ថានទម្ងន់ទោស ករណីជួញដូរមនុស្ស ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុករំលោភសេពសន្ថវៈលើកូនរបស់ខ្លួន ជាដើម ។

ទន្ទឹមនេះ គណៈកម្មការថ្នាក់ជាតិ ក៏បានសម្រេចបញ្ចូលទណ្ឌិត ចំនួន២នាក់ ដែលបានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈលើកូនស្រីបង្កើតខ្លួន ទៅក្នុងបញ្ជីខ្មៅ (Black List) ទណ្ឌិតដែលមិនអាចទទួលបានការបន្ធូរបន្ថយទោស ឬលើកលែងទោស ។

ក្រសួងយុត្តិធម៌ បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះមានទណ្ឌិត ដែលត្រូវបានដាក់ចូលក្នុងបញ្ជីឈ្មោះ (Black List) មានចំនួន ៦៨នាក់ ដែលសុទ្ធសឹងតែជាទណ្ឌិត ដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ សាហាវឃោរឃៅ ដែលពាក់ព័ន្ធនឹងករណីឃាតកម្ម ករណីរំលោភសេពសន្ថវៈលើអនីតិជន និងករណីឪពុកឬជីតារំលោភសេពសន្ថវៈលើកូនឬចៅរបស់ខ្លួនជាដើម។

ជាមួយគ្នានោះដែរ ក្នុងកិច្ចប្រជុំនេះគណៈកម្មការថ្នាក់ជាតិ បានធ្វើការពិនិត្យលើគោលការណ៍មួយចំនួន ដែលបានអនុវត្តនាពេលកន្លងមក និងបានសម្រេចដាក់ចេញនូវគោលការណ៍ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិត ដែល បានប្រព្រឹត្តអំពើដូចខាងក្រោម ៖ ឧក្រិដ្ឋជនគ្រឿងញៀន អំពើសាហាវយង់ឃ្នង ករណីមិនរាងចាល ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិឬសហព័ទ្ធ ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការឬមន្ត្រីសាធារណៈ ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ ជនរង គ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ ជនរងគ្រោះជាសាច់សាលោហិត ករណីរំលោភបូក្ប ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត និងទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដង លើសពី១ភាគ៣ នៃរយៈពេលផ្តន្ទាទោស។

ក្រសួងយុត្តិធម៌ បានលើកឡើងថា ចំពោះសំណើលើកលែងទោស គណៈកម្មការជាតិនឹងបន្តរឹតបន្តឹងក្នុងការពិនិត្យលើកលែងតែករណីចាំបាច់មួយចំនួន ឬហេតុផលមនុស្សធម៌ តែប៉ុណ្ណោះ។

បន្តកំណត់ដាក់បញ្ជូលក្នុងបញ្ជីខ្មៅ (Blacklist) នូវទណ្ឌិតទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស ៖ បទឧក្រិដ្ឋ ដែលជាអំពើសាហាវយង់ឃ្នង អំពើរំលោភផ្លូវភេទលើជនរងគ្រោះជាសាច់សាលោហិតបង្កើតរបស់ខ្លួន ។

ក្រសួង បានបន្ថែមទៀតថា ក្នុងពេលឆាប់ៗខាងមុខ គណៈកម្មការថ្នាក់ជាតិ គ្រោងនឹងរៀបចំកិច្ចប្រជុំពិសេសពាក់ព័ន្ធនឹងទណ្ឌិតជាស្ត្រីនៅក្នុងពន្ធនាគារ ដោយផ្តោតជាសំខាន់ទៅលើទណ្ឌិតជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតាមម្តាយ មកពិនិត្យនិងពិភាក្សា ដើម្បីទទួលបានការ អនុគ្រោះទោស៕

RELATED ARTICLES