Saturday, January 18, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានឃុំ.../ខ្លួន បន្ទាប់ពីត្រូវចា---/ប់ខ្លួន សួរចម្លើយ ១០ម៉ោង

ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានឃុំ…/ខ្លួន បន្ទាប់ពីត្រូវចា—/ប់ខ្លួន សួរចម្លើយ ១០ម៉ោង

កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកយុន សឹកយឹល ត្រូវបាននាំខ្លួនទៅឃុំខ្លួននៅពន្ធនាគារទីក្រុងសេអ៊ូល ក្រោយពីត្រូវបានឃាត់ខ្លួនសួរចម្លើយ រយៈពេល១០ម៉ោង កាលពីថ្ងៃទី១៥ ខែមករា ឆ្នា២០២៥ ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ រាយការណ៍នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកយុន សឹកយឹល (Yoon Seok-yeol) ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលកែប្រែក្រុងសេអ៊ូល នៅយប់ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានសាកសួរអស់រយៈពេលជាង ១០ម៉ោង នៅការិយាល័យស៊ើប អង្កេតអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់ (CIO) ជិតទីក្រុងក្វាឆឹន (Gwacheon) ។

យោងតាម CIO ការសួរចម្លើយលោកយុន សឹកយឹល  បានបញ្ចប់នៅម៉ោង ៩:៤០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅពេលដែលលោកយុន សឹកយឹល បដិសេធឆ្លើយសំណួរអំពីការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់គាត់នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

លោកយុន សឹកយឹល បានក្លាយជាប្រធានាធិបតីដំបូងរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។ ក្រុមអ្នកស៊ើបអង្កេត បានឃុំខ្លួនគាត់នៅឯវិមានប្រធានាធិបតី នៅកណ្តាលទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃពុធ ទី១៥ ខែ មករា ឆ្នាំ២០២៥ បន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួនលើកដំបូងកាលពីដើមខែមករា នេះមិនបានជោគជ័យ ដោយសារ តែកម្លាំងសន្តិសុខរបស់ប្រធានាធិបតី រារាំងគាត់មិនឱ្យចូល។

ការសួរចម្លើយលោកយុន សឹកយឹល ធ្វើឡើងនៅក្នុងបន្ទប់សួរចម្លើយ នៅទីស្នាក់ការកណ្តាល CIO ដឹកនាំដោយលោក លី ចែស៊ុង (Lee Jae-sung) អនុប្រធាន CIO ដោយមានមេធាវីម្នាក់ ក្នុងចំណោមមេធាវីរបស់លោក យុន សឹកយឹល ផងដែរ។ ប៉ុន្តែគ្មានវីដេអូត្រូវបានថតពីការសួរចម្លើយនោះទេ ព្រោះខាងលោក យុន សឹកយឹល ជំទាស់។

ការប្រកាសច្បាប់អាជ្ញាសឹក របស់លោក យុន សឹកយឹល  ជាលទ្ធផលគាត់ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែង  បណ្តាលឱ្យគាត់ត្រូវបានព្យួរពីកាតព្វកិច្ច ខណៈរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ ហើយគាត់ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ និងរំលោភអំណាច រហូតដល់មានដីកាចាប់ខ្លួនផងដែរ។

បន្ទាប់ពីលោក យុន សឹកយឹល ត្រូវបានចាប់ខ្លួន ក្រុមរបស់លោក ក៏បានចេញសារវីដេអូដែលបានថតទុកជាមុន បញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង បានព្យាយាមការពារការសម្រេចចិត្តរបស់គាត់ ក្នុងការប្រកាសច្បាប់អា ជ្ញាសឹក ដើម្បីព្រមានគណបក្សប្រជាធិបតេយ្យ ដែលជាក្រុមប្រឆាំងដ៏សំខាន់ ដែលលោក យុន សឹកយឹល ចោទរំលោភអំណាចនីតិប្បញ្ញត្តិ ប៉ុន្តែដោយសារតែគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង ទទួលបានសំឡេងភាគច្រើននៅក្នុងសភា និងរារាំងការអនុម័តច្បាប់របស់រដ្ឋាភិបាលលោក យុន សឹកយឹល និងព្យាយាមបង្ខំរដ្ឋាភិបាលកាត់ បន្ថយការចំណាយថវិកាជាតិ មុននឹងលោក យុន សឹកយឹល ប្រកាសប្រើច្បាប់អាជ្ញាសឹក។

លោកយុន សឹកយឹល ក៏បានបដិសេធចំពោះភាពស្របច្បាប់នៃការស៊ើបអង្កេតរបស់ CIO ដោយលោកបញ្ជាក់ថា “ទោះបីជានេះគឺជាការស៊ើបអង្កេតខុសច្បាប់ក៏ដោយ ប៉ុន្តែខ្ញុំបានសម្រេចចិត្តទៅ CIO ដើម្បីបញ្ចៀសការបង្ហូរឈាម»។

លោកសឹក ដុងយុន (Seok Dong-hyun) មេធាវីនិងជាមិត្តជិតស្និទ្ធរបស់យុន សឹកយឹល បាននិយាយថា លោកប្រធានាធិបតី គ្រោងនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការធម្មនុញ្ញ ដើម្បីការពារសំណុំរឿងចោទប្រកាន់របស់គាត់ ៕

RELATED ARTICLES