ខេត្តសៀមរាប ៖ ជនជាតិចិន និងវៀតណាម ១ក្រុម បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកខ្លោងទ្វារស្ពានវត្តព្រហ្មរ័ត្ន យ៉ាងពេញទំហឹង បណ្តាលឱ្យខូចខាតទាំងរថយន្ត និងខ្លោងទ្វារស្ពាន សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ តាមបណ្តោយវិថីពោធិ៍កំបោរ នៅត្រង់ចំណុចមុខវត្តព្រហ្មរ័ត្ន ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
រថយន្តដែលបើកបុកខ្លោងទ្វារស្ពានវត្តព្រហ្មរ័ត្ន ម៉ាក HongQi HS5 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2CA -5186 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ នៅក្នុងរថយន្ត មានគ្នាចំនួន៣នាក់ រួមមាន ទី១-ឈ្មោះ WANG NAN JIE ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន។ ទី២-ឈ្មោះ PHAN THI NGOC.HAN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម និងទី-ឈ្មោះ LUO.LITAO ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន។
សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យអ្នកនៅក្នុងរថយន្ត ទាំង៣នាក់ រងរបួសស្រាល ចំណែករថយន្តខូចខាតធ្ងន់។ រីឯខ្លោងទ្វារស្ពាន ខូចខាតធ្ងន់ផងដែរ។
តាមសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ រថយន្តខាងលើបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន អាចអ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយ ឬស្រវឹង។
បើតាមសមត្ថកិច្ច បន្ទាប់ពីកើតហេតុ ក្រុមជំនាញចរាចរណ៍ បានធ្វើការវាស់វែងត្រួតពិនិត្យ និងបានសាកសួររកអ្នកបើកបររថយន្ត ដោយឈ្មោះ WANH NAN JIE ឆ្លើយថា ខ្លួនជាអ្នកបើកបរ និងជាម្ចាស់រថយន្ត។
ករណីនេះ សមត្ថកិច្ចជំនាញកបានរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