កាហ្សាក់ស្ថាន ៖ ឧបទ្ទវហេតុមួយ បានកើតឡើងនៅប្រទេសកាហ្សាក់ស្ថាន ដោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អាហ្សឺរបៃហ្សាន (Azerbaijan Airlines) ឆ្ពោះទៅប្រទេសរុស្ស៊ី បានធ្លាក់ និងផ្ទុះឆេះ តែសំណាងល្អ មនុស្ស ២៧នាក់ ត្រូវបានរកឃើញថានៅរស់រានមានជីវិត (របួស)។
តាមប្រភព Reuters បានរាយការណ៍នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅលើយន្តហោះ Embraer 190 របស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ជើងហោះហើរ J2-8243 ដែលកំពុងធ្វើដំណើរពីទីក្រុងបាគូ រដ្ឋធានីនៃប្រទេសអាហ្សឺបៃហ្សាន (Azerbaijan) ទៅកាន់ទីក្រុងហ្គ្រោសនី (Grozny) ប្រទេសរុស្ស៉ី បានធ្លាក់បុកដី នៅតំបន់អាកតូ (Aktau) ក្នុងប្រទេសកាហ្សាក់ស្ថាន។
យោងតាមឃ្លីបវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម គេឃើញយន្តហោះមួយគ្រឿង កំពុងហោះកាត់អ័ព្ទដ៏ក្រាស់ មុននឹងបន្ថយល្បឿនយឺតៗ និងដាំក្បាលចុះរហូតដល់បុកដី បាក់ជា២កំណាត់ ហើយបានផ្ទុះឆេះ។
យោងតាមសេចក្តីរាយការណ៍ដំបូងថា មនុស្ស ២៧នាក់ បានរួចជីវិតពីឧបទ្ទវហេតុនេះ ក្នុងចំណោមអ្នកដំណើរ និងយានិក ៧២នាក់ ដែលក្នុងនោះ ២២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានចុះមកបាញ់ទឹកពន្លត់ និងគ្រប់គ្រងភ្លើង ដែលឆេះយន្តហោះ ហើយប្រញាប់ស្រាវជ្រាវរកមូល ហេតុនៃគ្រោះថ្នាក់នេះ។
គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ Embraer 190 របស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ប្រទេសប្រេស៊ីល ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៅប៉ូឡូ។ យន្តហោះនេះ ផលិតដោយក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតទី២ របស់ពិភពលោក បន្ទាប់ពី Boeing និង Airbus ៕