ម៉ូស្គូ (រុស្ស៉ី) ៖ មេដឹកនាំស្លូវ៉ាគី បានធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី និងបានជួបប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ពិភាក្សាពីស្ថានភាពសង្គ្រាមអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា លោករ៉ូបឺត ហ្វូកូ (Robert Fico) នាយករដ្ឋមន្ត្រីស្លូវ៉ាគី បានធ្វើដំណើរទៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ហើយបានជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ដែលធ្វើឱ្យគាត់ជាមេដឹកនាំប្រទេសលោកខាងលិច ទី៣ ដែលបានទៅជួបមេដឹកនាំរុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២ ។
លោកហ្វីកូ ដែលបានរិះគន់ការគាំទ្ររបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន បាននិយាយថាពួកគេបានពិភាក្សាអំពីការបញ្ជូនឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសស្លូវ៉ាគី ដោយសារតែកិច្ចព្រមព្រៀងជាមួយក្រុម ហ៊ុន Gazprom ដើម្បីចែកចាយឧស្ម័ន ឆ្លងកាត់អ៊ុយក្រែន ទៅកាន់ស្លូវ៉ាគី កំពុងអស់ នៅចុងឆ្នាំនេះ។
លោកហ្វីកូ បាននិយាយថា “មន្ត្រីជាន់ខ្ពស់នៅសហភាពអឺរ៉ុប ត្រូវបានជូនដំណឹងអំពីការធ្វើដំណើររបស់ខ្ញុំ និងគោលដៅនៃការធ្វើដំណើរនេះ»។
មេដឹកនាំស្លូវ៉ាគី ក៏បាននិយាយដែរថា ជំនួបរបស់លោក ជាមួយលោក្ពូទីន នៅទីក្រុងម៉ូស្គូ គឺជាការឆ្លើយតបទៅនឹងប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ដែលបានប្រាប់មេដឹកនាំសហភាពអឺរ៉ុប នាពេលថ្មីៗនេះថា អ៊ុយក្រែន នៅតែបន្តប្រឆាំងនឹងការអនុញ្ញាតឱ្យឧស្ម័នរុស្ស៊ី ត្រូវបានបញ្ជូនតាមទឹកដីរបស់ខ្លួន។ លោកហ្វីកូ ដែលនៅរស់រានមានជីវិតពីការបាញ់ប្រហារកាលពីដើមឆ្នាំនេះ បាននិយាយផងដែរថា លោកមានការសន្ទនាយូរ ជាមួយលោកពូទីន និងផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅអ៊ុយក្រែន។ ពួកលោកបានពិភាក្សាអំពីលទ្ធភាពនៃការបញ្ចប់សង្រ្គាមដោយសន្តិវិធីនិងឆាប់រហ័ស និងអំពីទំនាក់ទំនងរវាងរុស្ស៊ី និងស្លូវ៉ាគី ផងដែរ៕