កាណាដា ៖ លោកចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសលាលែងតំណែងប្រធានគណបក្សកាន់អំណាច និងតំណែងនាយករដ្ឋមន្ត្រី ប៉ុន្តែនឹងស្ថិតក្នុងតំណែងបន្ទាប់ជាមុនសិន ទាល់តែមានការជ្រើសរើសមេបក្សថ្មីបាន។
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ថា លោកចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា បានធ្វើសន្និសីទកាសែតនៅទីក្រុងអូតាវ៉ា ប្រកាសលាលែងតំណែង នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីកាន់តំណែងអស់រយៈពេល ៩ឆ្នាំ ចំពេលមានសម្ពាធយ៉ាងខ្លាំងពីក្នុងនិងក្រៅបក្ស ឱ្យគាត់លាលែងតំណែង។
លោក ទ្រូដូ បញ្ជាក់ដូច្នេះ លោកនឹងលាលែងពីតំណែងជាមេដឹកនាំគណបក្សសេរីនិយម បន្ទាប់ពីកាន់តំណែងបាន ១១ឆ្នាំ ហើយនឹងចុះចេញពីតំណែងនាយករដ្ឋមន្ត្រី នៅពេលមេបក្សថ្មី ត្រូវបានជ្រើសរើស ខណៈពេលដែល សភា ត្រូវបានបិទសម្រាប់សម័យប្រជុំ មិនមានការពិភាក្សា ឬការបោះឆ្នោតទេ រហូតដល់ថ្ងៃទី២៤ ខែមីនា។
លោក ទ្រូដូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននោះថា ខ្លួនគាត់ជាអ្នកប្រយុទ្ធ ប៉ុន្តែការតស៊ូផ្ទៃក្នុង មាន ន័យថា គាត់មិនអាចក្លាយជាមេដឹកនាំគណបក្សសេរី នៅការបោះឆ្នោតបន្ទាប់បានទេ។ ដូច្នេះការលាលែងពីតំណែង គឺជាឱកាសមួយ ដើម្បីបន្ថយកម្តៅដែលកំពុងកើនឡើង។
លោក ចាស្ទីន ទ្រូដូ ដែលមានអាយុ ៥៣ឆ្នាំ កំពុងប្រឈមនឹងបញ្ហាជាច្រើន ចាប់តាំងពីការគំរាមកំហែងរបស់លោកដូណាល់ ត្រាំ (Donald Trump) អំពីការដំឡើងពន្ធ ចំពោះការលាលែងពីតំណែងរបស់រដ្ឋមន្ត្រី និងសម្ព័ន្ធមិត្តសំខាន់ៗ ហើយការវាយតម្លៃប្រជាប្រិយភាព បានធ្លាក់ចុះយ៉ាងខ្លាំង។ ជាលទ្ធផល លោកត្រូវបានដាក់សម្ពាធពីមនុស្សជាច្រើន សូម្បីតែក្នុងគណបក្សរបស់លោក ក៏ស្នើឲ្យលាលែងពីមុខតំណែង។
លោកចាស្ទីន ទ្រូដូ មានប្រសាសន៍ថា លោកបានសង្ឃឹមថា លោកស្រីគ្រីស្ទីយ៉ា ហ្វ្រីឡែនដ៍ (Chrystia Freeland) អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលបានលាលែងពីតំណែង កាលពីខែធ្នូ ឆ្នាំ២០២៤ នឹងនៅតែស្ថិតក្នុងតំណែង ប៉ុន្តែលោកស្រីបានជ្រើសរើសការលាលែងពីតំណែងរួចទៅហើយ ដោយសារតែលោកស្រីមានការខ្វែងគំនិតជាមួយលោក ចាស្ទីន ទ្រូដូ លើការដោះស្រាយផែនការរបស់លោកដូណាល់ ត្រាំ ក្នុងការបង្កើតជញ្ជាំងពន្ធគយ៕