យេម៉ែន ៖ យន្តហោះចម្បាំងអាមេរិក ត្រូវបានបាញ់ទម្លាក់ ពេលកំពុងហោះហើរក្នុងដែនអាកាស លើសមុទ្រក្រហម ដោយសហរដ្ឋអាមេរិក បានបញ្ជាក់ថា នេះជាឧបទ្ទវហេតុបាញ់ច្រឡំ។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដោយដកស្រង់ការលាតត្រដាងពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ថាយន្តហោះចម្បាំង “F/A-18 Hornet” របស់យោធាសហរដ្ឋ អាមេរិក ត្រូវបានបាញ់ទម្លាក់ ពេលកំពុងប្រតិបត្តិការក្នុងដែនអាកាស លើសមុទ្រក្រហម ប៉ុន្តែអ្នកបើកយន្ត ហោះ ពីរនាក់ នៅលើយន្តហោះនោះ អាចលោតចេញទាន់ពេលវេលា ដោយមានម្នាក់រងរបួសធ្ងន់។សេចក្តីថ្លែងការណ៍របស់បញ្ជាការកណ្តាល បាននិយាយថា សមាជិកម្នាក់នៃកម្លាំងវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Harry S. Truman បានបាញ់មីសស៊ីល ទៅលើយន្តហោះ F/A-18 ដែលកំពុងហោះចេញពី USS Harry S. Truman ដោយច្រឡំ។ ព្រឹត្តិការណ៍ចុងក្រោយបំផុតបានកើតឡើងបន្ទាប់ពីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ពួកគេបានធ្វើការវាយប្រហារតាមផ្លូវអាកាស ជាបន្តបន្ទាប់ ប្រឆាំងនឹងឃ្លាំងផ្ទុកកាំជ្រួច និងមជ្ឈមណ្ឌលបញ្ជាការយោធានៅរដ្ឋធានីសាណា នៃប្រទេសយេម៉ែន ដែលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមហ៊ូធី (Houthi) ដើម្បីរំខានដល់ប្រតិបត្តិការរបស់ក្រុមប្រដាប់អាវុធនេះ។

យោធាអាមេរិក ក៏បានវាយប្រហារទប់ស្កាត់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ពួកឧទ្ទាមហ៊ូធី និងកាំជ្រួចប្រឆាំងនាវា នៅសមុទ្រក្រហម។ ការប្រើប្រាស់អាវុធរបស់កងទ័ពអាកាស និងកងទ័ពជើងទឹកនេះ រួមបញ្ចូលទាំងយន្តហោះចម្បាំង F/A-18 ផងដែរ។
ក្រុមឧទ្ទាមហ៊ូធី ដែលកាន់កាប់តំបន់នានានៅភាគពាយ័ព្យនៃប្រទេសយេម៉ែន ចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល និងនាវាដឹកជញ្ជូននៅសមុទ្រក្រហម បន្ទាប់ពីសង្គ្រាមនៅហ្គាហ្សា បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ ដោយអះអាងថា បង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រ ក្រហម ដើម្បីជួយអ៊ីស្រាអែល ទប់ទល់នឹងការវាយប្រហារពីក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់៕