សហរដ្ឋអាមេរិក ៖ ជនជាតិអាមេរិក ជាង ៦០លាននាក់ ស្ថិតនៅក្រោមការព្រមានអំពីអាកាសធាតុត្រជាក់ខ្លាំងបំផុត ចំពេលមានការព្យាករណ៍ថា ព្យុះរដូវរងាដ៏ធំ នឹងនាំមកនូវការធ្លាក់ព្រិល និងអាកាសធាតុត្រជាក់ខ្លាំងបំផុត មិនធ្លាប់មាន ក្នុងរយៈពេល ១០ឆ្នាំ។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា ភាគច្រើននៃប្រទេសកាណាដា និងរដ្ឋច្រើនជាង ៣០ របស់សហរដ្ឋអាមេរិក ចាប់ពីរដ្ឋខាន់សាស (Kansas) ទៅឆ្នេរសមុទ្រភាគខាងកើត បច្ចុប្បន្នស្ថិតនៅក្រោមការព្រមានអំពីអាកាសធាតុត្រជាក់ខ្លាំង។ នាយកដ្ឋានសេវាអាកាសធាតុជាតិ (NWS) បានព្យករណ៍ថា នឹងមានព្រិលធ្លាក់ពី ៦ទៅ ១២អ៊ីញ នៅក្នុងរដ្ឋជាច្រើន ចាប់ពីរដ្ឋអូហៃយ៉ូ (Ohio) ដល់រដ្ឋវ៉ាស៊ីងតោន ឌីស៊ី (Washington D.C)។ រដ្ឋចំនួន៦ នៅក្នុងសហរដ្ឋអាមេរិក រួមមាន រដ្ឋខេនតាក់គី (Kentucky), រដ្ឋវើរជិនៀរ (Virginia), រដ្ឋវេស វើរជិនៀរ (West Virginia), រដ្ឋខាន់សាស (Kansas), រដ្ឋអារខាន់សាស (Arkansas) និងរដ្ឋមិសស៊ូរី (Missouri) បានសម្រេចចិត្តប្រកាសភាពអាសន្ន នៃអាកាសធាតុត្រជាក់។ ជាមួយនេះ រដ្ឋខាន់សាស, រដ្ឋមិសស៊ូរី និងរដ្ឋនេប្រាស្កា (Nebraska) បានចេញការព្រមានអំពីព្យុះព្រិល។ ចំណែកផ្នែកខ្លះនៃរដ្ឋផ្លរីដា ជាធម្មតានឹងមានខ្យល់អាកាសបរិសុទ្ធ ក៏ត្រូវបានព្យាករណ៍ថា នឹងប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំងផងដែរ។
បើតាមការព្យាករណ៍អាកាសធាតុ លក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង ដែលកំពុងកើតឡើង គឺជាលទ្ធផលនៃ “ខ្យល់ប៉ូល” ដែលបានបណ្តាលឱ្យមានព្រិលធ្លាក់យ៉ាងខ្លាំង នៅក្នុងតំបន់កណ្តាល ដែលនឹងវាយប្រហារឆ្នេរសមុទ្រភាគខាងកើត នៃសហរដ្ឋអាមេរិក។ គិតត្រឹមល្ងាចថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក។ តំបន់មួយចំនួន នៃរដ្ឋញូវយ៉ក មានព្រិលរហូតដល់ ៣ហ្វីត រួចហើយ។ នៅរដ្ឋវ៉ាស៊ីងតោនឌីស៊ី នឹងមានព្រិលធ្លាក់ពី ៥ទៅ ៩អ៊ីញ ដោយអភិបាលក្រុង បានប្រកាសអាសន្នព្រិល ។
នៅរសៀលថ្ងៃចន្ទ ទី៦ ខែមករា សភាសហរដ្ឋអាមេរិក នឹងជួបប្រជុំដើម្បីបញ្ជាក់ជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង អាចធ្វើឲ្យសមាជិកសភា ជាច្រើន នឹងធ្វើដំណើរទៅកិច្ចប្រជុំនោះ យឺតពេល ឬប្រហែលជាមិនអាចទៅរួច។
NWS បាននិយាយកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ថា តំបន់មួយចំនួននៅភាគខាងជើងនៃរដ្ឋមីសស៊ូរី មានព្រិលធ្លាក់ ជាង ១៤អ៊ីញរួចហើយ ខណៈដែល ១០អ៊ីញ បានធ្លាក់នៅក្នុងរដ្ឋខាន់សាស ។
អាកាសធាតុអាក្រក់ ចាប់ផ្តើមប៉ះពាល់ដល់ការធ្វើដំណើរផងដែរ។ បើតាមព័ត៌មានពីគេហទំព័រ FlightAware. com យន្តហោះ ទាំងមកដល់ និងចេញដំណើរពីសហរដ្ឋអាមេរិក ជើងហោះហើរជិត ១៥០០ ត្រូវបានលុបចោល ហើយជើងហោះហើរជាង ៥០០០ ត្រូវបានពន្យារពេល។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Delta, Southwest និង United Airlines សម្រួលការផ្លាស់ប្តូរសំបុត្រ ដើម្បីជួយអ្នកដំណើរ។NWS ក៏ព្រមានពីព្យុះផ្គររន្ទះខ្លាំង ដែលអាចបង្កជាព្យុះកំបុតត្បូងជាច្រើន នឹងផ្លាស់ទីទៅទិសខាងកើត ពីរដ្ឋអារខាន់សាស និងលុយស៊ីណា (Louisiana) ទៅក្នុងរដ្ឋមីសស៊ូរី និងអាឡាបាម៉ា (Alabama)៕