អូស្ត្រាលី ៖ យន្តហោះតូចមួយគ្រឿង ដឹកអ្នកទេសចរអឺរ៉ុប បានធ្លាក់ចូលសមុទ្រ នៅឆ្នេរខាងលិចនៃប្រទេសអូស្ត្រាលី បណ្តាលឲ្យមនុស្ស ៣នាក់ បានស្លាប់ ៤នាក់ នៅរស់។
តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ថា យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ចូលក្នុងទឹកសមុទ្រ ហើយបាក់ជាពីរកំណាត់។ យន្តហោះនេះដឹកភ្ញៀវទេសចរជាច្រើននាក់ កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីហោះចេញពីកោះ រ៉ូតនេសថ៍ (Rottnest) ដែលជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញ។
អភិបាលរដ្ឋវេស្ទើនអូស្ត្រាលី (Western Australia) លោក រ៉ូចឺរ ឃុក (Roger Cook) បានបញ្ជាក់ថា មនុស្ស ៣នាក់ បានស្លាប់ និង ៤នាក់ នៅរស់រានមានជីវិត។
អ្នកស្លាប់ទាំង៣នាក់ ទី១-ជាស្ត្រីជនជាតិស្វីស អាយុ៦៥ឆ្នាំ ទី២-ជាបុរសជនជាតិដាណឺម៉ាក អាយុ៦០ឆ្នាំ និងទី៣- អ្នកបើកយន្តហោះក្នុងស្រុក អាយុ៣៤ឆ្នាំ ។ ចំណែកអ្នកនៅរស់រានមានជីវិត ៤នាក់ រួមមាន ១-បុរសជនជាតិស្វីស អាយុ៦៣ឆ្នាំ ២-ស្ត្រីជនជាតិដាណឺម៉ាក អាយុ៥៨ឆ្នាំ ៣-គូស្វាមីភរិយា២នាក់ ជនជាតិអូស្ត្រាលី វ័យ ៦០ឆ្នាំ។
លោករ៉ូចឺរ ឃុក បានធ្វើសន្និសីទកាសែត និយាយថា សោកនាដកម្មនេះ បានកើតឡើងនៅចំពោះមុខអ្នកទេស ចរជាច្រើន រួមទាំងគ្រួសារដែលមានកូន មកចំណាយពេលរដូវក្ដៅ នៅលើកោះ។
មានសេចក្តីរាយការណ៍ដំបូងថា យន្តហោះនេះ ប្រហែលជាបានបុកជាមួយថ្មដែលដុះចេញពីសមុទ្រ អំឡុងពេលហោះហើរ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់នៅឡើយទេ។ មន្ត្រីជំនាញកំពុងប្រញាប់ស្រាវជ្រាវរកមូលហេតុបន្ថែមទៀត។
គួរបញ្ជាក់ថា កោះ Rottnest ស្ថិតនៅចម្ងាយ ១.៥ម៉ៃល៍ ពីទីក្រុងភើត (Perth) នៅភាគខាងលិចប្រទេសអូស្ត្រាលី ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ៕