Sunday, December 29, 2024
Homeព័ត៌មានអន្តរជាតិរុស្ស៊ី ច្រានចោលយន្តហោះធ្លា.../ក់នៅកាហ្សាក់ស្ថាន ត្រូវបានបា---/ញ់ទម្លាក់ដោយមីសស៊ីលរុស្ស៉ី

រុស្ស៊ី ច្រានចោលយន្តហោះធ្លា…/ក់នៅកាហ្សាក់ស្ថាន ត្រូវបានបា—/ញ់ទម្លាក់ដោយមីសស៊ីលរុស្ស៉ី

ម៉ូស្គូ (រុស្ស៉ី) ៖ អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី បានប្រតិកម្មនិងច្រានចោលការចោទប្រកាន់ថា មូលហេតុនៃការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍អាហ្សឺបៃហ្សង់ (Azerbaijan Airlines) នៅប្រទេសកាហ្សាក់ស្ថាន  ដែលបណ្តាលឱ្យមនុស្សស្លាប់ ចំនួន ៣៨នាក់ នោះ ដោយសារយន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយមីសស៊ីលរបស់រុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ថា  អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា “វាមិនត្រឹមត្រូវទេក្នុងការសន្មតបែបនេះ មុនពេលការស៊ើប អង្កេតត្រូវបានបញ្ចប់។ ជាការពិតណាស់ យើងនឹងមិនធ្វើដូច្នេះទេ ហើយគ្មាននរណាម្នាក់គួរធ្វើដូច្នេះទេ។ យើងត្រូវរង់ចាំរហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់»។

មន្ត្រីកាហ្សាក់ស្ថាន បានបញ្ជាក់ថា ករណីធ្លាក់យន្តហោះអាហ្សឺរបៃហ្សង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នោះ ក្នុងចំណោមអ្នកនៅលើយន្តហោះសរុប ៦៧នាក់ មានមនុស្សស្លាប់ ៣៨នាក់ និង២៩នាក់ នៅរស់រានមានជីវិត ខណៈអាជ្ញាធរកំពុងប្រញាប់ប្រញាល់ស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឱ្យធ្លាក់យន្តហោះនេះ។

យន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អាហ្សឺរបៃហ្សង់ (Azerbaijan Airlines) ជើង ហោះហើរ J2-8243 បានធ្លាក់នៅជិតទីក្រុង អាកតូ (Aktau) ភាគនិរតីនៃប្រទេសកាហ្សាក់ស្ថាន  នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។ អ្នកដំណើរតាមជើងហោះហើរ J2-8243 នេះ ភាគច្រើនគឺជាជនជាតិអាហ្សឺរបៃហ្សង់ ប៉ុន្តែមានខ្លះជាជនជាតិរុស្ស៊ី កាហ្សាក់ស្ថាន និងកៀគីស៊ីស្ថាន។ 

យន្តហោះ Embraer 190 របស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ជើងហោះហើរ J2-8243 បានធ្វើដំណើរពីទីក្រុងបាគូ (Baku) រដ្ឋធានីនៃប្រទេសអាហ្សឺរបៃហ្សង់ (Azerbaijan) នៅវេលាម៉ោង ៧:៥៥នាទីព្រឹក ទៅកាន់ទីក្រុងហ្គ្រោសនី (Grozny) ប្រទេសរុស្ស៉ី ដែលមានអ្នកដំណើរ និងយានិក សរុប ៦៧នាក់ ហើយបានធ្លាក់នៅតំបន់អាកតូ (Aktau) ក្នុងប្រទេសកាហ្សាក់ស្ថាន។

យោងតាមឃ្លីបវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម គេឃើញយន្តហោះមួយគ្រឿង កំពុងហោះកាត់អ័ព្ទដ៏ក្រាស់ មុននឹងបន្ថយល្បឿនយឺតៗ និងដាំក្បាលចុះរហូតដល់បុកដី ដាច់ជា២កំណាត់ ហើយបានផ្ទុះឆេះ។ តាមប័ត៌មានថា អ្នកបើកយន្តហោះ បានស្នើសុំចុះចតជាបន្ទាន់ ដោយសារមានអ័ព្ទក្រាស់ ប៉ុន្តែតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បញ្ជាក់ថា យន្តហោះខាងលើ ប្រហែលជាបានហោះបុកហ្វូងសត្វស្លាប មុនពេលធ្លាក់។

ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan បាននិយាយថា ជើងហោះហើររវាងទីក្រុងបាគូ ប្រទេសអាហ្សឺរបៃហ្សង់ និងទីក្រុងហ្គ្រោសនី (Grozny) និងទីក្រុងម៉ាខាចកាឡា ( Makhachkala) របស់រុស្ស៊ីនឹងត្រូវផ្អាករហូតដល់ការស៊ើបអង្កេតលើឧប្បត្តិហេតុធ្លាក់យន្តហោះខាងលើនេះ ត្រូវបានបញ្ចប់។

អាជ្ញាធរកាហ្សាក់ស្ថាន បានរកឃើញប្រអប់ខ្មៅ ឬឧបករណ៍កត់ត្រាទិន្នន័យហោះហើររបស់យន្តហោះ “Embraer 190” ហើយកំពុងត្រូវបានស៊ើបអង្កេត ដើម្បីស្វែងរកការពិត។ ភ្លាមៗក្រោយពីមានហេតុការណ៍ធ្លាក់យន្តហោះនេះកើតឡើង សារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា  មូលហេតុប្រហែលមកពីហោះបុកហ្វូងសត្វស្លាប។  ប៉ុន្តែលោក រីឆាដ អាប៊ូឡាហ្វីយ៉ា (Richard Abulafia) អ្នកវិភាគអាកាសចរណ៍ បានកត់សម្គាល់ថា ប្រសិនបើយន្តហោះបុកជាមួយហ្វូងសត្វស្លាប បន្ទាប់មកអ្នកបើកយន្តហោះ គួរតែបញ្ជាយន្តហោះទៅព្រលានយន្តហោះដែលនៅជិតបំផុត។

ចំណែកលោក ចាស្ទីន ក្រាំ (Justin Crump) មកពីក្រុមហ៊ុនគ្រប់គ្រងហានិភ័យ “Sibylline” បាននិយាយថា គំរូនៃការខូចខាតទាំងខាងក្នុង និងខាងក្រៅយន្តហោះ បញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នៅហ្គ្រោសនី អាចជាមូលហេតុ។

ខណៈកំពុងស្ថិតក្រោមការស៊ើបអង្កេត គេហទំព័រ Caliber ដែលគាំទ្រប្រទេសអាហ្សឺរបៃហ្សង់ បានផ្សាយថា ក្រុមមន្ត្រីបាននិយាយថា ពួកគេជឿថា កាំជ្រួចរបស់រុស្ស៊ី បាញ់ចេញពីប្រព័ន្ធការពារដែនអាកាស Pantsir-S បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរខាងលើ នេះបើតាមការផ្សាយរបស់កាសែត New York Times  កាសែត Euronews និង Anadolu ប្រព័ន្ធផ្សព្វផ្សាយតួកគី។ អ្នកជំនាញអាកាសចរណ៍ និងយោធាមួយចំនួន ជឿថា យន្តហោះនេះ ប្រហែលជាត្រូវបានគេទម្លាក់ដោយចៃដន្យ ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ព្រោះវាហោះក្នុងតំបន់ដែល កន្លងមកមានរបាយការណ៍អំពីចលនារបស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។អតីតអ្នកជំនាញម្នាក់ ដែលមិនបញ្ចេញឈ្មោះ នៃទីភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាសរបស់បារាំង (BEA) បាននិយាយថា មានសញ្ញានៃការខូចខាតដោយវត្ថុមុតស្រួច ជាច្រើន នៅលើបំណែកយន្តហោះដែលធ្លាក់។ លោកបាននិយាយថា ការខូចខាតនេះ គឺជាការរំឭកដល់ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអា កាសចរណ៍ម៉ាឡេស៊ី ដែលត្រូវបានគេជឿថា ត្រូវបានបាញ់ទម្លាក់ដោយមីសស៊ីល ដោយពួកឧទ្ទាមគាំទ្រដោយរុស្ស៊ី នៅខាងកើតអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤ ៕

RELATED ARTICLES