សហរដ្ឋអាមេរិក ៖ តារាហូលីវូដដ៏ល្បីល្បាញ អ្នកស្រី ប៉ារីស ហ៊ីលតុន (Paris Hilton) បានបាត់បង់ផ្ទះ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃ នៅទីក្រុងឡូសអែនចេឡែស (Los Angeles)។ ចំណែកតារាសម្តែង ប៊ីល្លី គ្រីស្តាល់ (Billy Crystal) ក៏ស្ថិតក្នុងចំណោមតារាល្បីដែលបានបាត់បង់ផ្ទះសម្បែង ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃនេះដែរ ។
ភ្លើងឆេះព្រៃ នៅតំបន់គូសអែនចេឡែស បានបំផ្លាញអគារ ជាង ១០០០ និងបំផ្លាញព្រៃឈើ ទំហំជាង ៤០ ០០០ ហិកតារ ចាប់តាំងពីថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥ ក្នុងនោះខូចខាតភាគច្រើននៅសង្កាត់សានតា ម៉ូនីកា (Santa Monica) ។
តារាសម្តែង ប៊ីល្លី គ្រីស្តាល់ (Billy Crystal) ដែលរងគ្រោះភ្លើងឆេះព្រៃ រាលឆេះផ្ទះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់និងភរិយា ឈ្មោះចានីស (Janice) ខូចចិត្តដោយការបាត់បង់ផ្ទះ កន្លែងដែលពួកគេរស់នៅតាំងពីឆ្នាំ១៩៧៩។
លោកប៊ីល្លី គ្រីស្តាល់ បាននិយាយថា “យើងបានចិញ្ចឹមកូននិងចៅរបស់យើងនៅទីនេះ។ គ្រប់អ៊ីញនៃផ្ទះរបស់យើង គឺពោរពេញទៅដោយសេចក្តីស្រឡាញ់។ អនុស្សាវរីយ៍ដ៏ស្រស់ស្អាតដែលមិនអាចបំភ្លេចបាន។ ពិតណាស់ យើងខូចចិត្ត ប៉ុន្តែដោយក្តីស្រឡាញ់របស់កូនៗ និងកាលលើកទឹកចិត្តពីមិត្តភក្តិរបស់យើង យើងនឹងឆ្លងកាត់បញ្ហានេះបាន»។
ចំណែកតារាចម្រៀងនិងសម្តែងល្បីឈ្មោះ ប៉ារីស ហ៊ីលតុន (Paris Hilton) បាននិយាយថា នាងបានបាត់បង់ផ្ទះនៅតំបន់ម៉ាលីប៊ូ (Malibu) ទីក្រុងឡូសអែនចេឡែស។ នាងបានសរសេរនៅលើ Instagram ថា “អង្គុយជាមួយគ្រួសារ មើលព័ត៌មានតាមទូរទស្សន៍ផ្ទាល់ ហើយបានឃើញផ្ទះរបស់យើងនៅ ម៉ាលីប៊ូ ត្រូវភ្លើងឆេះ។ វាជារឿងដែលគ្មាននរណាម្នាក់គួរឆ្លងកាត់។ ផ្ទះនេះគឺជាកន្លែងដែលយើងបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើន។
គួរបញ្ជាក់ថា ក្រៅពីប៉ារីស ហ៊ីលតុន និងប៊ីល្លី គ្រីស្តាល់ តារាល្បីៗដែលមានផ្ទះនៅទីក្រុងឡូសអែនចេឡែស មានដូចជា ចេន្នីហ្វឺរ អានីស្តុន (Jennifer Aniston), ប៊្រែដលីយ៍ គូភើរ (Bradley Cooper), ថម ហែងស៍ (Tom Hanks), រីស វីថឺរស្ពូន (Reese Witherspoon), អាដាម សែនដ្លឺរ (Adam Sandler) និងម៉ៃឃើល ឃីតុន (Michael Keaton) ។
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ថា អ្នកពន្លត់អគ្គិភ័យនៅទីក្រុងឡូសអែនចេឡែស កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ យ៉ាងហោចណាស់ ៤កន្លែង ដោយបារម្ភពីការខ្វះខាតទឹក ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៥នាក់។
នៅថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥ អគ្គសេនាធិការអគ្គិភ័យនៅទីក្រុងឡូសអែនចេឡែស លោកអេរិក ស្កុត (Eric Scott) បាននិយាយថា ក្រុមនាវិក បានបំពេញធុងទឹកចំនួន ១លានហ្គាឡុង មុនពេលភ្លើងឆេះព្រៃចុងក្រោយនេះបានកើតឡើង។ ប៉ុន្តែភ្លើងឆេះព្រៃខ្លះ កើតឡើងនៅកន្លែងខ្ពស់ និងបន្តរាលដាល ដូច្នេះនាំឲ្យមានការព្រួយបារម្ភថា ទឹក អាចមិនត្រូវបានបំពេញ និងចែកចាយទាន់ពេលវេលា។
