តូក្យូ (ជប៉ុន) ៖ ក្មេងប្រុសជំទង់ម្នាក់ នៅក្នុងប្រទេសជប៉ុន បានធ្លាក់ពីលើយ៉ខាងក្រៅ ជាន់ទី១០ នៃអគារផារកូ (Parco) ក្នុងសង្កាត់ស៊ីប៊ូយ៉ា (Shibuya) នៃទីក្រុងតូក្យូបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ហើយបានបង្កឲ្យបុរសម្នាក់ទៀតដែលដើរកាត់កន្លែងកើតហេតុ បានរងរបួស។
តាមប្រភព japantoday បានរាយការណ៍នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ថា ករណីក្មេងប្រុសជំទង់ នៅប្រ ទេសជប៉ុន ធ្លាក់ពីលើជាន់ទី១០ នៃអគារមួយ ក្នុងខណ្ឌស៊ីប៊ូយ៉ា នៃទីក្រុងតូក្យូ កាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ បណ្តាលឲ្យស្លាប់ខ្លួនឯង និងបណ្តាលឱ្យមនុស្សម្នាក់ដែលដើរកាត់ខាងក្រោមកន្លែងកើត ហេតុ រងរបួស ។
ប៉ូលិស បាននិយាយថា តាមការស៊ើបអង្កេតបឋម បង្ហាញថា ក្មេងប្រុសរូបនោះ បានលោតពីយ៉ខាងក្រៅ នៅជាន់ទី១០ នៃអគារ Parco បណ្តាលឲ្យស្លាប់។ ចំណែកអ្នករងរបួស ជាបុរសវ័យ ៥០ឆ្នាំ កំពុងដើរលេងជាមួយប្រពន្ធ ត្រូវក្មេងប្រុសធ្លាក់ប៉ះ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ទាំងក្មេងជំទង់ និងបុរសរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែក្មេងប្រុសដែលមានអាយុចន្លោះពី១៧ ទៅ១៨ឆ្នាំ ត្រូវបានប្រកាសថាស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ចំណែកបុរសដែលរងរបួសនោះ មិនគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។
បច្ចុប្បន្នប៉ូលិសជប៉ុន កំពុងស៊ើបអង្កេតបន្ត ដើម្បីស្វែងរកការពិតនៃហេតុការណ៍ក្មេងធ្លាក់ពីលើអគារខាងលើនេះបន្ថែមទៀត៕