ស្ត្រាសបួរ (បារាំង) ៖ មន្ត្រីបារាំង បានឲ្យដឹងថា មានអ្នកដំណើររងរបួស ៦៨នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវដែក រថភ្លើងបុកគ្នា កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងស្ត្រាសបួរ (Strasbourg) ប្រទេសបារាំង ហើយមន្ត្រីជំនាញកំពុងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា មន្ត្រីបារាំង បាននិយាយនៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ថា រថភ្លើងពីរគ្រឿង បានបុកគ្នា នៅស្ថានីយកណ្តាលទីក្រុងស្ត្រាសបួរ ( Strasbourg) កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ បណ្តាលឲ្យមនុស្ស ៦៨នាក់ រងរបួស។
អ្នកនាំពាក្យរដ្ឋបាលក្រុងស្ត្រាសបួរ (Strasbourg) បាននិយាយថា អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ហើយបញ្ជាក់ថា មិនមានអ្នកស្លាប់ទេ ។
សាក្សីម្នាក់ ឈ្មោះចូហាន (Johan) បានប្រាប់ AFP ថា គាត់បានឃើញរថភ្លើងបើកបរក្នុងល្បឿនលឿន មុនពេលឮសំឡេងបុកយ៉ាងខ្លាំង។
លោក រ៉ឺនេ សឺលីយើរ (René Cellier) ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងសង្គ្រោះ ខេត្តបាស-រីន (Bas-Rhin) បាននិយាយថា មានអ្នករបួសជាច្រើន តែមិនប៉ះពាល់ដល់អាយុជីវិតទេ នៅក្នុងឧបទ្ទវហេតុនេះ។ ពួកគេខ្លះមានរបួសក្បាល បាក់ឆ្អឹងក និងដាច់សរសៃជង្គង់ ខណៈពេលដែលមានអ្នកដំណើរប្រហែល ១០០នាក់ ដែលមិនរងរបួស។

លោកសឺលីយើរ បាននិយាយថា រថយន្តជាង ៥០គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ១៣០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីដោះស្រាយស្ថានការណ៍។
លោក អេម៉ានុយអែល អូណូ (Emmanuel Ono) នាយក CTS ដែលទទួលខុសត្រូវលើការដឹកជញ្ជូនសាធារ ណៈក្នុងទីក្រុងស្ត្រាសបួរ (Strasbourg) បាននិយាយថា អ្នកបើកបររថភ្លើងទាំងពីរគ្រឿង មិនមានរបួសទេ ប៉ុន្តែស្ថិតក្នុងស្ថានភាពនៃការតក់ស្លុតយ៉ាងខ្លាំង៕