លោកអេរិក ស្កុត បាននិយាយថា “តម្រូវការទឹក គឺខ្ពស់ណាស់ ធ្វើឱ្យអត្រានៃការបំពេញទឹកនៅក្នុងធុងទាំងនេះ យឺតពេល នេះបង្កើតបញ្ហាប្រឈមសម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ភ្លើងឆេះព្រៃ”។
លោកស្រីចេនីស ហ្គីញ៉ូនស៍ (Janisse Guignones) ប្រធានគ្រប់គ្រងទឹកនិងថាមពល នៃទីក្រុង ឡូសអែនចេឡែស បាននិយាយថា ប្រព័ន្ធទឹកនៅឡូសអែនចេឡែស ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុង មិនត្រូវបានប្រើក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យទ្រង់ទ្រាយធំដូចនេះទេ។
អ្នកពន្លត់អគ្គិភ័យ កំពុងឆ្លើយតបទៅនឹងអគ្គិភ័យចំនួនបួនតំបន់ គឺនៅតំបន់ប៉ាលីសេដស៍ ( Palisades), អ៊ីតុន (Eaton), វូដលីយ៍ (Woodley) និង ហឺសថ៍ (Hurst) ហើយនៅតែមិនអាចគ្រប់គ្រងភ្លើងបានសូម្បីតែមួយភាគរយ ដោយសារខ្យល់បក់ខ្លាំង ធ្វើឲ្យភ្លើងបានរាលដាលយ៉ាងឆាប់រហ័ស ។
ក្រុមប្រឹក្សាសុវត្ថិភាពអគ្គិភ័យក្នុងតំបន់ឡូសអែនចេឡែស បានប្រកាសថា ភ្លើងឆេះព្រៃនៅប៉ាលីសេដ (Palisades) ជាភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រឡូស អែនចេឡែស ឥឡូវនេះវាបានឆេះជាង ១៥ ០០០ហិកតារ ដែល ១ហិកតារ មានទំហំប្រហែលទីលានបាល់ទាត់អាមេរិក។ វាអាចជាភ្លើងឆេះព្រៃដែលបំផ្លាញធំធេងងបំផុតផងដែរ។ ឥឡូវនេះវាបានបំផ្លាញរចនាសម្ព័ន្ធជាង ១០០០។
អ្នកស្រីហ្គីញ៉ូនស៍ ក៏បាននិយាយដូច្នេះដែរថា ភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនេះ បានធ្វើឲ្យប្រព័ន្ធផ្គត់ផ្គង់ទឹក ដំណើរការខ្លាំងជាងធម្មតា ៤ដង ក្នុងរយៈពេល ១៥ម៉ោង ដែលប៉ះពាល់ដល់សម្ពាធទឹក និងប្រព័ន្ធទឹកភ្លើង។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា មន្ត្រីជំនាញ នៅតែព្យាយាមឲ្យមានទឹកប្រើប្រាស់ ប៉ុន្តែការបំពេញទឹកឲ្យទាន់តម្រូវការ គឺពិបាក។
ចំពោះភ្លើងឆេះព្រៃ នៅតំបន់អ៊ីតុន (Eaton) បានបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងបំផ្លាញផ្ទះចំនួន ១០០ខ្នង ហើយបានរាលដាលដល់ផ្ទៃដីជាង ១០ ០០០ហិកតារ ដែលច្រើនជាងទំហំ ៤ ដង នៃទំហំកាលពីប៉ុន្មានម៉ោងមុន។ ចំណែកភ្លើងឆេះព្រៃ នៅតំបន់ ហឺសថ៍ (Hurst) កំពុងឆេះ អស់ ៧០០ហិកតារ ។ រីឯនៅតំបន់ស៊ីលម៉ារ (Sylmar) ជិតតំបន់ Los Angeles Woodley ដែលជាភ្លើងតូចបំផុត បានកាត់បន្ថយពី ៧៥ហិកតារ មកត្រឹមតែ ៣០ហិកតារ។
ប្រភពដដែល បន្តថា ភ្លើងឆេះព្រៃនៅប៉ាលីសេដស៍ បានបង្ខំឱ្យអាជ្ញាធរបញ្ជាជម្លៀសមនុស្សជាង ៣៧ ០០០នាក់។ ចំពោះនៅតំបន់ស៊ីតុន មន្ត្រីបានចេញបញ្ជាជម្លៀសមនុស្សជាង ៣២ ៥០០នាក់ និងព្រមានមនុស្ស ៣៨ ៦០០នាក់ទៀត ឱ្យជម្លៀសចេញ។
ទន្ទឹមនឹងនេះ ការិយាល័យអគ្គិភ័យ របស់រដ្ឋកាលីហ្វ័រញ៉ា ក៏បានរាយការណ៍អំពោះភ្លើងឆេះព្រៃមួយផ្សេងទៀត នៅតំបន់វេនទូរ៉ា (Ventura) ដែលកំពុងឆេះ ១១ហិកតារ ស្ថិតនៅចម្ងាយប្រហែល ៦២ម៉ៃល៍ (១០៣គីឡូម៉ែត្រ) ភាគខាងលិចនៃទីក្រុងឡូសអែនចេឡែស (Los Angeles) ។
ភ្លើងឆេះព្រៃនេះ ក៏បណ្តាលឱ្យមានបញ្ហាក្នុងការបញ្ជូនថាមពលផងដែរ។ ជាហេតុបណ្តាលឲ្យប្រជាជន ជាង ១,៥លាននាក់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា គ្មានភ្លើងអគ្គិសនីប្រើប្រាស់ ហើយការដាច់ចរន្តអគ្គិសនី បានប៉ះពាល់ដល់មនុស្សជិត ១លាននាក់ ខណៈដែលនៅតំបន់ Orange County មនុស្ស ១៦២ ៤២៨នាក់ បានរងផលប៉ះពាល់៕