សហរដ្ឋអាមេរិក ៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឱ្យកាត់ទោសអ្នកទោសប្រហារជីវិតចំនួន ៣៧នាក់ ជាថ្មី ដោយបន្ធូរបន្ថយទោសមកត្រឹមជាប់គុកមួយជីវិត មុនពេលលោកដូណាល់ ត្រាំ (Donald Trump) ត្រឡប់មកធ្វើជាប្រធានាធិបតីម្តងទៀត នៅខែក្រោយ ហើយមានគម្រោងចាប់ផ្ដើមអនុវត្តទោសប្រហារជីវិតឡើងវិញ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងចូលនិវត្តន៍ពីមុខតំណែង ក្នុងរយៈពេលតិចជាង ១ខែ បានចេញបញ្ជាឱ្យកាត់ទោសអ្នកទោសប្រហារជីវិត ៣៧នាក់ ក្រោមច្បាប់សហព័ន្ធ ឱ្យជាប់ពន្ធនាគារមួយជីវិត ឱ្យបានឆាប់ ដែលធ្វើឱ្យសហរដ្ឋអាមេរិក ឥឡូវនេះ នៅសល់តែអ្នកទោសប្រហាជីវិត ៣នាក់ប៉ុណ្ណោះ ។
មនុស្ស៣នាក់ ដែលមានទោសប្រហារជីវិត ហើយមិនត្រូវបានលោក ចូ បៃដិន សម្រាលទោសមកត្រឹមជាប់គុក ១ជីវិតនោះ រួមមាន ១- ឌីហ្សូខារ ត្សារណាអេវ (Dzhokhar Tsarnaev) ជាបងប្អូនម្នាក់ក្នុងចំណោមពីរនាក់ ដែលបានធ្វើការគប់គ្រាប់បែកនៅក្នុងការរត់ប្រណាំងម៉ារ៉ាតុង នៅបូស្តុន (Boston) កាលពីឆ្នាំ ២០១៣។ ២-ឌីឡាន រូហ្វ (Dylan Roof) ដែលបានសម្លាប់មនុស្ស ៩នាក់ នៅសាលាប្រជុំ ក្នុងទីក្រុង ឆាលស្តុន (Charleston) រដ្ឋខារ៉ូឡៃណាខាងត្បូង (South Carolina) ក្នុងឆ្នាំ២០១៥ និង ៣- រ៉ូបឺត បូវឺរស៍ (Robert Bowers) ដែលបានសម្លាប់មនុស្ស ១១នាក់ នៅសាលាប្រជុំ ទីក្រុងឆាលស្តុន (Charleston) រដ្ឋខារ៉ូឡៃណាខាងត្បូង (South Carolina) ក្នុងឆ្នាំ២០១៨។
ចំណែកអ្នកទោសប្រហារជីវិត ចំនួន ៣៧នាក់ ដែលលោកចូ បៃដិន ផ្លាស់ប្តូរការកាត់ទោសរបស់ពួកគេ មកត្រឹមជាប់គុក ១ជីវិតនោះ ពួកគេភាគច្រើនជាអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ុន្តែមិនច្រើនដូចអ្នក ទោស ៣នាក់ខាងលើនោះទេ ដូចជា ឃាតកម្មពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន ឬការសម្លាប់អ្នកយាមគុក ។ចំណាត់ការចុងក្រោយរបស់លោក ចូ បៃដិន នេះ ត្រូវបានគេមើលឃើញថា ជាការប្រកួតប្រជែងដើម្បីចាត់វិ ធានការមុនពេលលោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់មកកាន់តំណែងជាប្រធានាធិបតី ម្តងទៀត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
លោកដូណាល់ ត្រាំ បានប្រកាសកាលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថា គាត់នឹងត្រឡប់ទៅចាប់ផ្តើមកាត់ទោសប្រហាជីវិតវិញ ហើយនឹងបង្កើនវិសាលភាពនៃបទល្មើសដែលត្រូវទទួលទោសប្រហារជីវិត នៅក្រោមច្បាប់កណ្តាលផងដែរ ដូចជាឃាតកម្ម ចារកម្ម ឬការបះបោរ ជាដើម។
លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កុំយល់ច្រឡំ។ ខ្ញុំថ្កោលទោសឃាតករទាំង នេះ។ ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះអ្នកដែលបានបាត់បង់ជីវិតដោយសារទង្វើដ៏អាក្រក់របស់ពួកគេ និងការឈឺចាប់រួមជាមួយនឹងគ្រួសារដែលត្រូវតែទទួលរងការបាត់បង់ វាគឺជាការនឹកស្មានមិនដល់ និងមិនអាចជំនួសបានឡើយ ។ ប៉ុន្តែត្រូវបានដឹកនាំដោយមនសិការ និងបទពិសោធន៍របស់ខ្ញុំ ជាសារការី មេធាវី ជាប្រធានគណៈកម្មការតុលាការព្រឹទ្ធសភា អនុប្រធានាធិបតី និងប្រធានាធិបតីនាពេលនេះ ខ្ញុំជឿជាក់លើសដើមថា យើងត្រូវតែឈប់ប្រើទោសប្រហារជីវិត នៅកម្រិតសហព័ន្ធ ដោយសតិយល់ដឹងខុសត្រូវ ខ្ញុំមិនអាចនៅស្ងៀម ហើយបណ្តោយឲ្យរដ្ឋាភិបាលថ្មី ត្រឡប់មកប្រើទោសប្រហារជីវិត ដែលខ្ញុំបានបញ្ឈប់ទៅហើយនោះបានទេ»៕