កាហ្សាក់ស្ថាន ៖ មន្ត្រីកាហ្សាក់ស្ថាន បានបញ្ជាក់ថា ករណីធ្លាក់យន្តហោះអាហ្សឺរបៃហ្សង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នោះ ក្នុងចំណោមអ្នកនៅលើយន្តហោះសរុប ៦៧នាក់ មានមនុស្សស្លាប់ ៣៨នាក់ និង២៩នាក់ នៅរស់រានមានជីវិត ខណៈអាជ្ញាធរកំពុងប្រញាប់ប្រញាល់ស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឱ្យធ្លាក់យន្តហោះនេះ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា មន្ត្រីកាហ្សាក់ស្ថាន បានបញ្ជាក់ថា មនុស្សចំនួន ៣៨នាក់ បានស្លាប់នៅពេលដែលយន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អាហ្សឺរបៃហ្សង់ (Azerbaijan Airlines) ជើងហោះហើរ J2-8243 បានធ្លាក់នៅជិតទីក្រុង អាកតូ (Aktau) ភាគនិរតីនៃប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ចំណែកមនុស្ស ២៩នាក់ បានរួចរស់ជីវិត។ អ្នកដំណើរតាមជើងហោះហើរ J2-8243 នេះ ភាគច្រើនគឺជាជនជាតិអាហ្សឺរបៃហ្សង់ ប៉ុន្តែមានខ្លះជាជនជាតិរុស្ស៊ី កាហ្សាក់ស្ថាន និងកៀគីស៊ីស្ថាន។
តាមប្រភព Reuters បានរាយការណ៍នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ថាយន្តហោះ Embraer 190 របស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ជើងហោះហើរ J2-8243 បានធ្វើដំណើរពីទីក្រុងបាគូ (Baku) រដ្ឋធានីនៃប្រទេសអាហ្សឺរបៃហ្សង់ (Azerbaijan) នៅវេលាម៉ោង ៧:៥៥នាទីព្រឹក ទៅកាន់ទីក្រុងហ្គ្រោសនី (Grozny) ប្រទេសរុស្ស៉ី ដែលមានអ្នកដំណើរ និងយានិក សរុប ៦៧នាក់ ហើយបានធ្លាក់នៅតំបន់អាកតូ (Aktau) ក្នុងប្រទេសកាហ្សាក់ស្ថាន។

យោងតាមឃ្លីបវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម គេឃើញយន្តហោះមួយគ្រឿង កំពុងហោះកាត់អ័ព្ទដ៏ក្រាស់ មុននឹងបន្ថយល្បឿនយឺតៗ និងដាំក្បាលចុះរហូតដល់បុកដី ដាច់ជា២កំណាត់ ហើយបានផ្ទុះឆេះ។ តាមប័ត៌មានថា អ្នកបើកយន្តហោះ បានស្នើសុំចុះចតជាបន្ទាន់ ដោយសារមានអ័ព្ទក្រាស់ ប៉ុន្តែតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បញ្ជាក់ថា យន្តហោះខាងលើ ប្រហែលជាបានហោះបុកហ្វូងសត្វស្លាប មុនពេលធ្លាក់។
ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan បាននិយាយថា ជើងហោះហើររវាងទីក្រុងបាគូ ប្រទេសអាហ្សឺរបៃហ្សង់ និងទីក្រុងហ្គ្រោសនី (Grozny) និងទីក្រុងម៉ាខាចកាឡា ( Makhachkala) របស់រុស្ស៊ីនឹងត្រូវផ្អាករហូតដល់ការស៊ើបអង្កេតលើឧប្បត្តិហេតុធ្លក់យន្តហោះខាងលើនេះ ត្រូវវបានបញ្ចប់៕