បាងកក (ថៃ) ៖ តាមប្រភពបណ្តាញព័ត៌មានអនឡាញថៃ ថៃរ៉ាត់ បានផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ថា តុលាការព្រហ្មទណ្ឌ នៃប្រទេសថៃ បានអនុម័តដីកាចាប់ខ្លួនជនជាតិខ្មែរម្នាក់ ឈ្មោះ លី រតនៈរស្មី ឬ ស៊ុមវ៉ាំង បំរុងគិត ភេទប្រុស អាយុ ៤៣ឆ្នាំ ពាក់ព័ន្ធក្នុងសំណុំរឿងបាញ់សម្លាប់លោកលិម គិមយ៉ា អតីតសមាជិកសភាគណបក្សប្រឆាំងកម្ពុជា (អតីតគណបក្សសង្គ្រោះជាតិ) ក្រោមការចោទប្រកាន់ចំនួន ៣បទល្មើស ។

ក្រោយពេលសមត្ថកិច្ចនគរបាលថៃ ឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើង ឈ្មោះឯកលក្ខណ៍ ផែណយ ហៅចាអេម អាយុ៤១ឆ្នាំ អតីតមន្ត្រីកងទ័ពជើងទឹក ក្នុងសំណុំរឿងបាញ់សម្លាប់លោកលិម គិមយ៉ា បណ្តាលឲ្យស្លាប់នៅក្បែរវត្តបួរនិវេទវិហារ ក្នុងសង្កាត់បាងឡាំភូ ខណ្ឌព្រះនគរ ទីក្រុងបាងកក បន្ទាប់ពីរត់គេចខ្លួនទៅខេត្តបាត់ ដំបង ប្រទេសកម្ពុជា ហើយនាំខ្លួនមកកាត់ទោស និងត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារពិសេស ក្រុងបាងកក រួចមក លោកឧត្តមសេនីយ៍ទោ សះយ៉ាម ប៊ុនស៊ុម ស្នងការនគរបាលក្នុងបាងកក បានបង្ហើបថា ករណីនេះកំពុងស្ថិតក្នុងដំណើរការពង្រីកការស៊ើបអង្កេត និងចំណាត់ការបន្ត។

ប្រភពដដែល បន្តថា ជាវឌ្ឍនភាព នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមស៊ើបអង្កេតនៅ ករណីបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពង្រីកលទ្ធផលបន្ថែមទៀត។ លុះមកដល់ល្ងាចថ្ងៃដដែល សមត្ថកិច្ចបាននាំយកឯកសារ រួមនិងវត្ថុតាងដែលប្រមូលបាន បញ្ជូនទៅតុលាការព្រហ្មទណ្ឌ ស្នើសុំការអនុម័តដីកាចាប់ខ្លួនជនសង្ស័យ ឈ្មោះលី រតនៈរស្មី ឬឈ្មោះនៅប្រទេសថៃ គឺលោក ស៊ុមវ៉ាំង បំរុងគិត អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវបានចោទប្រកាន់ ចំនួន៣បទល្មើស រួមមាន ១-ប្រើអ្នកផ្សេងឲ្យប្រព្រឹត្តបទល្មើស សមគំនិតសម្លាប់អ្នកដទៃដោយគិតទុកជាមុន ដោយការបង្ខំ ការគំរាមកំហែង ការជួល ឬការញុះញង់ ឬតាមមធ្យោបាយផ្សេងទៀត ។ ២-ការយកអាវុធចូលទៅក្នុងក្រុង ភូមិ ឬផ្លូវសាធារណៈ ដោយគ្មានហេតុផលសមរម្យ។ ៣-ការបាញ់កាំភ្លើងប្រើប្រាស់គ្រឿងផ្ទុះដោយគ្មានហេតុផលនៅក្នុងក្រុង៕
