ប្រេស៊ីល ៖ មន្ត្រីប្រេស៊ីល កំពុងប្រញាប់ប្រញាល់ស៊ើបអង្កេតការកំពប់សារធាតុពុល ចូលក្នុងទឹក ក្រោយហេតុការណ៍បាក់ស្ពាន បណ្តាលឲ្យរថយន្តជាច្រើនគ្រឿង ធ្លាក់ចូលទន្លេ រួមទាំងរថយន្តដឹកសារធាតុគីមី រាប់ពាន់លីត្រ។
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤ ថា ឧបទ្ទវហេតុបាក់ស្ពានដែលតភ្ជាប់រដ្ឋតូកានទីនស៍ (Tocantins) និងរដ្ឋម៉ារ៉ានហាវ (Maranhão) ភាគឦសាន នៃប្រទេសប្រេស៊ីល កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ មានមនុស្សស្លាប់ ៤នាក់ និង ៤នាក់ផ្សេងទៀត បាត់ខ្លួន បន្ទាប់ពីរថយន្តជា ច្រើនគ្រឿង បានធ្លាក់ចូលក្នុងទន្លេ ជាមួយថ្នាំសម្លាប់សត្វល្អិត អាស៊ីដស៊ុលហ្វួរិក រាប់ពាន់លីត្រ។
នៅពេលនេះ គេមិនទាន់ដឹងច្បាស់ទេថា តើមានជាតិគីមីប៉ុន្មាន ដែលធ្លាយចេញពីធុងផ្ទុក? ប៉ុន្តែក្រុមមុជទឹក ដើម្បីស្វែងរកអ្នកបាត់ខ្លួន ត្រូវបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ រង់ចាំការវាយតម្លៃស្ថានភាពបំពុលក្នុងទឹក ជាមុនសិន។
គួរបញ្ជាក់ថា ស្ពាន Juscelino Kubitschek de Oliveira មានប្រវែងជាង ៥០០ម៉ែត្រ ត្រូវបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយឆ្លងកាត់ទន្លេតូកាន់ទីនស៍ (Tocantins) និងជាផ្លូវសំខាន់តភ្ជាប់រដ្ឋទាំងពីរខាងលើ។សរុបរថយន្ត ៨គ្រឿង បានធ្លាក់ចូលទឹកទន្លេ ពេលបាក់ស្ពាន ក្នុងនោះមាន ៣គ្រឿង ជារថយន្តដឹកសារធាតុគីមី ដែលប្រជាជននៃទីក្រុងអេស្ត្រេតូ (Estreito) និងទីក្រុងអាហ្គីយ៉ាណូប៉ូលិស (Aguiarnopolis) ដែលនៅសង ខាងទន្លេ ត្រូវបានជូនដំណឹងឲ្យចៀសវាងការទាញយកទឹកពីទន្លេនេះ ទៅប្រើប្រាស់។
អាជ្ញាធរ បានប្រើទូក ដើម្បីស្វែងរកអ្នកនៅរស់។ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេបានរកឃើញសាកសពចំ នួន ៤នាក់ហើយ រួមទាំងស្ត្រីអ្នកបើកបររថយន្តម្នាក់ ក្នុងចំណោមអ្នកបើកបររថយន្តរងគ្រោះទាំងអស់ និងក្មេង ស្រីអាយុ ១១ឆ្នាំម្នាក់ ខណៈដែលបុរសម្នាក់ ត្រូវបានជួយសង្គ្រោះចេញពីទន្លេ ដោយជោគជ័យ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤៕